លោក ឃ្វៀន ថៃផុង ( Nguyễn Thái Phong) ម្ចាស់អចលនទ្រព្យម្នាក់បានប្រាប់សារព័ត៌មាន Việt Nam News ថា លោកត្រូវបង្ខំចិត្តបន្ថយតម្លៃជួលបន្ទប់ស្ប៉ារបស់ខ្លួនពីជិត១០០លានដុង ឫ ជាង៤ពាន់ដុល្លារក្នុងមួយខែ មកនៅត្រឹម៦៥លានដុង ឫជាង២ពាន់៦រយដុល្លារ នៅក្នុងមួយខែ ។
លោកបានអះអាងថា វារឿងចាំបាច់សម្រាប់ម្ចាស់ផ្ទះ និងអ្នកជួលក្នុងការចរចាគ្នាក្នុងអំឡុងពេលដ៏លំបាកមួយនេះ ព្រោះភាគីទាំងពីរកំពុងតែរងគ្រោះដូចគ្នា។
អាគារ ឫផ្ទះជួលនានា នៅតាមផ្លូវមួយចំនួននៅក្នុងទីប្រជុំជនដូចជា លី ធូជុង, ហៃបា ជុង, ធឿង ឌិញ និងផ្លូវ ឃ្វៀន ត្រៃ ដែលពីមុនមានសភាពមមាញឹកដោយអាជីវកម្ម ដូចជាហាងធ្វើសក់ និងហាងលក់ សម្លៀកបំពាក់ ឥឡូវនេះស្ងាត់ឈឹងគ្មានសកម្មភាព។
តម្រូវការអចលនទ្រព្យសម្រាប់ជួលនៅតំបន់កណ្តាលនៃទីក្រុងធំជាងគេរបស់ប្រទេសវៀតណាមមួយនេះ បានធ្លាក់ចុះ៦ភាគរយ ដោយសារតែលក្ខខណ្ឌសេដ្ឋកិច្ចដ៏លំបាក។
យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនអចលនទ្រព្យ Savills បានឲ្យដឹងថា តម្លៃជួលសម្រាប់ផ្ទះនៅតាមផ្លូវកណ្តាលក្នុងទីក្រុងហូជីមិញ បានជួបប្រទះ នឹងការធ្លាក់ចុះប្រចាំឆ្នាំជាមធ្យម៨ភាគរយ ចាប់តាំងពីឆ្នាំ២០១៩ មក។ ប្រភពដដែលបាននិយាយថា តំបន់ជួលសរុបនៅកណ្តាលទីក្រុងបានឈានដល់តួលេខទាបបំផុតចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២២។
អ្នកជំនាញអចលនទ្រព្យបានសន្មតថា ទីផ្សារជួលអចលនទ្រព្យពាណិជ្ជកម្ម ដែលធ្លាក់ចុះ គឺដោយសារកំណើនសេដ្ឋកិច្ចយឺត និងការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកជួលងាកទៅរកការធ្វើប្រតិបត្តិការតាមប្រព័ន្ធអនឡាញ។ កត្តានេះបានបង្ខំឱ្យម្ចាស់ផ្ទះត្រូវបង្ខំចិត្តផ្តល់ការបញ្ចុះតម្លៃពី២០ភាគរយ ទៅ៣០ភាគរយ ដើម្បីទាក់ទាញអ្នកជួល។
លោក ឡេ កុក គៀន ( Lê Quốc Kiên) អ្នកជំនាញអចលនទ្រព្យឯករាជ្យ បានព្យាករណ៍ថា តម្លៃជួលនឹងអាចឡើងដល់៨០ភាគរយ នៃកម្រិតតម្លៃនៅឆ្នាំ២០១៩ នៅត្រីមាសទីពីរ នៃឆ្នាំក្រោយ។ លោកបានណែនាំឱ្យអ្នកវិនិយោគនាពេលអនាគត ត្រូវដឹងពីតម្លៃជួលក្នុងតំបន់ និងរៀបចំផែនការឱ្យស្របតាមលក្ខខណ្ឌនោះ។
លោក ឃ្វៀន វៀត ធឹក ( Nguyễn Viết Túc) ឈ្មួញកណ្តាលអចលនទ្រព្យម្នាក់ បានអះអាងថា អនាគតនៃទីផ្សារជួលអចលនទ្រព្យនៅកណ្តាលទីក្រុងហូជីមិញ នៅតែមិនស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា នៅពេលអាជីវកម្មបន្តតស៊ូនៅក្នុងស្ថានភាពដ៏លំបាក ហើយអាកប្បកិរិយារបស់អ្នកប្រើប្រាស់នៅតែបន្តវិវឌ្ឍមិនច្បាស់លាស់ វាមិនច្បាស់ថា នៅពេលណា ទើបតម្លៃជួលនឹងត្រលប់ទៅរកកម្រិតមុនឆ្នាំ២០១៩ ឡើយ។
កត្តានេះវាបានបង្ខំឱ្យម្ចាស់អចលនទ្រព្យត្រូវពិចារណាផ្តល់លក្ខខណ្ឌជួល ដែលអាចបត់បែនបាន ឬបន្ថែមបរិក្ខារបន្ថែមទៀត ដើម្បីទាក់ទាញអ្នកជួល ខណៈដែលអ្នកជួលត្រូវតែមានភាពប្រាកដនិយមអំពីឧបសគ្គថវិការបស់ពួកគេ៕
ដោយៈ សរ សុជាតិ