ប្រទេសចិនបានដាក់ពង្រាយកម្លាំងទ័ពអាកាសទ្រង់ទ្រាយធំរយៈពេល ៤ ថ្ងៃជាប់ៗគ្នាចូលទៅក្នុងតំបន់ការពារនៃដែនអាកាសរបស់កោះតៃវ៉ាន់ចាប់តាំងនៅថ្ងៃទី ១ ខែតុលាដែលត្រូវបានទីក្រុងតៃប៉ិចាត់ទុកថា នេះជាការបង្កើនការយាយីផ្នែកយោធាដែលធ្វើឡើងដោយទីក្រុងប៉េកាំង។
ទន្ទឹមនេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំង លោក ម៉ា ស៊ាវក្វាង (Ma Xiaoguang) អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន បាននិយាយថា មូលហេតុនៃភាពតានតឹងនាពេលបច្ចុប្បន្ននេះ គឺជាការឆ្លើយតបទៅនឹងការឃុបឃិតរបស់គណបក្សប្រជាធិបតេយ្យជឿនលឿនតៃវ៉ាន់ ហៅកាត់ថា (DPP) ជាមួយកម្លាំងបរទេស និងការបង្កហេតុជុំវិញការព្យាយាមស្វែងរកឯករាជ្យរបស់តៃវ៉ាន់។ ប្រសិនបើគណបក្សប្រជាធិបតេយ្យជឿនលឿនតៃវ៉ាន់នៅតែបន្តឃុបឃិតជាមួយបរទេស នោះវានឹងរុញតៃវ៉ាន់ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់ជាងនេះទៀត ។ នេះបើតាមការអះអាងរបស់អ្នកពាក្យដដែល។
លោក ម៉ា ស៊ាវក្វាង បានសង្កត់បញ្ជាក់ថា សមយុទ្ធរបស់ចិនធ្វើឡើងសំដៅទៅសហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រកោះតៃវ៉ាន់ និងសកម្មជននយោបាយរបស់កោះតៃវ៉ាន់។
ទោះយ៉ាងណាក៏ដោយ លោកបាននិយាយថា នេះគ្រាន់តែជាសកម្មភាពការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិនក៏ដូចជាសន្តិភាព ព្រមទាំងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ តែប៉ុណ្ណោះ។
សូមជម្រាបថា ខណៈដែរលោកស៊ី ជីនពីងប្តេជ្ញាថា នឹងបង្រួបបង្រួមកោះតៃវ៉ាន់តាមសន្ដិវិធីនោះ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេននៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានចេញមកប្រកាសក្តែងៗប្រាប់ទៅពិភពលោក និងជាពិសេសប្រាប់ទៅកាន់ក្រុងប៉េកាំងថា កោះតៃវ៉ាន់នឹងមិនចុះញ៉មក្រោមសម្ពាធក្រុងប៉េកាំងនៅឡើយ ពោលគឺកោះតៃវ៉ាន់មិនលះបង់អធិបតេយ្យភាពរបស់ខ្លួន និងមិនឱនលំទោនដាក់ចិនជាដាច់ខាត។ ក្រោយការឆ្លើយតបរបស់ថ្នាក់ដឹកនាំកោះតៃវ៉ាន់យ៉ាងដូច្នេះ ភ្លាមៗនោះ ភាគីចិនក៏បានចេញមុខថ្កោលទោសខ្លាំងៗទៅលើកោះតៃវ៉ាន់ផងដែរ៕
អត្ថបទ៖ ស៊ើង និមល់