នៅក្នុងខែនេះ តំបន់ភាគនិរតីនៃខេត្តក្វាងស៊ី និងទីក្រុងជីងមេន នៃខេត្តហូបេ ប្រទេសចិន នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩សម្រាប់មនុស្សដែលមានវ័យជំទង់ដែលមានអាយុចន្លោះពី ១៥ ដល់១៧ឆ្នាំ ហើយនៅខែសីហាខាងមុខ នឹងបន្ដចាក់ជូនដល់កុមារចន្លោះពី១២ ទៅដល់១៥ឆ្នាំផងដែរ។
គិតទៅដល់ចុងខែតុលា អាជ្ញាធរចិនមានគោលដៅ នឹងចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនទៅដល់ប្រជាជនដែលជាក្រុមមនុស្សមានវ័យចន្លោះពី ១២ ទៅ១៧ឆ្នាំឲ្យបានគ្រប់ៗគ្នា។
ប្រទេសចិនបានអនុម័តឲ្យប្រើប្រាស់នូវ៉ាក់សាំងផលិតក្នុងស្រុកចំនួន២ប្រភេទ គឺ Sinovac និង Sinopharm ដើម្បីចាក់ជូនប្រជាជនរាប់តាំងពីកុមារអាយុ៣ឆ្នាំរហូតដល់អាយុ១៧ឆ្នាំ។បើទោះបីជាចិនប្រកាសថាបានចាក់វ៉ាក់សាំងដល់ទៅជាង ១ពាន់៤រយលានដូសហើយក្ដី ប៉ុន្ដែប្រទេសដែលមានប្រជាជនប្រមាណ ១ពាន់៤រយលាននាក់ច្រើនជាងគេលើលោកមួយនេះ ក៏មិនបានបង្ហាញពីចំនួនប្រជាជនដែលទទួលបានវ៉ាក់សាំងគ្រប់ចំនួនដូសថាមានក្នុងចំនួនប៉ុន្មាននាក់នៅឡើយដែរ។ ក៏ប៉ុន្ដែ កាលពីខែមុននេះ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន បានផ្សាយថា ការចាក់វ៉ាក់សាំងទូទាំងប្រទេសសម្រេចបានដល់ ៤០%ហើយ។
អាជ្ញាធរមូលដ្ឋានមួយចំនួននៅក្នុងប្រទេសចិនបាននិយាយនៅក្នុងខែនេះថា កន្លែងសាធារណៈ ផ្សារទំនើប និងស្ថានីយរថភ្លើង នឹងត្រូវពិនិត្យលិខិតសម្គាល់ការចាក់វ៉ាក់សាំង និងការកត់ត្រាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំង ដើម្បីជំរុញឲ្យពួកគេទៅទទួលការចាក់វ៉ាក់សាំង។
សូមបញ្ជាក់ថា ប្រទេសចិនរំពឹងថា ការចាក់វ៉ាក់សាំងរបស់ខ្លួននឹងសម្រេចបានយ៉ាងហោចណាស់៧០% នៃគោលដៅនៅត្រឹមចុងឆ្នាំ២០២១។យោងតាមទិន្នន័យបង្ហាញដោយសារព័ត៌មាន Bloomberg គិតមកទល់ពាក់កណ្ដាលខែកក្កដានេះ ប្រទេសចិនមានការចាក់វ៉ាក់សាំងបានច្រើនជាងគេបំផុតក្នុងចំណោមវ៉ាក់សាំងដែលត្រូវបានចាក់ជាង៣ពាន់៥រយលានដូស។ ក្នុងនោះ ចិនចាក់បានប្រមាណ១ពាន់៤រយលានដូស បន្ទាប់មកគឺអឺរ៉ុបចាក់បានជាង៤០០លានដូស ឥណ្ឌា ជាង៣៨០លានដូស និងតាមពីក្រោយដោយអាមេរិក មានជាង៣៣០លានដូស៕