គម្រោងផ្លូវរថភ្លើងលើអាកាស ឬហៅថា Metro លើកដំបូងរបស់វៀតណាមនេះ ត្រូវបានគេដឹងថា ទទួលបានកម្ចីសរុបសម្រាប់យកមកធ្វើការសាងសង់ជិត ៦៧០ លានដុល្លារអាមេរិក ហើយរដ្ឋាភិបាលវៀតណាម ក៏បានសងបំណុលបានប្រមាណ ១៧,១ លានដុល្លារអាមេរិកដែរ នៃចំនួនបំណុលសរុប។ នេះបើតាមការអះអាងរបស់ក្រសួងដឹកជញ្ជូនវៀតណាម។
ដោយសារតែផ្លូវរថភ្លើងលើអាកាសនេះ មិនទាន់បានចាប់ផ្ដើមដំណើរការប្រតិបត្តិការពាណិជ្ជកម្ម ក្រសួងដឹកជញ្ជូនវៀតណាមនាពេលថ្មីៗនេះ ត្រូវទទួលខុសត្រូវក្នុងការសងបំណុល។
បើទោះបីជា សំណង់នៃគម្រោងនេះត្រូវបានសាងសង់បញ្ចប់រួចរាល់ទៅហើយក្ដី ប៉ុន្ដែ កាលបរិច្ឆេទក្នុងការបើកប្រតិបត្តិការពាណិជ្ជកម្មផ្លូវរថភ្លើងលើអាកាសនេះ នៅតែមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ ដោយសារតែ មានអ្នកជំនាញជនជាតិចិនជាង ១០០ នាក់ ដែលធ្វើការក្នុងគម្រោងនេះ មិនទាន់អាចត្រឡប់មកពីប្រទេសចិន ចូលទៅប្រទេសវៀតណាមវិញបានឡើយទេ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនរួច ព្រោះតែមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា។
សូមបញ្ជាក់ថា ការងារសាងសង់គម្រោងផ្លូវរថភ្លើងនេះ បានចាប់ផ្ដើមឡើងកាលពីឆ្នាំ២០១១ ហើយធ្លាប់ត្រូវបានកំណត់ថា នឹងរួចរាល់នៅឆ្នាំ២០១៣ ប៉ុន្ដែ ដោយសារតែ មានបញ្ហាប្រាក់កម្ចីជាមួយចិន ដែលក្រោយមកបានដោះស្រាយរួចនៅចុងឆ្នាំឆ្នាំ២០១៧ ហើយមានបញ្ហាផ្សេងៗទៀត ធ្វើឲ្យគម្រោងនេះបានជាប់គាំងអស់ជាច្រើនឆ្នាំ។
ដើមឡើយការចំណាយលើគម្រោងរថភ្លើងលើអាកាសនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានប្រមាណជាង ៥៥២ លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្ដែ ការចំណាយបានបន្ដប៉ោងឡើងដល់ទៅ ៨៦៨ លានដុល្លារអាមេរិក៕