

ការអំពាវនាវនេះស្របពេលជាមួយគ្នាដែលធនាគារ អេស៊ីលីដា បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) របស់ខ្លួន និងចំពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងញាំញីដោយសារវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ-១៩ ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារជាន់ខ្ពស់នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា «ឥឡូវនេះ បច្ចេកវិទ្យាហិរញ្ញវត្ថុដែលយើងហៅថា Fintech កាន់តែទំនើប ហើយធនាគារអេស៊ីលីដាយើង ក៏បានអភិវឌ្ឍខ្លួនយ៉ាងលឿនផងដែរនៅឆ្នាំ២០២១នេះ នូវហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយរួមទាំងប្រព័ន្ធទូទាត់ប្រាក់ដោយ Scan QR Code តាម អេស៊ីលីដាម៉ូបាល ដូច្នេះ យើងសូមលើកទឹកចិត្តអតិថិជន និងប្រជាជនទូទៅ សូមនាំគ្នាងាកមករកការទូទាត់ប្រាក់ដោយប្រើ Scan QR Code តាម អេស៊ីលីដាម៉ូបាល ឲ្យបានកាន់តែច្រើន ។»

លោកស្រីនាយិកាបានបន្តថា «ចំពោះអត្ថប្រយោជន៍វិញ ការទូទាត់ប្រាក់ដោយប្រើ Scan QR Code តាម អេស៊ីលីដាម៉ូបាល គឺងាយស្រួល រហ័សទាន់ចិត្ត ហើយជាពិសេសបំផុតនោះ គឺក្នុងបរិបទវិបត្តិកូវីដ-១៩នេះ ការមិនប្រើក្រដាសប្រាក់ផ្ទាល់ ការមិនប៉ះពាល់ក្រដាសប្រាក់ផ្ទាល់ មានន័យថា អ្នកកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងជំងឺផ្សេងៗ រួមទាំងកូវីដ-១៩ ផងដែរ ។»
ទន្ទឹមនឹងនេះដែរ លោកស្រីនាយិកាបានបន្ថែមថា ការស្កែនទូទាត់ជាមួយ QR Code តាម អេស៊ីលីដាម៉ូបាល លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ដូច្នេះ រាល់ពេលទូទាត់សម្រាប់ការទិញទំនិញ ឬការទទួលទាហាន សូមលោកអ្នកសួររក QR Code ធនាគារ អេស៊ីលីដា ដើម្បីទទួលបានការបញ្ចុះតម្លៃ ។

បច្ចុប្បន្ន បើតាមលោកស្រីនាយិកា សុខ សោភា ការទូទាត់ដោយ Scan QR Code តាម អេស៊ីលីដាម៉ូបាល អាចធ្វើបាននៅក្នុងប្រទេសថៃផងដែរ ហើយនៅកម្ពុជាវិញ អតិថិជនអាចទូទាត់តាម Scan QR Code ជាមួយនឹងដៃគូរបស់ធនាគារ អេស៊ីលីដា ជាង ៦ម៉ឺនកន្លែង នៅទូទាំងប្រទេសកម្ពុជា ។
លោកស្រី សុខ សោភា បានឱ្យដឹងបន្ថែមថា «អេស៊ីលីដា ម៉ូបាល App គិតមកដល់បច្ចុប្បន្ន មានអតិថិជន ជិត ២លាននាក់កំពុងប្រើប្រាស់; ម៉ាស៊ីន អេធីអឹម មានចំនួន ៧៥៣គ្រឿង, ម៉ាស៊ីនឆូតកាត ចំនួន ៤២៩០គ្រឿង, បណ្ណដកប្រាក់ អេស៊ីលីដា ចំនួន ១,០៦៣,៧៤១, បណ្ណឥណពន្ធ វីសា ចំនួន ១២៦,៣៨១; បណ្ណឥណទាន វីសា ១៣,៥៥៨; បណ្ណឥណពន្ធ ម៉ាស្ទ័រកាត ជាង ៨ ម៉ឺន និងបណ្ណឥណទាន ម៉ាស្ទ័រកាត ១,៤១២ ។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា បានដាក់ឲ្យប្រើប្រាស់ អេស៊ីលីដាម៉ូបាល ដោយមិនគិតថ្លៃសេវានោះទេ ៕