តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការរីករាលដាលនៃវីរុសកូរ៉ូណា ដែលបានកើតចេញពីប្រទេសចិន នឹងបន្តរីករាលដាលទៅកាន់ប្រទេសជាច្រើន រួមមាន ទាំងកម្ពុជាផងដែរនោះ ថាគឺជា ហានិភ័យមួយសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០នេះ បន្ទាប់ពីហានិភ័យភាពតានតឹងនៃបញ្ហាភូមិសាស្ត្រនយោបាយ, ភាពតានតឹងនៃទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក ប្រទេសជាដៃគូ, ការប្រែប្រួលអាកាសធាតុ, ភាពមិនប្រាកប្រជានៃប្រព័ន្ធអនុគ្រោះពន្ធ EBA, ការថមថយនៃកំណើនសេដ្ឋកិច្ចពិភពលោក និងការកើនឡើងគោលនយោបាយគាំពារនិយមជាដើម។
បើតាមការអះអាងរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជាបាននិងកំពុងប្រឈមនូវហានិភ័យកាន់តែធំជាងមុន ខណៈដែលភាពមិនច្បាស់លាស់ក៏មានកាន់តែធំជាងមុនដែរ។ ពិសេស គឺទាក់ទងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅប្រទេសចិន ដែលវាបាននិងកំពុងធ្វើឲ្យវិស័យមួយចំនួនរបស់កម្ពុជា ដូចជាទេសចរណ៍ គឺកំពុងប្រឈមនឹងបញ្ហាកាន់តែខ្លាំង ហើយមិនមែនតែកម្ពុជាទេ ដែលត្រូវរងគ្រោះនឹងបញ្ហានេះ ប្រទេសជាច្រើនទៀតនៅលើសកលលោក គឺជួបប្រទះដូចគ្នាដែរ។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា «ឈានចូលមកដល់ឆ្នាំ២០២០នេះ យើងឃើញថា អ្វីដែលបានកើតឡើងពីរខែចុងក្រោយ ដែលបានខ្ញុំបានគូសបញ្ជាក់មិញនេះ វាបានបន្តទៅទៀតមកដល់នេះ ធ្វើឲ្យយើងមានការបារម្ភច្រើនជាងមុន ដោយសារតែយើងចូលទៅក្នុងសភាពការណ៍មួយ ដែលសេដ្ឋកិច្ចរបស់យើងជួបប្រទះការប្រឈមកាន់តែធំជាងមុន មានហានិភ័យកាន់តែធំជាងមុន និងភាពមិនច្បាស់លាស់កាន់តែធំជាងមុន។»
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ពីការប៉ះពាល់របស់វីរុសកូរ៉ូណា មកលើសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងដូច្នេះថា «វីរុសនេះ វាប៉ះចិន ហើយចិនជាដៃគូសេដ្ឋកិច្ចកម្ពុជាធំណាស់។ ឥឡូវគ្រាន់តែទេសចរណ៍ គ្រាន់តែចិនមានបញ្ហា អូតែលយើងមួយចំនួនដែលគេ Booking (កក់) ពេញ ចិនមកចូលឆ្នាំចិនហ្នឹង ពិបាកបណ្ដោយឥឡូវហ្នឹង គេ Canceled (លុបចោល) ច្រើនមែនទែន។ ហើយកាលណាទេសចរណ៍ថយ ដឹកជញ្ជូនថយ ហូបចុកថយ អូតែលថយ វាមានន័យតែអញ្ចឹង ហើយ Constructions (សំណង់) ក៏ថយដែរពេលហ្នឹង»។
បើតាមការបញ្ជាក់បន្ថែមរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចដដែលនេះ ការថមថយនៃវិស័យសំណង់ ក៏មានមួយផ្នែក បណ្ដាលមកពីការបិទការល្បែងភ្នាល់តាមអនឡាញផងដែរ។
ទោះយ៉ាងណា ឯកឧត្តម វង្សី វិស្សុត បានអះអាងថា មូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជាមានភាពរឹងមាំ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈល្អ និងមានទុនបម្រុងអន្តរជាតិប្រមាណជាង ១៧ ពាន់លានដុល្លារអាមេរិក ព្រមជាមួយនឹងគោលនយោបាយគ្រប់ជ្រុងជ្រោយ និងមានវិធានការណ៍សេដ្ឋកិច្ចមួយចំនួនទៀត ដូច្នេះ បើមានការអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព នោះកំណើនសេដ្ឋកិច្ចកម្ពុជា នឹងមិនមានការធ្លាក់ខ្លាំងនោះទេ។
ឯកឧត្តម វង្សី វិស្សុតមានប្រសាសន៍ថា «ខ្ញុំមើលឃើញថា កម្លាំងសេដ្ឋកិច្ចយើងមានកន្លែងថយ ប៉ុន្ដែមានកន្លែងឡើងដែរ ដូច្នេះ មូលហេតុថា ឲ្យយើងភ័យឲ្យខ្លាំង ក៏មិនជាការភ័យខ្លាំងដែរ ព្រោះការថមថយជាទូទៅគឺមាន ដូច្នេះយើងជៀសមិនរួច។ ក្នុងស្រុកយើងមានការថមថយកន្លែងខ្លះ ប៉ុន្ដែកន្លែងដែលវាកើនក៏កើនដែរ គ្រាន់តែថា កន្លែងវាកើនហ្នឹងនៅតូច វាពុងរីក ប៉ុន្ដែកន្លែងដែលថយហ្នឹងវាធំ។ អាកន្លែងគេហៅថា ជន្ទល់សេដ្ឋកិច្ចវាប៉ះសឹងតែទាំងអស់ហើយ»។
ដោយមើលឃើញពីហានិភ័យដែលបានកើតឡើងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានគិតគូររៀបចំពីក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងកញ្ចប់ថវិកាសារពើពន្ធឆ្នាំ២០២០។ ក្នុងនោះដែរ រាជរដ្ឋាភិបាល នឹងខិតខំទប់ទល់នឹងកត្តាប្រឈមទាំងនោះ និងបន្តអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រដ្ឋាភិបាលបន្តទៀត ដើម្បីប្រើប្រាស់ធនធានដែលមានចាក់គ្រឹះ នៅពេលណាវិបត្តិធ្ងន់ធ្ងរ ឬមួយការគៀបសង្កត់ណាមួយថយចុះទៅវិញ នោះសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងខ្លាំងតែម្ដង។
ឯកឧត្តម វង្សី វិស្សុតបានសង្កត់ធ្ងន់ថា កម្ពុជាគួរប្រើប្រាស់ការគំរាមកំហែង ឬហានិភ័យ ឬការកើតឡើងនៃវិបត្តិណាមួយ មកធ្វើជាឱកាស ដើម្បីធ្វើកំណែទម្រង់ និងអនុវត្តគោលនយោបាយដែលរាជរដ្ឋាភិបាលដែលបានដាក់ចេញ ឲ្យមានប្រសិទ្ធភាព ដែលទៅថ្ងៃមុខវានឹងក្លាយជាកម្លាំងសេដ្ឋកិច្ចមួយ អាចរុញកំណើនរយៈពេលវែង។
សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០១៩ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ាន់ប្រមាណថា មាន ៧,១% ហើយសម្រាប់កំណើន៦,១% នៅឆ្នាំ២០២០ ដែលបានព្យាករថ្មីៗនេះ ត្រូវបានគេមើលឃើញដែរថា គឺជាកំណើនមួយទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ប៉ុន្ដែ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច អះអាងថា កំណើនជុំវិញ ៦% នៅឆ្នាំ២០២០ នៅតែជាកំណើនមួយខ្ពស់ជាងគេ បើធៀបនឹងកំណើនសេដ្ឋកិច្ច នៃប្រទេសអាស៊ាន។
បើតាមការព្យាកររបស់ស្ថាប័នអន្តរជាតិធំៗ ដូចជា World Bank, ADB និង IMF (នៅមុនពេលមានផ្ទុះវីរុសកូរ៉ូណាឡើង) បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ អាចនឹងមាន៦,៨ ទៅ៦,៩%៕