កូវីដ១៩នៅឥណ្ឌា

ហេតុផល​ចម្បងៗ ដែល​រុញ​ច្រាន​ឥណ្ឌា​ឲ្យ​ផុង​ខ្លួន​អន្តរាយ​ដោយសារ​កូវីដ​-១៩​ស្ទើរ​ងើប​លែង​រួច


ប្រទេសឥណ្ឌា កំពុងលិចលង់កាន់តែជ្រៅទៅៗហើយ នៅក្នុងវិបត្តិមេរោគកូវីដ-១៩ ខណៈដែលចំនួនអ្នកឆ្លងកូវីដថ្មីនៅតែបន្ដកើនខ្ពស់ដដែល តួយ៉ាងតួលេខដែលបង្ហាញកាលពីថ្ងៃអាទិត្យម្សិលមិញនេះ មានដល់ទៅប្រមាណជិត ៤០ម៉ឺននាក់ ហើយនេះជាចំនួនកំណត់ត្រាថ្មីមួយទៀត សម្រាប់ឥណ្ឌា ស្របពេលដែលចំនួនអ្នកស្លាប់បានហក់ឡើងដល់ជាង ៣.៥០០នាក់ក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកជំងឺកូវីដ១៩នៅឥណ្ឌាកំពុងទទួលបានការព្យាបាលពីគ្រូពេទ្យ - Xinhua
ដោយ

ឥណ្ឌា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ថ្មី ក្នុង​ចំនួន​រាប់​សិប​ម៉ឺន​នាក់​បែប​នេះ អស់​រយៈពេល​ប្រមាណ ១០​ថ្ងៃ​ជាប់​ៗ​គ្នា​មក​ហើយ ដែល​ប្រការ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​ឥណ្ឌា​កើនឡើង​ដល់ ១៩​លាន​នាក់ និង មាន​អ្នក​ស្លាប់​សរុប​ដល់​ទៅ​ជាង ២១​ម៉ឺន​នាក់​។ រដ្ឋ អំណាច​ដែនដី​របស់​ឥណ្ឌា​បាន​ដាក់​ចេញ​នូវ​ទម្រង់​នៃ​វិធានការ​រឹតត្បិត បើ​ទោះបីជា​រដ្ឋាភិបាល​កណ្ដាល​របស់​ប្រទេស​ឥណ្ឌា​ហាក់​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ដាក់​វិធានការ​បិទ​ខ្ទប់​ទូ​ទាំង​ប្រទេស​ទាំងមូល​ក៏​ដោយ​។

ឥណ្ឌា​ជា​ប្រទេស​អ្នក​ផលិត​វ៉ាក់សាំង កូ​វី​ដ​-១៩ ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ការ​ចាក់​វ៉ាក់សាំង​នៅ​តាម​រដ្ឋ​ខ្លះ​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ហាក់​មិន​មាន​សញ្ញា​ល្អ និង​ដំណើរការ​ទៅរ​លួ​ន​នោះ​ទេ ដោយសារ​តែ​តាម​មណ្ឌល​ចាក់​វ៉ាក់សាំង​នីមួយ​ៗ​មិន​មាន​វ៉ាក់សាំង​ចាក់​គ្រប់គ្រាន់ និង​ជា​ពិសេស​មិន​មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ឲ្យ​មនុស្ស​ពេញវ័យ ដូច​ទៅ​នឹង​ផែនការ​ដែល​បាន​គ្រោងទុក​។

ការ​កើនឡើង​នៃ​ការ​ឆ្លង​កូ​វី​ដ​១៩ បាន​បង្ក​ឲ្យ​មាន​ចំនួន​ដ៏​ច្រើន​លើស​លុបនៃ​អ្នកជំងឺ​នៅ​តាម​មន្ទីរពេទ្យ កន្លែង​បញ្ចុះសព និង​កន្លែង​បូជាសព​។ កុំ​ថា​ឡើយ​តែ បំពង់​អុកស៊ីហ្សែន និង​បរិក្ខារ​ពេទ្យ​នានា ដែល​កំពុង​ខ្វះខាត សូ​ម្បី​តែ​អុស​សម្រាប់​បូជាសព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​នៅ​ឥណ្ឌា​ក៏​កំពុង​ខ្វះខាត​ផង​ដែរ​។

តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​បណ្តាល​ឲ្យ​ឥណ្ឌា​ធ្លាក់​ក្នុង​មហន្ដរាយ​យ៉ាង​ដូច្នេះ?

ស្ថានភាព​នៃ​ការ​រីក​រាតត្បាត​ជំងឺ​កូ​វី​ដ កាន់តែ​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ​ដោយសារ​តែ​ការ​គ្រប់គ្រង​មិន​បាន​ល្អ ការ​មើល​ស្រាល​របស់​រដ្ឋាភិបាល​ឥណ្ឌា​ទៅ​លើ​ជំងឺ​កូ​វី​ដ​-១៩​។

នៅ​ដើមខែ កុម្ភៈ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី បាន​ប្រកាស​ក្តែ​ង​ៗ​ថា ប្រទេស​ឥណ្ឌា​បាន​យកឈ្នះ​លើ​ជំងឺ​កូ​វី​ដ​-១៩​ដោយ​ជោគជ័យ​ហើយ ដោយសារ​តែ​កាលនោះ ករណី​ឆ្លង​ថ្មី​មាន​ត្រឹមតែ ៩​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​។ នៅ​ចំពោះ​មុខ​ពលរដ្ឋ​ឥណ្ឌា លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី បាន​លើក​សរសើរ​ខ្លួន​ទៀត​ថា លោក ជា​អ្នក​ស្រោចស្រង់​ប្រទេស​ឥណ្ឌា ហើយ​បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ក្លាយជា​ប្រទេស​ផលិត​វ៉ាក់សាំង​ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ថែម​ទៀត​ផង​។ ដោយសារ​តែ​មូលហេតុ​ទាំងនេះ​ហើយ ទើប​រដ្ឋាភិបាល​លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី ចាប់ផ្តើម​ឈ​ប់រិត​បន្ដឹង​វិធានការ​សុវត្ថិភាព​ដូច​មុន​ទៀត​។

រដ្ឋាភិបាល​ក៏​បាន​អនុញ្ញាត ឲ្យ​មាន​ពិធីបុណ្យ​សាសនា ហិណ្ឌូ​ដ៏​ធំ​ដែល​មាន​មនុស្ស​ចូលរួម​រាប់​លាន​នាក់ និង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដូច​ធម្មតា​។ ធ្លាក់​ក្នុង​ស្ថានភាព​កូ​វី​ដ​-១៩ ធ្ងន់ធ្ងរ​បែប​នេះ​ទៅ​ហើយ ឥណ្ឌា​នៅ​តែ​បន្ត​រៀបចំ​ការ​បោះ​ឆ្នោត​ប្រចាំ​រដ្ឋ​ទៀត ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​គេ​បារម្ភ​ថា អាច​ជា​កត្តា​ជំរុញ ឲ្យ​មានការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៅ​ប្រទេស​នេះ​។

ក្រៅពី​នោះ គេ​សង្កេត​ឃើញ ថា​នៅ​ក្នុង​ពិធីបុណ្យ​សាសនា ហិណ្ឌូ ក៏​ដូច​ជា​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​មនុស្ស​រាប់​សែន​នាក់​រាប់​លាន​នាក់​បាន​ចូលរួម ដោយ​ពុំ​មាន​រក្សា​គម្លាត និង​ពាក់​ម៉ាស​ការពារ​អ្វី​នោះ​ទេ​។ គេ​វាយតម្លៃ​ថា​ការ​ជួបជុំ​មនុស្ស​ដ៏​កកកុញ ក្នុង​ពិធីបុណ្យ​នៅ​ទន្លេ​គង្គារ និង នៅ​តាម​ភូមិ​ស្រុក បូក​រួមការ​ប្រមូលផ្តុំ​ធ្វើ​កិច្ចប្រជុំ​ឃោសនា របស់​គណបក្ស​នយោបាយ គឺជា​កត្តា​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ចំនួន​ឆ្លង​កូ​វី​ដ​-១៩​បាន​ហក់​ឡើង​ខ្លាំង​ដូចនេះ​។

បន្ថែម​ពីលើ​ការ​មើល​ស្រាល​ស្ថានការណ៍ រដ្ឋាភិបាល​ឥណ្ឌា​មិន​បាន​យកចិត្តទុកដាក់​នឹង​ការ​ព្រមាន​របស់​អ្នក​វិទ្យាសាស្ត្រ​នោះ​ទេ

កាលពីដើម​ខែមីនា​កន្លង​ទៅ ភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឲ្យ​ផ្សាយ​ថា អ្នកជំនាញ​វិទ្យាសាស្ត្រ​មួយ​ក្រុម បាន​ព្រមាន​អំពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ដែល​អាច​បំប្លែង​ខ្លួន​ទ្វេ​ដង និង​មានការ​ឆ្លង​សាហាវ​ជាង​មេរោគ​ចាស់ កំពុង​ចាប់ផ្ដើម​កើត​មាននៅ​ឥណ្ឌា​។

អ្នក​វិទ្យាសាស្ត្រ​ទាំង​៥​នាក់​បាន​ប្រាប់​ទីភ្នាក់ងារ Reuters ទៀត​ថា ទោះបី​មានការ​ព្រមាន​បែប​នេះ​ក្ដី រដ្ឋាភិបាល​កណ្ដាល​ឥណ្ឌា​បាន​ធ្វើ​ព្រងើយកន្តើយ​មិន​ព្រម​ចាត់វិធានការ​ភ្លាម​ៗ​នោះ​ទេ  ដោយ​អនុញ្ញាត​ឲ្យ​ប្រជាជន​រាប់​សែន​រាប់​លាន​នាក់​មក​ជួបជុំ​គ្នា ក្នុង​ពិធី​សាសនា​ដោយ​មិន​ពាក់​ម៉ាស់ កសិករ​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា ការ​ជួប​ប្រជុំ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត ជាដើម​។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​មាន​ប្រទេស​ចំនួន​១៩​ហើយ ដែល​ចុង​ក្រោយ គឺ​វៀតណាម និង បារាំង ដែល​ធ្វើតេស្ត​រក​ឃើញ​មាន​ករណី​មេរោគ​កូ​វី​ដ បំប្លែង​ខ្លួន​ថ្មី​មក​ពី​ឥណ្ឌា​នេះ​។ ដោយឡែក មាន​ប្រទេស​ជា​ច្រើន​មក​ពី​ជុំវិញ​ពិភពលោក ក៏​បាន​ផ្តើម​បិទ​ជើងហោះហើរ​ជាមួយ​ឥណ្ឌា​ផង​ដែរ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន​ថ្មី​ដ៏​កាច​សាហាវ​នេះ​។ ក្នុង​នោះ គេ​សង្កេត​ឃើញ​ថា​អូស្ត្រាលី​បាន​ចេញ​វិធានការ​ក្តៅ​ជាងគេ ដោយ​បាន​កំណត់​ទោសទណ្ឌ​រហូត​ដល់​ជាប់​ពន្ធនាគារ សម្រាប់​ជនជាតិ​អូស្ត្រាលី​ណា ដែល​ហ៊ាន​លួច​ចេញពី​ឥណ្ឌា​ត្រឡប់​មក​អូស្ត្រាលី​វិញ​ក្នុង​ពេល​នេះ​៕

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ចអឺរ៉ុបដាំក្បាលចុះខណៈដែលសេដ្ឋកិច្ចចិននិងអាមេរិកកើនឡើងខ្លាំង

សេដ្ឋកិច្ចនៅក្នុងតំបន់អឺរ៉ុប ជាពិសេសនៅតំបន់ដែលប្រើប្រាស់លុយអឺរ៉ូតែម្តង បានបង្ហាញពីការដាំក្បាលចុះ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ស្របពេលដែលសេ…

ការស្ដីបន្ទោសលើរដ្ឋាភិបាលកើតមានកាន់តែខ្លាំងចំពេលស្ថានភាពកូវីដ-១៩នៅថៃបន្ដរាលដាល

ថៃ និងកម្ពុជាកំពុងបន្ដប្រយុទ្ធប្រឆាំងនឹងការផ្ទុះរីករាលដាលឆ្លងនៃកូវីដ-១៩កាន់តែខ្លាំងក្លា ខណៈដែលចំនួនអ្នកឆ្លង និង អ្នកស្លាប់ កំពុងបន្ដកើនឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ