អ្នកស្រី អេស្ទឺ ប៉េរេស រ៊ូស (Esther Perez Ruiz) បានឲ្យដឹងថា IMF គ្រោងនឹងទៅទស្សនកិច្ចនៅទីក្រុង អ៊ីស្លាមមាបាត នៃប្រទេសប៉ាគីស្ថាន ចាប់ពីថ្ងៃទី៣១ខែមករា ដល់ថ្ងៃទី៩ខែកុម្ភៈ។ ឆ្លៀតក្នុងដំណើរនេះ គេក៏នឹងធ្វើ ការត្រួតពិនិត្យទៅលើគម្រោងមូលនិធិសេរីភាពសេដ្ឋកិច្ចលើកទី៩ ដែលហៅកាត់ថា EFF ផងដែរ។
អ្នកស្រី Ruiz បាននិយាយថា បេសកកម្មនេះនឹងផ្តោតសំខាន់លើគោលនយោបាយ ដែលសំដៅលើការស្ដារនិរន្តរភាពក្នុងស្រុក រួមទាំងការពង្រឹងជំហរសារពើពន្ធ ការធ្វើកែទម្រង់វិស័យថាមពល ជាពិសេសគឺជួយដល់ប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់កាលពីឆ្នាំមុន ដែលកាលនោះ IMF បានសន្យាថា នឹងផ្ដល់ហិរញ្ញប្បទានពហុភាគី និងទ្វេភាគី សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសប៉ាគីស្ថានក្នុងការកសាងឡើងវិញបន្ទាប់ពីការបំផ្លិចបំផ្លាញនេះ។ បន្ថែមពីនេះ គេនឹងពិភាក្សាអំពីការបង្កើតឡើងវិញនូវយន្តការផ្អែកលើទីផ្សារ ដើម្បីកំណត់តម្លៃ នៃប្រាក់រូពីប៉ាគីស្ថានផងដែរ។
អ្នកស្រី Ruiz ជឿថា កាលណាប៉ាគីស្ថានមានកំណែទម្រង់គោលនយោបាយកាន់តែប្រសើរ នោះវានឹងអាចដូរទស្សនវិស័យរបស់ប្រទេសដទៃមកលើប្រទេសនេះបាន ជាពិសេស គឺអាចមានឱកាសទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីដៃគូផ្លូវការ និងទីផ្សារបានទៀតផង។
សូមរំឭកបន្តិចថា កាលពីឆ្នាំ២០១៩ ប្រទេសប៉ាគីស្ថានទទួលបានថវិកាឧបត្ថម្ភពី IMF ចំនួន៦ពាន់លានដុល្លារ ហើយកាលពីឆ្នាំ២០២២ IMF បានឧបត្ថម្ភពីលើបន្ថែមទៀតចំនួន ១ពាន់លានដុល្លារ។ ប៉ុន្តែអ្នកផ្តល់ប្រាក់កម្ចីទាំងនោះបានផ្អាកការផ្គត់ផ្គង់នៅក្នុងខែវិច្ឆិកាឆ្នាំ២០២២ ដោយសារតែប៉ាគីស្ថានបរាជ័យលើការធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសខ្លួន។
គួររំឭកដែរថា កាលពីដើមខែមករានេះ សហគមន៍អន្តរជាតិ អ្នកផ្តល់ជំនួយក្រៅប្រទេស និងអង់អង្គការសហប្រជាជាតិទើបប្រមូលបានជំនួយទឹកប្រាក់ប្រមាណ ៩ពាន់លានដុល្លារសម្រាប់ប៉ាគីស្ថានស្ថារប្រទេសឡើងវិញ ក្រោយពីទឹកជំនន់មហន្តរាយ និងអស្ថិរភាពសេដ្ឋកិច្ច៕