តាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២១ របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើង ៤,០% នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេសកម្ពុជា។
ក្នុងនោះ ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថា នឹងមានកំណើនខ្ពស់ ដោយកើនឡើងជាង៧% ក្នុងឆ្នាំ២០២១ និងបន្ដកំណើន៧% នៅឆ្នាំ២០២២។ ដោយសារតែការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ។ វិស័យកសិកម្ម ក៏ត្រូវបានរំពឹងនឹងកើនឡើង១,៣%ដែរនៅឆ្នាំ២០២១ និងបន្ដកំណើន១,២% នៅឆ្នាំ២០២២។ កំណើនវិស័យកសិកម្មកើនខ្ពស់ជាងមុន ដោយសារតែមានការគាំទ្រពីផលិតកម្មខ្ពស់ជាងមុន និងមានការនាំចេញកើនឡើង ពិសេសទៅកាន់ទីផ្សារចិនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
ជាមួយគ្នានេះ វិស័យសេវកម្ម ក៏រំពឹងថានឹងមានការងើបឡើងវិញបន្ដិចម្ដងៗ ប៉ុន្ដែក្នុងនោះធនាគារអភិវឌ្ឍអាស៊ី ក៏បានមើលឃើញថា ការរឹតបន្ដឹងការធ្វើដំណើរ នឹងបន្ដស្ទើរតែពេញមួយឆ្នាំ២០២១ ដែលមានន័យថាវិស័យទេសចរណ៍ នឹងមិនរួមចំណែកចំពោះកំណើននៅក្នុងវិស័យសេវកម្មឡើយនៅឆ្នាំនេះ។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ADB លោកស្រី ស៊ុននីយ៉ា ឌូរ៉ានី ចាម៉ល Sunniya Durrani-Jamal បានមានប្រសាសន៍ ថា “សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជាសកល នៃជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង ហើយយើងរំពឹង ថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញក្នុងឆ្នាំ ២០២១។ កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូល គ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ ដូច្នេះវា ចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែម ឱ្យបានដិត ដល់។”
ជុំវិញនឹងការព្យាករសេដ្ឋកិច្ចកម្ពុជានេះដែរ លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា បើតាមការយល់ឃើញរបស់លោក ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជារបស់ ADB ថានឹងកើនឡើង៤%នៅឆ្នាំ២០២១នោះ មិនបានឆ្លុះបញ្ជាំងពីស្ថានភាពបច្ចុប្បន្នដែលកំពុងកើតឡើងក្នុងរយៈពេល៣ខែចុងក្រោយនៅកម្ពុជានោះទេ។ លោកបន្ថែមថា តាមតួលេខដែល ADB បានយកមកធ្វើការវិភាគនិងព្យាករនេះ គឺបានរៀបចំមុនយូរហើយ ពោលគឺតាំងពីឆ្នាំ២០២០ម្ល៉េះ ដោយមិនបានយកតួលេខថ្មីៗពិសេសនៅពីរទៅ ៣ខែចុងក្រោយ ដើម្បីមកវិភាគព្យាករនោះទេ។
លោក ច័ន្ទ សុផល បានបន្ថែម ដោយធ្វើការប៉ាន់ស្មានយោងទៅលើស្ថានការណ៍ជាក់ស្តែង ពិសេសក្នុង៣ខែចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១ នឹងមិនមានកំណើនគួរកត់សម្គាល់ទេ បើធៀបនឹងឆ្នាំ២០២០ ដោយហេតុថា កូវីដ-១៩ ក្នុងពេលបច្ចុប្បន្នបានបង្កផលប៉ះពាល់ខ្លាំងដល់វិស័យសេវាកម្ម ហើយថែមទាំងឈានទៅប៉ះពាល់ដល់វិស័យឧស្សាហកម្មផងដែរ។
ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ប្រាប់ ខេមបូណូមីសថា លោកយល់ស្របនឹងការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជារបស់ ADB ដោយសារតែកន្លងមក ក្រុមហ៊ុនមួយចំនួនបន្តមកវិនិយោគនៅកម្ពុជា ចំណែកឯការនាំចេញរបស់កម្ពុជារក្សាបានលំនឹងដដែល។ ដោយឡែក ការគ្រប់គ្រង់ម៉ាក្រេសេដ្ឋកិច្ចបស់កម្ពុជាមានសន្ទុះល្អ។
អ្នកជំនាញរូបនេះអះអាងទៀតថា វិធានការណ៍បិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅមានរយៈពេលខ្លីបើធៀបនឹងប្រទេសជិតខាង ដែលប្រការនេះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋពិតមែន ក៏ប៉ុន្តែ មិនបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាជារួមនោះទេ។
យ៉ាងណាក៏ដោយចុះ ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានបង្ហាញគូសបញ្ជាក់ថា បើសិនជាការបិទខ្ទប់ដែលបង្កឡើងដោយកូវីដ-១៩នៅបន្តរយៈពេលយូរជាងនេះ នោះមិនត្រឹមតែជីវភាពរបស់ពលរដ្ឋនោះទេដែលរងផលប៉ះពាល់ សូម្បីតែសេដ្ឋកិច្ចកម្ពុជាទាំងមូលក៏នឹងរង្គោះរង្គើរដូចគ្នាដែរ។ ហេតុនេះហើយការព្យាករណ៍ណាក៏ដោយ ចង់ឬមិនចង់វានឹងមានការប្រែប្រួលជាក់ជាមិនខានឡើយ។
សូមបញ្ជាក់ថា រដ្ឋាភិបាលភិបាលកម្ពុជាទើបបានសម្រេចបន្តវិធានការណ៍បិទខ្ទប់តំបន់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ថែមរយៈពេល ៧ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី២៩មេសា រហូតដល់៥ឧសភាឆ្នាំ២០២១ ប៉ុន្តែ បានបន្ថូរបន្ថយការរិតបណ្តឹងខ្លះៗ ផ្អែកទៅតាមការបែងចែកជាតំបន់៣ប្រភេទផ្សេងគ្នាដូចជា តំបន់ក្រហម តំណាងឲ្យតំបន់មានហានិភ័យឆ្លងខ្ពស់ តំបន់លៀងទុំមានហានិភ័យឆ្លងមធ្យម និងតំបន់លឿងមានហានិភ័យឆ្លងទាប៕