ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន លោក អារ៉េសស្តូវិច បានធ្វើការវាយតម្លៃពីសង្គ្រាមរវាងរស្ស៊ី និង អ៊ុយក្រែន ថា ពេលវេលាបញ្ចប់សង្គ្រាមច្បាស់លាស់តែម្តងគឺអាស្រ័យទៅលើធនធាន ដែលវិមានក្រឹមឡាំងបានប្តេជ្ញាចិត្តយកមកប្រើប្រាស់ក្នុងប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែនពេលនេះ។ លោកអារ៉េសស្តូវិច បាននិយាយថា វានឹងមិនលើសពីខែឧសភាឆ្នាំនេះនោះទេ ភាគីទាំងពីរគួរតែមានកិច្ចព្រមព្រៀងសន្តិភាពមួយឆាប់ៗ ដើម្បីឈានទៅរកបទឈប់បាញ់ ឬអាចបញ្ចប់សង្គ្រាមតែម្តង។
យ៉ាងណាមិញ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនរូបនេះបានកត់សម្គាល់ឃើញថា បើទោះបីជាសង្គ្រាមត្រូវបញ្ចប់មែនក៏ដោយចុះ ក៏ការប៉ះទង្គិចគ្នាលក្ខណៈយុទ្ធសាស្ត្រតូចតាច រប៉េះរប៉ោះ អាចនៅតែបន្តកើតមានពេញមួយឆ្នាំនេះតែម្តង ហើយទោះបីជាអ៊ុយក្រែនទទូចឲ្យមានការដកកងទ័ពរុស្ស៊ីទាំងស្រុងចេញពីទឹកដីរបស់ខ្លួនក៏ដោយ ក៏រុស្ស៊ីនឹងមិនដកចេញទាំងអស់ដោយងាយៗនោះទេ។
សូមជម្រាបដែរថា ទោះបីជា ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញការវាយតម្លៃចំពោះការឈានទៅបិទបញ្ចប់សង្គ្រាមឆាប់ៗនេះក្តី ប៉ុន្តែធាតុពិតជាក់ស្តែង ការចរចាស្វែងរកសន្តិភាពរវាងទីក្រុងកៀវ និងទីក្រុងមូស្គូ រហូតមកដល់ពេលនេះ គឺថាបានផ្តល់លទ្ធផលតិចតួចបំផុត ក្រៅតែពីការព្រមព្រៀងគ្នា ដើម្បីបើកច្រករបៀងមនុស្សធម៌សម្រាប់ជម្លៀសជនភៀសខ្លួន ចេញពីទីក្រុងដែលត្រូវឡោមព័ទ្ធ។
ទន្ទឹមនេះ ការចរចាជុំទី៤ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញថ្ងៃចន្ទម្សិលមិញនេះ ក៏នៅតែមិនបានផ្តល់ផ្លែផ្កាជាដុំកំភួនដដែល។ មិនផ្តល់ផ្លែផ្កាក៏ដោយសារតែ រុស្ស៊ីមិនបានយល់ស្របតាមការចង់បានរបស់អ៊ុយក្រែនឡើយ។ ទីក្រុងកៀវនៅតែចង់បានបទឈប់បាញ់មួយដែលមានប្រសិទ្ធភាពនៅទូទាំងប្រទេស ជាជាងបទឈប់បាញ់តាមតំបន់តូចៗ ក្នុងរយៈពេលខ្លី ដើម្បីឲ្យប្រជាជានបានភៀសខ្លួនចេញ។ និយាយជារួម អ៊ុយក្រែន ចង់ស្វែងរកការធានាសន្តិសុខ សម្រាប់ប្រទេសរបស់ខ្លួន។ យ៉ាងណាក៏ដោយចុះ ភាគីទាំងពីរត្រូវជួបពិភាក្សាម្តងទៀតនៅថ្ងៃអង្គារទី ១៥ មីនានេះ។
យើងងាកមើលរុស្ស៊ីនៅតែបន្តការវាយប្រហារអ៊ុយក្រែនមិនដកដៃទេពេលនេះ!
គិតត្រឹមថ្ងៃទី ១៥នេះ គឺជាថ្ងៃទី២០ នៃសង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែនហើយ ខណៈរុស្ស៊ីនៅតែបន្តទម្លាក់គ្រាប់បែក និងបាញ់ផ្លោងមីស៊ីលមកលើអ៊ុយក្រែនដដែល។ សមត្ថភាពកងទ័ពអាកាសរបស់រុស្ស៊ី គឺខ្លាំងក្លាជាងកងទ័ពអ៊ុយក្រែនរាប់សិបដង ហេតុនេះហើយ នៅទូទាំងប្រទេសអ៊ុយក្រែន ពីខាងលិចទៅកើត ពីជើងទៅត្បូង គឺនឹងអាចរងការវាយប្រហាររបស់រុស្ស៊ីបានគ្រប់ពេលវេលា។ ជាក់ស្តែង រុស្ស៊ីបានបាញ់ផ្លោងដល់ភាគខាងលិចទឹកដីអ៊ុយក្រែន ក្បែរព្រំដែនប៉ូឡូញទៅទៀត នេះជាលើកទីមួយហើយដែលរុស្ស៊ីហ៊ានវាយប្រហារចូលជ្រៅបែបនេះ។
នៅចំពោះមុខការគំរាមកំហែងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានដាក់លិខិតទៅកាន់សភាអ៊ុយក្រែន ដើម្បីស្នើសុំឱ្យអូសបន្លាយការអនុវត្តច្បាប់អាជ្ញាសឹក នៅក្នុងប្រទេសសម្រាប់រយៈពេល៣០ថ្ងៃទៀត រាប់ចាប់ពីថ្ងៃទី២៤មីនាតទៅ។
សូមជម្រាបថា រដ្ឋធានីកៀវកំពុងត្រូវបានកងទ័ពរុស្ស៊ីឡោមព័ទ្ធ ព្យាយាមវាយដណ្តើមកាន់កាប់ ។ មកទល់ពេលនេះ ទីក្រុងសំខាន់ៗរបស់អ៊ុយក្រែនផ្សេងទៀត បានរងការខូចខាតយ៉ាងដំណំ មនុស្សជាច្រើននាក់បានស្លាប់និងរបួស ខណៈពលរដ្ឋជិត៣លាននាក់ហើយ ត្រូវរត់ភៀសខ្លួនទៅកាន់ប្រទេសដទៃ។
ដោយឡែក ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក នៅសប្ដាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំណាតូ ឯទៀត ពាក់ព័ន្ធនឹងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ជំនួបដោយផ្ទាល់រវាងថ្នាក់ដឹកនាំកំពូលណាតូនេះ រំពឹងថា អាចផ្តល់ការគាំទ្របន្ថែមសម្រាប់អ៊ុយក្រែន ដើម្បីទប់ទល់នឹងរុស្ស៊ី៕