របាយការណ៍របស់អ្នកផ្តល់ទិន្នន័យពាណិជ្ជកម្មអេឡិចត្រូនិក Metric បានបង្ហាញថា ការលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិករបស់ហាងសំខាន់ៗចំនួន៥ រួមមាន Shopee, TikTok Shop, Lazada, Tiki និង Sendo មានការកើនឡើងប្រមាណ៣៨% នៅក្នុងរយៈពេល៩ខែឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឡើងដល់ជិត៩ពាន់លានដុល្លារអាម៉េរិក។
តាមរយៈតួលេខនេះបានបង្ហាញឱ្យឃើញថា ពលរដ្ឋវៀតណាម បានចំណាយថវិកាប្រមាណ១ពាន់លានដុល្លារអាម៉េរិកក្នុង១ខែ លើការទិញទំនិញតាមប្រព័ន្ធអេឡិចត្រូនិក។ បច្ចុប្បន្នវៀតណាម ជាទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏ធំមួយនៅលើពិភពលោក ដោយសារកំណើនប្រជាជនច្រើន និងមានយុវជនចេះបច្ចេកវិទ្យាច្រើន។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Metric ផលិតផលរបស់ហាងលក់ទំនិញសំខាន់ខាងលើមានតម្លៃជាមធ្យមក្រោម៧ដុល្លារ ពោលគឺទាបជាងពាក់កណ្ដាលនៃការលក់តាមអនឡាញផ្សេងទៀត។ ការណ៍នេះបានឆ្លុះបញ្ចាំងពីការទាក់ទាញយ៉ាងខ្លាំងនូវផលិតផលដែលមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ចំពេលកំពុងបន្តមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។
ក្រុមហ៊ុន Metric រំពឹងថា ការលក់ទំនិញតាមអនឡាញរបស់ហាងលក់ទំនិញទាំង៥ខាងលើនឹងសម្រេចបានប្រមាណជាង៣ពាន់លានដុល្លារនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ជាមួយការលក់ទំនិញសំខាន់ៗរួមមាន គ្រឿងកែសម្ផស្ស សម្លៀកបំពាក់ និងបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងផ្ទះ៕
អត្ថបទ៖ សុខ មង្គល