ជាការវិវត្តន៍ថ្មីទៀត ធនាគារ អេស៊ីលីដា បានប្រកាសឲ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ថា ធនាគារនឹងដាក់ឲ្យដំណើរការនូវទីតាំង«សេវាកម្មធនាគារស្វ័យប្រវត្តិ» (Banking Self-Service) ឲ្យបានដល់ ៥០ទីតាំង នៅទូទាំងប្រទេស ជាពិសេស នៅតាមតំបន់ទីប្រជុំជន ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់អតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាម អេស៊ីលីដាម៉ូបាល ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «ធនាគារ អេស៊ីលីដា ឈានមុខមុនគេក្នុងការបំពាក់ម៉ាស៊ីនទំនើប និងបច្ចេកវិទ្យាចុងក្រោយ នៅកម្ពុជា ដោយបង្កើតនូវភាពលេចធ្លោនិងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមាន ម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូដែលមានការចរាចរក្រដាសប្រាក់ច្រើនប្រភេទ ។»
លោកស្រីនាយិកាបានបន្ថែមថា ៖ «អត្ថប្រយោជន៍ គឺការធានាបាននូវសេចក្តីត្រូវការរបស់អតិថិជន ក្នុងការប្រើប្រាស់សាច់ប្រាក់ទៅតាមពេលវេលាដែលគាត់ត្រូវការ មិនថាពេលណា ឬកន្លែងណាទេ គឺងាកឃើញៗគ្រប់កន្លែង បើហួសមួយកន្លែង ដល់មួយកន្លែងទៀត ដោយមិនចាំបាច់ត្រឡប់ក្រោយឡើយ ។ អេស៊ីលីដា មានមោទនភាពដែលមានឱកាសក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន, សាធារណជន គ្រប់ជាតិសាសន៍ ប្រកបដោយកាយវាចារចិត្តស្មោះស្ម័គ្រ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត ។»
នៅថ្ងៃទី១៨ ខែមីនា នេះផងដែរ ទីតាំងសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) របស់ធនាគារ អេស៊ីលីដា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅស្រុកវាលវែង ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ ៥៥ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ។ ជាមួយនឹងទីតាំងសេវាកម្មធនាគារស្វ័យប្រវត្តិនេះ អ្នកទេសចរដែលទៅលេងក៏ដូចជាអ្នកស្រុកដែលរស់នៅក្នុងតំបន់ទេសចរណ៍វាលវែង ខេត្តពោធិ៍សាត់នេះ លែងបារម្ភអំពីសេវាកម្មធនាគារទៀតហើយ ។ ពីនេះតទៅ អតិថិជននៅតំបន់វាលវែងនេះ អាចធ្វើសេវាកម្មធនាគារដោយខ្លួនឯងបាន ២៤ម៉ោងលើ២៤ម៉ោង តាមតម្រូវការ ដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ជាដើម ។
គួរកត់សម្គាល់ថា កាលពីដើមឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា បានធ្វើទំនើបកម្មនិងអភិវឌ្ឍ អេស៊ីលីដាម៉ូបាល របស់ខ្លួន កាន់តែទំនើប មានមុខងារច្រើនសម្បូរបែប និងកាន់តែងាយស្រួលប្រើ និងបានសម្រេចលុបចោលកម្រៃសេវាប្រើប្រាស់ អេស៊ីលីដាម៉ូបាល ។ ធនាគារបានឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលរបស់ខ្លួន បានកើនឡើងយ៉ាងគំហុក បន្ទាប់ពីការអភិវឌ្ឍថ្មីកាន់តែទំនើប និងការលុបចោលកម្រៃសេវានេះ ៕