បើតាមការបង្ហោះលើបណ្ដាញ Weibo ដោយស្ថាប័នមូលនិធិនេះ បានឲ្យដឹងថា «យើងដឹងថា ការប្រយុទ្ធប្រឆាំងរវាងមនុស្សជាតិ និងជំងឺ គឺជាដំណើរវែងឆ្ងាយមួយ។ ថវិកានេះ នឹងជួយដល់កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រផ្សេងៗ និងជួយការពារពីការឆ្លងជំងឺ»។
មិនមែនតែក្រុមហ៊ុន Alibaba ក៏ដូចជា លោក Jack Ma មួយនោះទេ ដែលបានផ្ដល់ជំនួយក្នុងគ្រាដែលប្រទេសចិនកំពុងជួបបញ្ហាដ៏អាក្រក់នេះ គេសង្កេតឃើញថា មានមហាសេដ្ឋីម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនផ្សេងទៀត ក៏បានចូលរួមយ៉ាងសស្រាក់សស្រាំផ្ដល់ជំនួយថវិកា និងសម្ភារដើម្បី ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះផងដែរ។
ក្រុមហ៊ុនក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាចិន ត្រូវបានគេមើលឃើញថា បានចេញមុខឆ្លើយបតយ៉ាងឆាប់រហ័សចំពោះការការផ្ទុះឡើងនៃវីរុសដ៏កាចសាហាវនេះ ដែលបាននិងកំពុងធ្វើឲ្យមនុស្សបាត់បង់ជីវិតប្រមាណ ១៧០នាក់ និងឆ្លងជំងឺនេះ ប្រមាណជិត ៨ពាន់នាក់ គិតត្រឹមថ្ងៃទី ៣០ មករានេះ។ ក្នុងនោះដែរ លោក Pony Ma ដែលជាស្ថាបនិកក្រុមហ៊ុន បច្ចេកវិទ្យាដ៏ធំមួយ របស់ចិន គឺTencent Holding Ltd ក៏បានឧបត្ថម្ភសម្ភារៈដែលមានតម្លៃប្រមាណ ៣០០ លានយន់ និងត្រៀមផ្ដល់កម្មវិធីបច្ចេកវិទ្យាមួយចំនួនទៀត ដើម្បីបម្រើដល់ការទប់ទល់នឹងវីរុសកូរ៉ូណានេះ។ រីឯ ក្រុមហ៊ុនកក់សេវាតាក់ស៊ីអនឡាញ Didi Chuxing ក៏បានជួយផ្ដល់សេវាដឹកក្រុមគ្រូពេទ្យដើម្បីទៅកាន់ទីក្រុងជាច្រើន ដើម្បីពិនិត្យ និងព្យាបាលអ្នកដែលបានឆ្លងវីរុសនេះ ខណៈដែលក្រុមហ៊ុន Bai Du Inc របស់លោក Robin Li និងក្រុមហ៊ុន បណ្ដាញសង្គម Tik Tok ក៏បានចូលរួមផ្ដល់ជំនួយហិរញ្ញវត្ថុមួយចំនួនដែរ៕