លោក Wu Zunyou ប្រធានផ្នែករោគរាតត្បាតនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ចិន បាននិយាយថា អ្នកស្រាវជ្រាវពិតជាអាចដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយសារតែពេលនេះ ពួកគេកំពុងគិតគូ និងរៀបចំផែនការថ្មីមួយយ៉ាងសកម្មបំផុត។
លោក Zunyou បាននិយាយនៅក្នុងវេទិកាមួយកាលពីថ្ងៃអង្គារថា ដោយសារតែចិនមិនងាយ ហើយក៏មិនអានបន្ធូរដៃលើកូវីដ១៩ ដូចប្រទេសលោកខាងលិច ដូច្នេះហើយអ្វីដែលគេអាចធ្វើបាន គឺមានតែកែប្រែការគ្រប់គ្រង និងតាមដានឲ្យមានប្រសិទ្ធភាព ជាជាងការប្រើប្រាស់វិធានការទ្រង់ទ្រាយធំភ្លាមៗពេលមានករណីវិជ្ជមាន។
ប៉ុន្តែលោកអះអាងថា ការផ្លាស់ប្តូរគោលនយោបាយត្រង់ចំណុចណាមួយត្រូវយក ពលរដ្ឋ និងអាយុជីវិតមនុស្សជាធំ ទន្ទឹមនឹងនោះរដ្ឋាភិបាលប៉េកាំង ត្រូវមានទំនាក់ទំនងល្អប្រសើរជាមួយសហគមន៍អន្តរជាតិ និងការពារការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនផងដែរ ជៀសវាងមានទំនាស់ ដែលអាចបន្ថែមជាសម្ពាធ។
គួរជម្រាបថា ការលើកឡើងដោយអ្នកជំនាញរូបនេះ ធ្វើឡើងស្របពេលដែលការជជែកដេញដោលបន្តកើតមាន ជុំវិញបញ្ហាថា ពេលណាដែលរដ្ឋាភិបាលទីក្រុងប៉េកាំងនឹងបន្ធូរបន្ថយការរឹតបន្តឹងលើវិធានការកូវីដ១៩ ដូចដែលប្រទេសនានា រួមមានចក្រភពអង់គ្លេស ដាណឺម៉ាក សិង្ហបុរី និងវៀតណាមបានធ្វើរួចហើយ។
អ្នកសេដ្ឋកិច្ចបានព្រមានថា ភាពខុសគ្នានៃយុទ្ធសាស្ត្រគ្រប់គ្រងកូវីដ ជាមួយបណ្តាប្រទេសលោកខាងលិច អាចធ្វើឱ្យប្រទេសចិនបាត់បង់ប្រយោជន៍ច្រើន ទាំងសង្គម និងសេដ្ឋកិច្ច ខណៈដែលការផ្ទុះឆ្លងថ្មីៗចុងក្រោយនៅក្នុងស្រុក បានបង្កើនការព្រួយបារម្ភពីទំហំប៉ះពាល់នៃគោលនយោបាយគ្មានកូវីដ១៩ របស់ចិន។
យ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនបាននិយាយថា ប្រទេសចិនកំពុងបង្ហាញសញ្ញានៃការបន្ធូរបន្ថយការរឹតបន្តឹង ដោយការបើកឱ្យអាជ្ញាធរមូលដ្ឋាន មានភាពបត់បែនច្រើនជាងមុនក្នុងការដាក់បម្រាម ដើម្បីកាត់បន្ថយការរំខានដល់ការធ្វើដំណើរ ជាដើម។
សូមជម្រាបថា នៅចំពោះមុខការរីករាលកូវីដ១៩ក្នុងសហគមន៍ក្នុងពេលថ្មីៗនេះ ចិនបានអនុម័តឱ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ប្រភេទ Paxlovid របស់ក្រុមហ៊ុនអាមេរិក Pfizer សម្រាប់ការព្យាបាលលើអ្នកជំងឺពេញវ័យ ដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរ ខណៈដែលបច្ចុប្បន្នថ្នាំគ្រាប់ព្យាបាលកូវីដប្រភេទនេះ ក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោកផងដែរ៕