បើគេបូកបញ្ចូលគ្នាទៅ សមាជិករបស់ IPEF ទាំងអស់មាន GDPសរុបស្មើនឹងប្រហែល ៤០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកទាំងមូល។
សមាជិកដំបូងទាំង១៣ប្រទេស ដែលជាសមាជិកក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) រួមមាន ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៧ ដូចជា ថៃ វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រុយណេ ខណៈសមាជិក៦ប្រទេសទៀតរួមមាន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងញូហ្សេលែន។ កោះតៃវ៉ាន់ដែលមានទំនាក់ទំនងស្អិតរមួតជាមួយអាមេរិក មិនមានវត្តមានក្នុងសមាជិកដំបូងរបស់ IPEF នោះទេ ខណៈសមាជិកអាស៊ាន ៣ប្រទេសទៀតរួមមាន មីយ៉ាន់ម៉ា ឡាវ និងកម្ពុជាយើងក៏មិនមានវត្តមានដែរ។
ប៉ុន្តែគេគួរកត់សម្គាល់ថា ប្រទេសចំនួន១១ទៅហើយ ក្នុងចំណោម១៣ប្រទេសនៅក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដោយលើកលែងតែប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក គឺសុទ្ធសឹងតែកំពុងស្ថិតនៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP ដែលជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ដែលមាន GDPសរុបស្មើនឹង ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ខណៈដែលក្នុងនោះ ប្រទេសចិនក៏ជាសមាជិកមួយរបស់ RCEP ផងដែរ។
និយាយដោយឡែក ៧ប្រទេសក្នុងចំណោម១៣ប្រទេសរបស់ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក រួមមាន ប្រទេសជប៉ុន ប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម អូស្ត្រាលី និងនូវែលសេឡង់ ក៏កំពុងស្ថិតក្នុង កិច្ចព្រមព្រៀងវឌ្ឍនភាពគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ CP TPP ដែលសហរដ្ឋអាមេរិកបានដកខ្លួនកាលពីឆ្នាំ ២០១៧ដែរ។
តើក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក IPEF វាមានលក្ខណៈខុសគ្នាពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP និង CP TPP ត្រង់ណា?
មិនដូចនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតទាំងពីរនៅអាស៊ី CP TPP និង RCEP នោះទេ ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក IPEF ដែលជាក្របខណ្ឌសេដ្ឋកិច្ចថ្មីថ្មោងនេះ នឹងមិនមានការបន្ធូរបន្ថយពន្ធគយឡើយ។ ផ្ទុយទៅវិញ IPEF នឹងបើកផ្លូវឲ្យប្រទេសសមាជិក ពិសេសសហរដ្ឋអាមេរិកដែលជាអ្នកផ្ចុងផ្តើម ស្វែងរកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដូចជាភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ និងសេដ្ឋកិច្ចឌីជីថល ជាដើម។ IPEF ប្រៀបដូចជាយន្តការបន្ថែមទៀត ដើម្បីស្វែងរកអត្ថប្រយោជន៍ពីភាពជាដៃគូពាណិជ្ជកម្មទ្វេភាគីឲ្យបានច្រើនជាងមុន។
IPEF ក៏ទំនងជាមានលក្ខណៈខុសគ្នាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបែបប្រពៃណីផងដែរ។ ជាទូទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលគេទំលាប់ធ្វើពីដើមរៀងមក ត្រូវចំណាយពេលចរចាគ្នាច្រើនឆ្នាំ និងទាមទារពេលវេលាកាន់តែច្រើន នៅពេលគេរង់ចាំឱ្យប្រទេសជាសមាជិកផ្តល់សច្ចាប័ន។ ខុសប្លែកពី IPEF ដែលវាមិនមានភាពស៊ាំញ៉ាំ និងនិតិវិធីច្រើនដូចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបែបប្រពៃណីឡើយទាំងអស់នោះឡើយ។
IPEF មានឥទ្ធិពលបែបណាខ្លះមកក្នុងតំបន់?
ខុសប្លែកពី RCEP ដែលផ្តួចផ្តើមឡើងដោយចិន និង CPTPP ដែលចិនកំពុងតែស្នើចូលរួមដែរ, ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិគ IPEF នឹងជំរុញឲ្យបង្កើនភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់របស់អាមេរិក ដោយនឹងព្យាយាមរុញច្រានខ្សែចង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិនចេញពីក្នុងតំបន់។ ប៉ុន្តែ ក៏បានបង្កក្តីបារម្ភផងដែរថា វានឹងរំខានដល់បណ្តាញខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់អាស៊ាន ដែលពឹងផ្អែកខ្លាំងទៅខ្សែចង្វាក់ផ្តត់ផ្គង់របស់ចិន។
ទោះយ៉ាងណា អ្នកជំនាញមួយចំនួនទៀតមិនសូវជាបារម្ភចំពោះក្របខណ្ឌសេដ្ឋកិច្ចថ្មីរបស់អាមេរិកនេះទេ។ មិនសូវបារម្ភក៏ដោយសារតែពួកគេយល់ថា ក្របខណ្ឌសេដ្ឋកិច្ចនេះ ទំនងជានឹងមិនស្ថិតស្ថិររហូតដល់ក្រោយបញ្ចប់រដ្ឋការរបស់លោក ចូ បៃឌិន នោះឡើយ។ ភាពមិនប្រាកដប្រជានេះបង្ហាញថា IPEF ទំនងជាមិនមានផលប៉ះពាល់ខ្លាំងដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ឡើយ ព្រោះបច្ចុប្បន្នវិសាលភាព និងឥទ្ធិពលរបស់វា មិនទាន់អាចប្រកួតប្រជែងនឹងកិច្ចព្រមព្រៀង RCEP ដែលមានស្រាប់នោះទេ។ ដោយឡែក ឥទ្ធិពលផ្នែកសេដ្ឋកិច្ច ក៏នឹងអាស្រ័យទៅលើ គោលនយោបាយរបស់ប្រទេសជាសមាជិកនៃក្របខណ្ឌ IPEF ផងដែរ។
ភាគីចិនកាលពីពេលថ្មីនេះ ក៏បានចេញមករិះគន់ក្របខណ្ឌសេដ្ឋកិច្ចរបស់អាមេរិកនេះ ដោយបានអះអាងថា មិនយូរមិនឆាប់វានឹងត្រូវបរាជ័យជាក់ជាពុំខាន៕