បើតាមស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) ជាអង្គការឃ្លាំមើលការវិវត្តនៃទីផ្សារសម្រាប់ឧស្សាហកម្មមាស ដែលមានការិយាល័យកណ្ដាលនៅចក្រភពអង់គ្លេស បានរាយការណ៍ថា ប្រទេសចិន កំពុងជំរុញឱ្យប្រទេសជាសមាជិក BRICS ផ្សេងទៀត ទិញមាសទុកជាទុនបម្រុងអន្តរជាតិ ជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក។ ប្រទេសចិន បានប្រមូលទិញមាសច្រើនជាង ៣០០តោន ដែលមានតម្លៃរហូតដល់ទៅ ៥៦១ពាន់លានដុល្លារ គ្រាន់តែក្នុងរយៈពេល ១៨ខែ ចុងក្រោយនេះ។
ក្រុមអ្នកវិភាគផ្នែកហិរញ្ញវត្ថុបានលើកឡើងថា ប្រទេសចិន រួមជាមួយប្លុកប្រទេស BRICS កំពុងសម្រុកទិញមាសស្តុកទុកក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្តួលរំលំប្រាក់ដុល្លារអាម៉េរិក ក្នុងនាមជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកនោះ។ នេះបើយោងតាមគេហទំព័រសារព័ត៌មានGuru Watcher។
អ្នកវិភាគផ្នែកហិរញ្ញវត្ថុទាំងអស់នោះ បានឲ្យដឹងទៀតថា ប្លុកប្រទេស BRICS និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតកំពុងរង់ចាំឱ្យសហរដ្ឋអាម៉េរិក ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ដែលជាឱកាសល្អសម្រាប់ពួកគេ។ គំនិតសម្រុកទិញមាសទុករបស់ចិននេះ គឺដើម្បីដកប្រាក់ដុល្លារអាម៉េរិក ចេញពីទុនបម្រុងរបស់ពួកគេ (ក្រុមប្លុកប្រទេស Brics) និងដើម្បីការពារសុវត្ថិភាពប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច។
ប្រសិនបើមាសគ្របដណ្ដប់លើទុនបម្រុងរបស់ពួកគេជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក សេដ្ឋកិច្ចរបស់ពួកគេនឹងមិនរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចនោះឡើយ។ តាមរយៈការរក្សាទុនបម្រុងជាមាស សេដ្ឋកិច្ចរបស់ពួកគេ ប្រទេសក្នុងប្លុក BRICS នឹងត្រូវរួចផុតពីហានិភ័យ ខណៈដែលបំណុលជាប្រាក់ដុល្លារអាម៉េរិក កើនឡើងយ៉ាងរហ័សពិបាក មិនអាចគ្រប់គ្រងបាន។
ដើម្បីការពារសេដ្ឋកិច្ច និងរូបិយប័ណ្ណរបស់ពួកគេ ពីការខូចខាតណាមួយដែលបង្កឡើងដោយប្រាក់ដុល្លារអាម៉េរិក អំឡុងពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើង បណ្ដាប្រទេសក្នុងប្លុក BRICS អាចនឹងប្រើប្រាស់មាស។
សូមបញ្ជាក់ថា តំណាងភាគីរុស្ស៊ី នៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាយឱ្យដឹងថា ប្លុកប្រទេស BRICS បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជម្រើសផ្សេងជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក ក្នុងករណីរូបិយប័ណ្ណនេះដួលរលំ៕
ដោយ: តែម សុខុម