បើតាមការស្រាវជ្រាវ និង ចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន ដូចជា Bloomberg បានឲ្យដឹងថា មាន៤ចំណុចសំខាន់ៗ ដែលអ្នកគួរស្វែងយល់ពីឥទ្ធិពលរបស់កូវីដ១៩ និង កូវីដ១៩បំប្លែងខ្លួនឌែលតា ចំពោះកុមារ ដោយក្នុងនោះមានដូចជា៖
១) ករណីឆ្លងលើកុមារបានកើនឡើងច្រើន ដោយសារតែមេរោគបំប្លែងថ្មីឌែលតា
នៅសហរដ្ឋអាមេរិក ចាប់តាំងពីមានការឆ្លងរាតត្បាតកូវីដ១៩ មកដល់ដើមខែកញ្ញានេះ មានកុមារ និងមនុស្សវ័យជំទង់ ជាង៥លាននាក់ បានធ្វើតេស្តរកឃើញមេរោគកូវីដ១៩។ ចំនួននេះតំណាងឱ្យ ១៥, ៥% នៃ ករណីឆ្លងទាំងអស់ ខណៈដែលមនុស្សមានអាយុក្រោម១៨ឆ្នាំ ក្នុងសហរដ្ឋអាមេរិកមានចំនួន ២២,២% នៃ ប្រជាជនអាមេរិកទាំងអស់។ បើគិតជាតួលេខត្រឹមចុងសប្តាហ៍ទី១ នៃ ខែកញ្ញា ករណីឆ្លងលើកុមារ បានកើនឡើងដល់ ជាង២៤ម៉ឺនករណី។ ការកើនឡើងនេះ ស្របពេលគ្នាជាមួយនឹងការកើនឡើង នៃ ករណីឆ្លងកូវីដ១៩ ឌែលតា ដែលរុញច្រានឲ្យកុមារត្រូវចូលសម្រាកនៅមន្ទីរពេទ្យកាន់តែច្រើនផងដែរ ប៉ុន្តែករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនៅមិនទាន់កើតមានច្រើននៅឡើយទេ។
២) តើមេរោគកូវីឌ-១៩ បំប្លែងថ្មី មានឥទ្ធិពលបែបណាចំពោះកុមារ?
កូវីដ១៩ឌែលតា មានឥទ្ធិពលឆ្លងយ៉ាងហោចណាស់ទ្វេដង បើធៀបនឹងវីរុសកូរ៉ូណាដើមដែលបានលេចចេញវត្តមានដំបូងនៅចុងឆ្នាំ២០១៩។ ប៉ុន្ដែ មិនមានភស្តុតាងណាមួយ ដែលបង្ហាញថា កូវីដ១៩ឌែលតា អាចឆ្លងលើកុមារច្រើនជាងក្រុមមនុស្សពេញវ័យនោះទេ ប៉ុន្តែករណីឆ្លងលើកុមារកើនឡើងច្រើនដូចបានរៀបរាប់ខាងលើនេះ វាអាចបណ្តាលមកពីអត្រាចាក់វ៉ាក់សាំងលើកុមារនៅមានកម្រិតទាប បើធៀបនឹងមនុស្សធំ។៣) បើសិនជាកុមារបានឆ្លងកូវីដ១៩ឌែលតា តើវាអាចធ្ងន់ធ្ងរកម្រិតណា?
សម្រាប់កុមារ ទោះបីកូវីដ១៩ ធម្មតា ឬបំប្លែងខ្លួនក្តី ក៏មិនអាចធ្វើឲ្យកុមារធ្លាក់ខ្លួនឈឺធ្ងន់បានដែរ ហើយករណីនេះ បន្តស្ថិតក្នុងករណីកម្រនៅឡើយ ទោះបីមានករណីមួយចំនួន ត្រូវបញ្ចូនមកព្យាបាលក្នុងមន្ទីរពេទ្យក៏ដោយ ប៉ុន្តែសម្រាប់កម្រិតធ្ងន់ គឺកម្រមានណាស់។ នៅសហរដ្ឋអាមេរិក ចាប់តាំងពីផ្ទុះកូវីដ១៩ភ្លាម មានករណីកុមារត្រូវបញ្ចូនចូលមន្ទីរពេទ្យដើម្បីព្យាបាលប្រមាណ ៤% នៃ ចំនួនអ្នកសម្រាកក្នុងមន្ទីរពេទ្យទាំងអស់។
គួរជម្រាបថា កុមារកម្រនឹងធ្លាក់ខ្លួនឈឺធ្ងន់ ក៏ដោយសារតែពួកគេមានការឆ្លើយតបប្រព័ន្ធភាពស៊ាំពីកំណើត ដែលរឹងមាំជាងមនុស្សពេញវ័យ។ និយាយឲ្យងាយយល់ ពួកគេមានប្រព័ន្ធការពារសារពាង្គកាយខ្លាំងជាង។
៤) តើកុមារគួរតែចាក់វ៉ាក់សាំងដែរ ឬទេ?
មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង ហៅកាត់ថា CDC របស់អាមេរិកបានអនុម័ត ឲ្យមានការចាក់វ៉ាក់សាំងសម្រាប់កុមារ និងមនុស្សវ័យជំទង់ អាយុលើស ១២ឆ្នាំរួចហើយ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងក៏កំពុងប្រព្រឹត្តិទៅដែរ។ ដោយឡែក សម្រាប់សហរដ្ឋអាមេរិកដដែល អ្នកជំនាញកំពុងសិក្សា ការចាក់វ៉ាក់សាំងដល់កុមារអាយុក្រោម១២ឆ្នាំបន្តទៀត។
យ៉ាងណាមិញ បើតាមការសិក្សានៅប្រទេសអូស្ត្រាលីបានបង្ហាញថា ដើម្បីឲ្យមានប្រព័ន្ធភាពស៊ាំរឹងមាំនៅក្នុងសហគមន៍ គេត្រូវចាំបាច់ចាក់វ៉ាក់សាំងសូម្បីតែ កុមារដែលមានអាយុចន្លោះពី ៥ឆ្នាំ ទៅ១៥ឆ្នាំ។ ធ្វើដូចនេះ ទើបគេអាចកាត់ផ្តាច់ប្រភពចម្លងកូវីដ១៩ដោយមានប្រសិទ្ធភាព និង មិនឲ្យវាមានការរាលដាលឆ្លងបន្តទៀត។
សូមជម្រាបថា គិតត្រឹមដើមខែកញ្ញា សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ១៩សរុប កើនដល់ ៤០លានករណីហើយ រីឯអ្នកស្លាប់មានជាង ៦៥ម៉ឺននាក់ ខណៈរលកឆ្លងទី៤នៅអាមេរិកកំពុងវាយលុកដែលភាគច្រើនគ្របដណ្តប់ដោយកូវីដ១៩បំប្លែងខ្លួនឌែលតា៕