អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Meta ប្រមូលផ្តុំសិល្បករក្នុងស្រុកដាក់ដំណើរការយុទ្ធនាការលើកកម្ពស់ឯកជនភាព និងសុវត្ថិភាពអនឡាញ


ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook កំពុងដាក់ដំណើរការព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃដែលមិនធ្លាប់មានរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយនាំមករួមគ្នានូវសិល្បករ វិចិត្រករគំនូរ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឯកជនភាពតាមរយៈគេហទំព័រ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” https://yourhome.fb.com/cambodia/។
Your Profile, Your Home

ព្រឹត្តិការណ៍​​​ដែល​ចាប់​ផ្តើម​នៅថ្ងៃសុក្រ​ ទី១០ ខែមិថុនា និង​បញ្ចប់​នៅថ្ងៃអាទិត្យ ទី​១២ ខែ​មិថុនា នៅ​ Factory Phnom Penh ដែលមាន​អាសយដ្ឋាន​នៅ​អគារ​លេខ​ ១១៥៩ ផ្លូវ​ជាតិ​លេខ​២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នឹង​មាន​ការ​ចូលរួម​ពី​វិចិត្រករ​​ដែលមានទេព្យកោសល្យ​ក្នុងស្រុក​ ២រូបគឺ FONKI និង កេត មុន្នីរ័ក្ស ដែល​នឹង​ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​ដ៏​អស្ចារ្យ​របស់​​​ពួកគាត់​​ដូច​ដែល​មាន​បង្ហាញ​ក្នុង​គេហទំព័រ “ប្រូហ្វាល​របស់អ្នក ផ្ទះរបស់អ្នក” https://yourhome.fb.com/cambodia/

ព្រឹត្តិការណ៍​នេះ​ក៏​នឹង​មានការ​ចូលរួម​ផងដែរ​ពី​អ្នក​បង្កើតមាតិកា​លើបណ្តាញ​សង្គម​មួយចំនួន​ដែល​មាន​អ្នក​តាមដាន​ (Follower) ច្រើន​​ក្នុងប្រទេសកម្ពុជា​ ដែល​នឹង​ជួយ​ផ្សព្វផ្សាយ​​សារ​​ឯកជន​ភាព​អនឡាញនេះ។

គេហទំព័រ​នេះ​អនុញ្ញាត​ឱ្យ​អ្នក​ទស្សនា​ជ្រើស​រើស​ចំណង់​ចំណូល​ចិត្ត​ឯកជនភាព​របស់​ពួកគេ​តាម​រយៈ​ការ​រចនា​អន្តរ​ទំនាក់ទំនង ​​(interactive design)។ ជម្រើស​ឯកជន​ភាព​មាន​ភាព​ខុស​​គ្នា​​​រាប់ចាប់ពី “ឯកជនខ្លាំង” រហូត​ដល់ “បើកចំហរ​ខ្លាំង” (សៀវភៅ​​បើកចំហរ)។ អ្នក​ចូល​មើល​​គេហទំព័រ​ក៏​អាច​ស្វែងយល់​អំពី​ប្រភេទ​ផ្សាយ​ពាណិជ្ជកម្ម និង​ការ​កំណត់ (Settings) ផងដែរ​ដើម្បី​ជួយ​ពួកគេ​​ធ្វើឱ្យ​ប្រូហ្វាលរបស់ខ្លួន​​មាន​​លក្ខណៈ​​ឯកជន​តាម​ដែល​ពួកគេ​ចង់​បាន។ នៅ​ពេល​ដែល​អ្នក​ចូល​មើល​គេហទំព័រ​បាន​ធ្វើ​ការ​ជ្រើស​រើស​ជម្រើស​របស់ខ្លួន​ហើយ ​បញ្ជី​ត្រួត​ពិនិត្យ​សុវត្ថិភាព​មួយ​ត្រូវ​បាន​​បង្ហាញ​ឱ្យ​ពួក​គេ​​​ឃើញ ដើម្បី​រំឭក​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ការ ដើម្បី​រក្សា​សុវត្ថិភាព​នៅ​លើ​អ៊ីនធឺណិត។

អ្នកនាង Arianne T. Jimenez ប្រធាន​ផ្នែក​គ្រប់គ្រង​ឯកជនភាព និង​គោលនយោបាយ​សាធារណៈ​របស់​ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ី​ប៉ាស៊ីហ្វិក មាន​ប្រសាសន៍ថា៖ « ការ​ធានា​​ឯកជនភាព​របស់​មនុស្ស​គឺ​សំខាន់ណាស់​សម្រាប់​អាជីវកម្ម និង​ផលិតផល​របស់​យើង។ ការ​ការពារ​ឯកជន​ភាព​របស់​មនុស្ស​គឺ​ជា​ចំណុច​សំខាន់​នៃចក្ខុវិស័យ​របស់​ក្រុមហ៊ុន Meta ក្នុង​ពេល​អនាគត។ យើង​កំពុង​ដាក់​​ដំណើរ​ការ​យុទ្ធនាការ “ប្រូហ្វាល​របស់អ្នក ផ្ទះរបស់អ្នក” នេះជាមួយ​ព្រឹត្តិការ​ណ៍​ផ្ទាល់​នៅភ្នំពេញ ដើម្បីជួយ​ប្រជាពលរដ្ឋកម្ពុជា​ឱ្យ​ស្វែង​យល់​អំពី​ឧបករណ៍ឯកជនភាពផ្សេងៗដែលមាននៅលើភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដូចជា Facebook ជាដើម។ តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា ពលរដ្ឋកម្ពុជារាប់លាននាក់ដែលប្រើ Facebook នឹងយល់កាន់តែច្បាស់អំពីមុខងារឯកជនភាពទាំងនេះដែលពួកគេអាចរកបាន ដែលអាចជួយរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាព»។

វិចិត្រករ​​​ក្នុង​ស្រុក​​នឹង​បង្ហាញ​ការ​បក​ស្រាយ​របស់​ពួកគេ​ដែល​តំណាង​ឱ្យ​កម្រិត​ផ្សេងៗ​គ្នា​នៃ​ឯកជន​ភាពនៃប្រូហ្វាល Facebook ដែល​កម្រិត​ឯកជនភាព​នេះ​មានចាប់​​ពី “ឯកជនខ្លាំង​” រហូតដល់ “សាធារណៈ​ខ្លាំង”។ អ្នកទស្សនា​ក៏​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​សកម្មភាព​ជា​ច្រើន ដូចជា​ការ​ថតរូប​កម្សាន្ត (Photobooth) ដ៏រីករាយ លេង​ហ្គេម​ទំនាក់ទំនង និងឆ្លើយ​​សំណួរ និងការ​​ទទួលបាន​អំណោយ​​​ពី​​ក្រុមហ៊ុន​ Meta ជា​ដើម។

លោក ហេង ភក្តី ប្រធាន​​គ្រប់គ្រង​ផ្នែក​គោលនយោបាយ​សាធារណៈ Facebook ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា៖ «ក្នុង​នាម​ជា​អ្នក​តំណាង​នៅ​កម្ពុជា​​របស់​ក្រុមហ៊ុន Meta ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​នាំយក​យុទ្ធនាការ​ដ៏​មាន​អត្ថន័យ​នេះ​មក​កម្ពុជា​និង​ធ្វើការ​ជាមួយ​វិចិត្រករ​ក្នុង​ស្រុក ដើម្បី​ផ្សព្វផ្សាយ​សារ​អំពី​​ឯកជនភាព។ ដោយ​ក្រុមហ៊ុន Meta នៅ​ទីនេះ​ក្នុង​ប្រទេស​កម្ពុជា​ទទួលបាន​ការ​និយម​ប្រើប្រាស់ច្រើន យើង​ចង់​​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាជន​កម្ពុជា​ក្នុង​​ការ​ជ្រើសរើស​កម្រិត​ឯកជនភាព និង​សុវត្ថិភាព​ផ្ទាល់​​របស់​ពួកគេ»។

​ព្រឹត្តិការណ៍​ “ប្រូហ្វាល​របស់អ្នក ផ្ទះរបស់អ្នក” ​នឹងបើក​ចំហរ​ស្វាគមន៍​សាធារណជន​ចាប់​ពី​ម៉ោង ១រសៀល​ថ្ងៃសុក្រ ទី១០ ខែមិថុនាតទៅ។ នៅថ្ងៃ​សៅរ៍ ទី១១ ខែ​មិថុនា និងថ្ងៃ​អាទិត្យ ទី១២ ខែមិថុនា ការ​តាំង​ពិព័រណ៍​នឹង​ចាប់ផ្តើម​បើកដំណើរការ​​​ចាប់​ពីម៉ោង ៩​ព្រឹក​ដល់ម៉ោង ៦​ល្ងាច។ វិចិត្រករ​នឹង​មាន​វត្តមាន​ចាប់ពី​ម៉ោង ១០​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់​ និង​ចាប់ពីម៉ោង ២​រសៀល​ដល់ម៉ោង ៥ល្ងាចនោះថ្ងៃនោះ។

កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចូល​រួម​ព្រឹត្តិការណ៍​ជា​សាធារណៈ​លើក​ដំបូងមិន​ធ្លាប់​មាន​​របស់​ក្រុមហ៊ុន Meta នៅ​​កម្ពុជា ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ឯកជនភាព​អនឡាញ របៀប​ភ្ជាប់​ទំនាក់​ទំនង​ប្រកប​ដោយ​សុវត្ថិភាព​ជា​មួយ​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​របស់​អ្នក ជួប​ជា​មួយវិចិត្រករ​​​ និង​អ្នកបង្កើតមាតិកាលើ​បណ្តាញសង្គមផ្សេងទៀត រីក​រាយ​​ជា​​មួយ​​សកម្មភាព​សប្បាយៗ និង​ឈ្នះ​រង្វាន់​ផ្សេងៗ។

ការ​តាំងពិព័រណ៍​​និង​សកម្មភាព​ទាំង​អស់នេះ​ចូលរួម​ដោយមិន​គិត​ថ្លៃ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត សូម​ចូល​ទៅ​កាន់​គេហទំព័រសម្រាប់​កម្ពុជា​របស់​ក្រុមហ៊ុន Meta តាមរយៈ https://www.facebook.com/MetaCambodia និង​ចូលទៅ​កាន់​គេហទំព័រ https://yourhome.fb.com/cambodia/ ដើម្បី​បង្កើត​ផ្ទះ​និម្មិត​ផ្ទាល់របស់អ្នក។

អំពី​វិចិត្រករ៖

វិចិត្រករ​គំនូរ​តាម​ដង​ផ្លូវ​ដ៏​ឆ្នើម FONKI បាន​ទទួល​ជោគជ័យក្នុង​អាជីព​ជា​វិចិត្រករ​គំនូរនៅ​លើ​ឆាក​អន្តរជាតិ​មុន​ពេល​មក​ដល់​ប្រទេស​កម្ពុជា។ FONKI កើត​នៅ​ប្រទេស​បារាំង​ដែលមាន​​​ឪពុក​ម្តាយ​ជាជនជាតិ​ខ្មែរ។ សិល្បៈ​របស់​លោកគឺជា​​​គំនូរ​បែប​​​ប្រពៃណី​ខ្មែរ។

កេត មុន្នីរ័ក្ស បានទាក់ទាញ​ឱ្យ​មាន​ការ​​​តាម​ដាន (followering) នៅ​លើ Instagram ដោយសារ​​​ស្នើដៃ​ការងារ​រចនា​របស់​គាត់​សម្រាប់​ម៉ាក​យីហោ និងស្ថាប័នល្បីៗ​មួយ​ចំនួន​នៅ​ក្នុង​​ប្រទេស។ មុន្នីរ័ក្ស និង FONKI នឹង​បង្ហាញ​ចំណាប់​អារម្មណ៍​សិល្បៈ​របស់​ពួកគាត់​ ដើម្បី​​ពន្យល់​បង្ហាញ​ពី​ “ប្រូហ្វាល​​របស់​អ្នក ផ្ទះ​របស់​អ្នក”៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន AdColony៖ ឱកាសផ្សាយពាណិជ្ជកម្មទៅកាន់អ្នកលេងហ្គេមលើឧបករណ៍ចល័ត

អ្នកទីផ្សារនៅកម្ពុជាគួរតែផ្តោតលើការលេងហ្គេមលើឧបករណ៍ចល័ត ដើម្បីពង្រីកវិសាលភាពម៉ាកយីហោរបស់ពួកគេ។ នេះបើយោងតាមការឱ្យដឹងពីក្រុមហ៊ុន Httpoo…

CDC បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៨០មានទុនវិនិយោគសរុប២,៨ពាន់លានដុល្លារនៅ៥ខែ ឆ្នាំនេះ

នៅរយៈពេល ៥ខែ ដំបូងឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៨០គម្រោង ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ