របាយការណ៍ដែលនិយាយពីចក្ខុវិស័យពាណិជ្ជកម្មសកលដែលមានមូលដ្ឋាននៅអង់គ្លេស របស់ធនាគារអភិវឌ្ឍន៍សិង្ហបុរី បានគូសបញ្ជាក់ថា តាមការព្យាករនៅឆ្នាំ២០២៩ទៅមុខទៀតនេះសេដ្ឋកិច្ចវៀតណាមអាចនឹងមានកំណើនថេរក្នុងរង្វង់៦% ទៅ៦,៥%ក្នុងមួយឆ្នាំ។
អ្នកជំនាញសេដ្ឋកិច្ចគឺលោក អ៊ីវីន សៀស៍ បានបញ្ជាក់នៅក្នុងរបាយការណ៍ដដែលនេះថា «ប្រសិនបើវៀតណាមអាចរក្សាបានកំណើនថេរ នោះសេដ្ឋកិច្ចវៀតណាមនឹងមានធំជាងសេដ្ឋកិច្ចរបស់សិង្ហបុរីទៅទៀតនៅក្នុងរយៈពេល១០ឆ្នាំ»។
ការព្យាកររបស់ធនាគារ DBS នេះ គឺផ្អែកជាសំខាន់ទៅលើកត្តាជាច្រើនដូចជា លំហូរវិនិយោគពីបរទេសដ៏រឹងមាំ និងកំណើនផលិតភាពរបស់វៀតណាមនៅក្នុងរយៈពេល២ ទៅ៣ឆ្នាំខាងមុខនេះ។
បច្ចុប្បន្ន សេដ្ឋកិច្ចវៀតណាមមានទំហំជាទឹកប្រាក់ ២២៤ ពាន់លានដុល្លារអាមេរិក នេះមានន័យថា សេដ្ឋកិច្ចវៀតណាមកំពុងមានប្រមាណ ៦៩% នៃទំហំសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ដែលមានប្រមាណ ៣២៤ពាន់លានដុល្លារអាមេរិក៕