ឆ្លើយតបទៅនឹងចំណាប់អារម្មណ៍របស់ វិនិយោគិនសក្តានុពល ថាតើ ធនាគារអេស៊ីលីដា កំណត់ការលក់ភាគហ៊ុន យ៉ាងដូចម្តេច សម្រាប់សាធារណជន? លោកស្រី ម៉ារ អមរា បានបញ្ជាក់ថា ការលក់ភាគហ៊ុនរបស់អេស៊ីលីដានៅក្នុងដំណាក់កាលប៊ុកបៀលឌីង គឺកំណត់ចាប់ពី ១០០ហ៊ុនឡើងទៅ ក្នុងចន្លោះថ្លៃ ១៥.០០០រៀល ដល់ ១៧.៤០០រៀល ដោយមិនទាន់កំណត់ចំនួនអតិបរមានោះទេ ហើយនៅក្នុងដំណាក់កាលបរិវិសកម្ម វិនិយោគិន អាចទិញចាប់ពី ១ហ៊ុនឡើងទៅ ក្នុងតម្លៃដែលបានសម្រេចក្នុងដំណាក់កាលប៊ុកបៀលឌីង ក៏ប៉ុន្តែ ចំពោះការទិញភាគហ៊ុនចាប់ពី ១ពាន់ហ៊ុនឡើងទៅ អាចនឹងឆ្លងការត្រួតពិនិត្យបន្ថែមពី គណៈកម្មការពិសេស ដោយមូលហេតុ អេស៊ីលីដា មានបំណងលក់ជូនដល់ វិនិយោគិន ជាឯកត្តជន ឲ្យបានកាន់តែច្រើននាក់។
ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាលើកដំបូងបង្អស់របស់ ធនាគារអេស៊ីលីដា ជាការបើកទំព័រថ្មី ក្នុងការឈានជើងចូលទីផ្សារហ៊ុនកម្ពុជា ដើម្បីទទួលភាគហ៊ុនិកជាតិ និងអន្តរជាតិ។
លោកស្រី ម៉ារ អមរា បន្តថា ការបោះផ្សាយលក់ ភាគហ៊ុនថ្មីប្រមាណជាង ៨,៧ លានហ៊ុននេះ គឺមានស្មើនឹងប្រមាណតែ ២% ប៉ុណ្ណោះ នៃភាគហ៊ុនសរុបរបស់ធនាគារអេស៊ីលីដា ឬស្មើមានតម្លៃស្មើនឹងប្រមាណ ៣២លានដុល្លារអាមេរិក។ ធនាគារអេស៊ីលីដា នឹងចាប់ផ្តើមដំណើរការប៊ុកបៀលឌីងជាផ្លូវការ ចាប់ពីថ្ងៃទី ៣ ដល់ទី ១៤ ខែមីនា ដើម្បីកំណត់ថ្លៃភាគហ៊ុន ក្នុងចន្លោះពី ១៥.០០០រៀល និង ១៧.៤០០រៀល។
ក្រោយបញ្ចប់ដំណើរការប៊ុកបៀលឌីង ដើម្បីកំណត់តម្លៃភាគហ៊ុនរួចមក វិយោគិនសក្តានុពល និងសាធារណជន អាចចូលរួមក្នុងដំណាក់កាល បរិវិសកម្ម ដើម្បីទិញភាគហ៊ុនរបស់ធនាគារអេស៊ីលីដា ដែលចាប់ផ្តើមពីថ្ងៃទី ២៣ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២០ យ៉ាងណាក៏ដោយ កាលបរិច្ឆេទនៃកម្មវិធីអាចនឹងការប្រែប្រួល។
ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា វត្តមានរបស់ ធនាគារអេស៊ីលីដា នៅលើផ្សារភាគហ៊ុនកម្ពុជា មិនត្រឹមតែធ្វើឲ្យកក្រើកទីផ្សារភាគហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាជាបើកឱកាសឲ្យវិនិយោគិនថ្មីៗជាច្រើន អាចចាប់ផ្តើមស្វែងយល់កាន់តែច្បាស់ពី ការជួញដូរនៅក្នុងផ្សារហ៊ុន ដែលជាមូលដ្ឋានគ្រឹះល្អបំផុត សម្រាប់ឱកាសនៃការស្វែងរកផលចំណេញ ពីទីផ្សារភាគហ៊ុន នាពេលអនាគត។
សូមបញ្ជាក់ដែរថា ដើម្បីចូលរួម ដំណាក់កាលប៊ុកបៀលឌីង និងដំណាក់កាលបរិវិសកម្មរបស់ធនាគារអេស៊ីលីដា វិនិយោគិន ត្រូវមានអត្តសញ្ញាណវិនិយោគិន ឬហៅថា Investor ID និងគណនីជួញដូរ Trading Account ជាមួយក្រុមហ៊ុនណាមួយ ដែលទទួលបានអាជ្ញាបណ្ណពី គណៈកម្មការមូលបត្រកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី៖
លោកស្រី ប៊ុត ប៊ុនសីហា
មុខងារ : អនុប្រធាននាយកប្រតិបត្ដិ
និងជាគណៈប្រធាននាយិកាប្រតិបត្ដិនីតិកម្ម និងលេខាធិការក្រុមហ៊ុន ( មន្ត្រីទទួលបន្ទុកផ្តល់ព័ត៌មាន)
ទូរស័ព្ទ : ០១៥ ៦០០ ៥៣២
អ៊ីម៉ែល : [email protected]
លោកស្រី ម៉ារ អមរា
មុខងារ : អនុប្រធាននាយកប្រតិបត្ដិ
និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ (មន្ត្រីទំនាក់ទំងសាធារណៈ)
ទូរស័ព្ទ : ០១៥ ៩០០ ១២៦
អ៊ីម៉ែល : [email protected]