លោក ហ្សេឡេនស្គី ក៏បានឆ្លៀតហៅប្រទេសលោកខាងលិចថា កំសាក ដែលអស់ពេល១ខែមកហើយ មិនអាចផ្តល់សព្វាវុធសំខាន់ៗទាំងនេះ មកឲ្យអ៊ុយក្រែនបាន។
ប្រធានាធិបតីអ៊ុយក្រែន បានធ្វើការអង្វរកម្តងហើយម្តងទៀត សម្រាប់យន្តហោះចម្បាំង និងរថក្រោះ ដើម្បីជួយការពារប្រទេសអ៊ុយក្រែនពីការឈ្លានពានរបស់កងទ័ពរុស្ស៊ី។ រុស្ស៊ី ដែលឥឡូវនេះ កំពុងបង្ហាញយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ដោយផ្តោតសំខាន់លើការកាន់កាប់តំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។ ប្រការនេះកំពុងធ្វើឲ្យភាគីអ៊ុយក្រែនបារម្ភថា រុស្ស៊ី កំពុងព្យាយាមឲ្យមានភាពបែកបាក់អ៊ុយក្រែនជាពីរប្រទេសផ្សេងគ្នា។
លោក ហ្សេឡិនស្គី បានគូសបញ្ជាក់ថា ប្រទេសលោកខាងលិច មិនមានសេចក្តីក្លាហានសូម្បីតែ១% បើធៀបនឹងកងទ័ពដែលកំពុងប្រយុទ្ធដ៏អង់អាចនៅក្រុងម៉ារីយូប៉ូលនៃប្រទេសអ៊ុយក្រែន។ លោកហ្សេលេនស្គីបាននិយាយដូច្នេះថា៖ ខ្ញុំបានទំនាក់ទំនងជានិច្ចជាមួយពួកគេនៅម៉ារីយូប៉ូល ហើយការតាំងចិត្ត គំរូវីរភាព និងភាពរឹងមាំរបស់ពួកគេគឺគួរឱ្យភ្ញាក់ផ្អើលមែនទែន។ ប្រទេសលោកខាងលិច ចំណាយពេល ៣១ថ្ងៃទៅហើយ អំពីការប្រគល់យន្តហោះចម្បាំង និងរថក្រោះរាប់សិបគ្រឿងបន្ថែមមកអ៊ុយក្រែន បើធៀបគ្នាទៅ លោកខាងលិច មានភាពក្លាហានត្រឹមតែ ១%ប៉ុណ្ណោះ នៃភាពក្លាហានរបស់កងទ័ពអ៊ុយក្រែននៅម៉ារីយ៉ូប៉ូល។
ហេតុអ្វីអ៊ុយក្រែនចង់បានយន្តហោះចម្បាំងខ្លាំងម្ល៉េះ?
សង្គ្រាមដែលអូសបន្លាយជាងមួយខែមកហើយនេះ ភាគីរុស្ស៊ីមិនទាន់វាយយកបានក្រុងសំខាន់ណាមួយនោះទេ ខណៈកងទ័ពរុស្ស៊ីខ្លះមិនអាចរុលទៅមុខបាន នៅជាប់គាំង និងខ្លះថែមទាំងត្រូវទ័ពអ៊ុយក្រែន វាយឲ្យដកថយថែមទៀត។
ទោះមិនសូវជាមានប្រៀបនៅលើការប្រយុទ្ធផ្ទាល់ដី តែរុស្ស៊ីមានប្រៀបខ្លាំងណាស់នៅការប្រយុទ្ធលើអាកាស ជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងកាំភ្លើងធំ។
អ៊ុយក្រែននិយាយថា ដើម្បីកម្ចាត់រុស្ស៊ីបាន លុះត្រាតែលោកខាងលិចផ្តល់យន្តហោះចម្បាំង បន្ថែម មិនមែនផ្តល់ឲ្យត្រឹមតែមីស៊ីល និងឧបករណ៍យោធាផ្សេងទៀតនោះទេ។ ការអះអាងបែបនេះ ស្របពេលដែលសំណើផ្ទេរយន្តហោះពីប៉ូឡូញ ទៅកាន់អ៊ុយក្រែន តាមរយៈសហរដ្ឋអាមេរិក ត្រូវបានលុបចោលវិញ ដោយសារមានការព្រួយបារម្ភថា វាអាចអូសទាញឲ្យអង្គការណាតូ ចូលរួមប្រយុទ្ធដោយផ្ទាល់ជាមួយរុស្ស៊ី និងបង្កជាសង្គ្រាមរីករាលដាលកាន់តែធំនៅអឺរ៉ុប។
ភ្លើងសង្គ្រាមនៅតែបន្តឆាបឆេះ ខណៈការចរចាក៏នៅបន្តធ្វើដូចគ្នា
ប្រធានាធិបតីហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថា តាមវីដេអូរបស់គាត់ទៅកាន់ប្រជាជនអ៊ុយក្រែនកាលពីថ្ងៃអាទិត្យថា ការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនគ្រោងនឹងធ្វើឡើងជាថ្មីទៀត នៅប្រទេសតួកគីក្នុងសប្តាហ៍នេះហើយ។ កិច្ចពិភាក្សាដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុល រដ្ឋធានីរបស់តួគី រដ្ឋាភិបាលអ៊ុយក្រែនគ្រោងនឹងផ្តល់អាទិភាពដល់ប្រធានបទ បូរណភាពទឹកដី របស់អ៊ុយក្រែនតែម្តង។ បើតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី TASS កិច្ចចរចា ទល់មុខគ្នាលើកទី៤នេះ នឹងរៀបចំឡើងពីថ្ងៃទី២៩ ដល់៣០ខែ មីនា។
សូមជម្រាបថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ រុស្ស៊ីហាក់បង្កើនការវាយប្រហារលើទីតាំងយុទ្ធសាស្ត្រសំខាន់ៗរបស់អ៊ុយក្រែន ច្រើនមែនទែន ដូចជា ទីតាំងស្តុកគ្រាប់ គ្រឿងសព្វាវុធ មីស៊ីលការពារដែនអាកាស និងឃ្លាំងស្តុកប្រេងជាដើម។
ជាក់ស្តែង រុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានប្រើកាំជ្រួច ដើម្បីបាញ់ទៅលើឃ្លាំងផ្ទុកឥន្ធនៈ និង ឃ្លាំងស្តុកកាំជ្រួចការពារដែនអាកាសមួយកន្លែងក្នុងទីក្រុង ល្វីវ ជិតព្រំដែនប៉ូឡូញ។ កាលពីយប់ថ្ងៃអាទិត្យ ការវាយប្រហារដោយគ្រាប់រ៉ុកកែតបានវាយប្រហារមូលដ្ឋានប្រេងមួយទៀតនៅតំបន់ វ៉ូលីន (Volyn) ភាគពាយ័ព្យនៃប្រទេសអ៊ុយក្រែន៕