ទីភ្នាក់ងារព័ត៌មាន ក្យូដូ ផ្សាយថា អ្នកដំណើរទាំងនេះ បានត្រូវបុគ្គលិកពេទ្យ ៤នាក់ ធ្វើការពិនិត្យសុខភាពក្នុងអំឡុងពេលហោះហើរ ហើយនឹងត្រូវស្នើឲ្យស្នាក់នៅក្នុងផ្ទះរយៈពេល ២សប្ដាហ៍ ដើម្បីតាមដានមើលរោគសញ្ញា។
ប៉ុន្តែ ក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថា អ្នកដំណើរជនជាតិជប៉ុនទាំងអស់នោះ ដែលបានជម្លៀសពីទីក្រុងវូហាន ជាទីក្រុងដែលផ្ទុះមេរោគ កូរ៉ូណា មុនគេ ពុំមានឆ្លងមេរោគ កូរ៉ូណា ទេ។
នៅក្រុងវូហាន មានជនជាតិជប៉ុនសរុប ៦៥០ ហើយពួកគេបានស្នើសុំការជម្លៀសចេញពីទីក្រុងនេះ។ នៅល្ងាចថ្ងៃពុធនេះ ជើងហោះហើរមួយទៀតត្រូវគេរំពឹងថា នឹងចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ទៅកាន់ទីក្រុងវូហាន ដើម្បីដឹកជញ្ជូនជនជាតិជប៉ុនចេញជាបន្តបន្ទាប់ទៀត។
អាមេរិកជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន
នៅព្រឹកនេះ (ថ្ងៃទី២៩ មករា ២០២០) សហរដ្ឋអាមេរិកបានចាប់ផ្ដើមការជម្លៀសជើងទីមួយ នូវពលរដ្ឋរបស់ខ្លួនចេញពីទីក្រុង វូហាន ខេត្តហ៊ើប៉ី ប្រទេសចិន ជាកន្លែងដែលផ្ទុះមេរោគ កូរ៉ូណា ឆ្លងដល់មនុស្សរាប់ពាន់នាក់។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា ពលរដ្ឋអាមេរិកាំង ២៤០នាក់ ដែលរួមមានអ្នកការទូត និងពលរដ្ឋដទៃទៀត ត្រូវបានដឹកជញ្ជូនចេញពីទីក្រុងវូហានហើយ ដោយជើងហោះហើរនេះនឹងហោះទៅរដ្ឋអាឡាស្កា បន្ទាប់មកទៅទីក្រុង អុនតារីអូ រដ្ឋកាលីហ្វ័រញ៉ា ដែលនៅចម្ងាយ ៥៦គីឡូម៉ែត្រ ពីទីក្រុងឡូសអ៊ែនជែឡេស។
យោងតាមសារព័ត៌មាន AP ពលរដ្ឋអាមេរិកាំងទាំង ២៤០នាក់នេះ នឹងត្រូវពិនិត្យរកមើលមេរោគ កូរ៉ូណា និងដាក់ឲ្យរស់នៅដាច់ដោយឡែកនៅទីក្រុង អុនតារីអូ រយៈពេលអាចដល់ទៅ២សប្ដាហ៍ ដែលកិច្ចការនេះនឹងធ្វើឡើងដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក។
ចំនួនអ្នកស្លាប់នៅប្រទេសចិន កើនឡើងដល់ ១៣២នាក់
គិតត្រឹមព្រឹកថ្ងៃទី២៩ មករា ២០២០នេះ បើយោងតាមសារព័ត៌មាន South China Morning Post ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកផ្លូវដង្ហើមបង្កដោយមេរោគ កូរ៉ូណា នៅប្រទេសចិន កើនឡើងដល់ ១៣២នាក់ហើយ។
ចំណែក ករណីឆ្លងរបស់មេរោគ កូរ៉ូណា កើនឡើងដល់ ៦០៥២ករណី ក្នុងនោះ នៅក្នុងប្រទេសចិន ករណីឆ្លងមាន ៥៩៧៤ករណី ក្រៅពីនោះ គឺជាករណីឆ្លងដែលគេរកឃើញនៅក្រៅប្រទេសចិន៕
(ធ្វើបច្ចុប្បន្នភាព វេលាម៉ោង ៩ព្រឹក ថ្ងៃទី២៩ មករា ២០២០ ពីប្រភពសារព័ត៌មាន South China Morning Post, The Guardian)