របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០ របស់ធនាគារជាតិ ដែលបានចេញផ្សាយកាលពីដើមខែមករានេះ បានឲ្យដឹងថា លំហូវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា បានកើនឡើងដល់ទៅប្រមាណ ៣.៦០០ លានដុល្លារអាមេរិក នៅឆ្នាំ២០១៩នេះ ស្មើនឹងកំណើន ១២% ធៀបនឹងឆ្នាំ២០១៨។ នៅក្នុងនោះ ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងវិស័យហិរញ្ញវត្ថុ មានប្រមាណ ១.២០០ លានដុល្លារអាមេរិក ខណៈដែលវិស័យមិនមែនហិរញ្ញវត្ថុ មានការវិនិយោគប្រមាណ២.៤០០ លានដុល្លារអាមេរិក។
បើតាមរបាយការណ៍បានឲ្យដឹងទៀតថា ប្រទេសចិន នៅតែជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេសធំជាងគេបង្អស់របស់កម្ពុជា ដែលមានចំណែករហូតដល់ទៅ៤៣% បន្ទាប់មកគឺកូរ៉េខាងត្បូង ១១% វៀតណាម៧% ជប៉ុនមាន៦% សិង្ហបុរីមាន៦% និងប្រទេសផ្សេងៗទៀតមាន២៧%។
សម្រាប់ឆ្នាំ២០២០នេះ ធនាគារជាតិបានព្យាករថា ការវិនិយោគផ្ទាល់ពីបរទេសអាចនឹងថមថយកំណើនពី ១២% នៅឆ្នាំ២០១៩ មកនៅ១០% នៅឆ្នាំ២០២០នេះ ដោយលំហូរទុនវិនិយោគរំពឹងថា នឹងកើនឡើងដល់ទៅប្រមាណ ៤ពាន់លានដុល្លារអាមេរិក។
ធនាគារជាតិបានគូសបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០នេះ នឹងត្រូវគាំទ្រដោយលំហូរវិនិយោគផ្ទាល់ពីបរទេស ដែលរពឹងថា បន្តកំណើនរឹងមាំ ជាមួយនឹងការបង្កើនការវិនិយោគនៃប្រទេសក្នុងតំបន់ ដែលអំណោយផលដោយសក្ដានុពលនៃសេដ្ឋកិច្ចកម្ពុជា និងការបង្វែរទិសដៅវិនិយោគមកតំបន់អាស៊ី រួមមានកម្ពុជាផងដែរ។
ជាមួយគ្នានេះ វិស័យសំណង់ និងអចលនទ្រព្យបន្តកើនឡើង ដែលឆ្លុះបញ្ចាំងដោយនិន្នាការនៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួលបានការអនុម័ត។ តួយ៉ាង នៅឆ្នាំ២០១៩ ការនាំចូលបរិក្ខាសំណង់បានកើនឡើងដល់ជិត១ពាន់លានដុល្លារ,ការនាំចូលដែកកើនឡើងដល់ប្រមាណ ៥០០ លានដុល្លារ ខណៈដែលស៊ីម៉ង់ត៌មាន ជាង ១០០លានដុល្លារ គិតជាកំណើនជារួម ការនាំចូលដែក ស៊ីម៉ង់ត៌ និងសម្ភារៈសំណង់ផ្សេងៗ នៅឆ្នាំ២០១៩មានកំណើន ៦៦% ខណៈដែលនៅឆ្នាំ២០២០ រំពឹងថាកំណើននេះ នឹងថយចុះមកនៅត្រឹម៤៧%វិញ៕