មហាសេដ្ឋី​សាំងហ្គាពួរ​កើនទ្រព្យ​ព្រោះតែកូវីដ-១៩

កូវីដ-១៩ ជួយឲ្យមហាសេដ្ឋីសាំងហ្គាពួរម្នាក់ កើនប្រាក់ ១ពាន់លានដុល្លារក្នុងមួយខែ


ស្របពេលដែល​បញ្ហា​កូវីដ-១៩ កំពុងធ្វើឲ្យ​អាជីវកម្ម​របស់​សេដ្ឋីៗជាច្រើន​​​នៅទូទាំង​ពិភពលោក​ជួបបញ្ហា នឹងស្រុតចុះចំណូល ស្រាប់តែ​មាន​មហាសេដ្ឋីសាំងហ្គាពួរមួយរូប កាន់តែមានឡើងៗ នៅអំឡុងពេល​កូវីដ-១៩ ខណៈដែលប្រាក់របស់គាត់បានកើនឡើងប្រមាណ ១ពាន់លានដុល្លារ ក្នុងមួយខែនៅឆ្នាំនេះ។ លុយរបស់គាត់កើនឡើង​ គឺ​ដោយសារតែតម្លៃភាគហ៊ុន របស់ក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្ររបស់គាត់ បានហក់កើនឡើងដល់ទៅ ជិត៥០% ចំពេលដែលមានមេរោគឆ្លងកូវីដ-១៩ ផ្ទុះរីករាលដាល។
កូវីដ-១៩ ជួយឲ្យមហាសេដ្ឋីសាំងហ្គាពួរម្នាក់ កើនប្រាក់ ១ពាន់លានដុល្លារក្នុងមួយខែ (រូបភាព៖https://www.voorp.com)
ដោយ

ទ្រព្យសម្បត្តិ​របស់លោក Li Xiting ជាសហស្ថាបនិក​ និងជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន Shenzhen Mindray Bio- Medical Electronics បានកើនឡើង​៤,៣ ពាន់លាន​ដុល្លារ​អាមេរិក​នៅឆ្នាំនេះ ពោលគឺ​កើន​ដល់ទៅ ១៣,៥ពាន់លាន​ដុល្លារអាមេរិក។ នេះបើតាម​ទិន្នន័យ​ពី​សារព័ត៌មាន Bloomberg ឬអាចនិយាយមួយបែបថា គិតជាមធ្យម​លុយ​របស់គាត់​កើនឡើង​៣៧,៧លាន​ដុល្លារ​ក្នុងរយៈពេល​២៤ម៉ោង​ ហើយ​វាបានធ្វើឲ្យលោក Li ដែលជាអ្នកមាន​ស្រុក​កំណើត​នៅ​ខេត្ត​ Anhui នៃភាគខាងកើត​ប្រទេសចិន បានក្លាយជា​បុរស​មានទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​បំផុត​នៅសាំងហ្គាពួរ ដែលជាប្រទេស​គាត់​ទទួលបាន​សញ្ជាតិ​ស្របច្បាប់​កាលពីឆ្នាំ​២០១៨។

ភាគហ៊ុន​របស់ក្រុមហ៊ុន Mindray បាន​ហក់កើនឡើង​តាំងពី​មានការរីករាល​ដាល​នៃមេរោគឆ្លង​ ដែល​ត្រូវបាន​រាយការណ៍​ដំបូង​កើតមាន​នៅក្នុង​ខេត្ត​Hubei ប្រទេសចិន រួច​បន្ត​រាលដាល​នៅទូទាំងពិភពលោក ខណៈដែល​ចំនួន​អ្នកឆ្លង​គិតមកទល់នឹង​ថ្ងៃទី ២៧ ខែមេសានេះ កើនឡើងដល់ប្រមាណ ៣លាន​នាក់ហើយ។ 

តម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុន Mindray ដែលបាន​បើកជួញដូរ​នៅថ្ងៃ​ទី ២៣ ខែមេសា គឺមាន​តម្លៃខ្ពស់​បំផុតជិត​ប្រមាណ​២៧០,៥២ យ័ន នៅលើផ្សារហ៊ុន ChiNext នៅទីក្រុង​ស៊ិនជិន​ប្រទេសចិន ដែលធ្វើឲ្យតម្លៃ​​ទីផ្សារ​ហ៊ុន​សរុប​របស់ក្រុមហ៊ុននេះ មានដល់​៤៦,៥ពាន់លាន​ដុល្លារអាមេរិក។

បើតាម​ការឆ្លើយតប​តាម​សារអ៊ីម៉ែល​ជាមួយនឹង​សារព័ត៌មាន SCMP ក្រុមហ៊ុន Mindray បាន​បញ្ជាក់ថា «ការកម្ម៉ង់​ផលិតផល​របស់​ក្រុមហ៊ុនយើង មានការកើនឡើង​ខ្លាំងនៅអំឡុងខែ​មីនា។ យើង​ទទួលបាន​ការកម្ម៉ង់ទិញ​ពីជាង​១០០ប្រទេស សម្រាប់​ឧបករណ៍​វេជ្ជសាស្ត្រ​របស់យើង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគឆ្លងរីករាលដាល»។

ក្រុមហ៊ុននេះ មានផលិត​ឧបករណ៍​ត្រួតពិនិត្យ និងតាមដាន​អ្នកជំងឺ ដោយ​ទទួលបាន​ការបញ្ជាទិញ​ជិត​១ម៉ឺន​ឈុត ពីប្រទេស​អ៊ីតាលី ខណៈដែលអ៊ីតាលី គឺជា​ប្រទេសទី២ហើយនៅអឺរ៉ុប ដែលមាន​ករណីឆ្លង​មេរោគ​កូវីដ-១៩ ច្រើនជាងគេ។

លោក Li បច្ចុប្បន្នមានវ័យ ៦៩ឆ្នាំហើយ គាត់ធ្លាប់សិក្សាផ្នែករូបវិទ្យា​នៅប្រទេសចិន ដែលមានឯកទេស​ក្នុង​វិស័យ​ Cryogenics មុននឹង​គាត់​បាន​អាហារូបករណ៍​ទៅរៀន​នៅ​សកលវិទ្យាល័យ University of Paris ក្នុងប្រទេស​បារាំង នៅអំឡុង​ទសវត្សរ៍​ទី៨០។

ដោយមាន​ប្រវត្តិការងារ​ដំបូង​នៅក្នុង​ផ្នែកស្រាវជ្រាវ លោក Li បាន​បន្ដ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រ​មួយ​នៅក្នុង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​មួយ​នៅភាគខាងត្បូង​ប្រទេសចិន មុននឹង​គាត់​បាន​បង្កើតក្រុមហ៊ុន​របស់ខ្លួន គឺ Mindray នៅក្នុងឆ្នាំ១៩៩១ ជាមួយនឹង​ដៃគូរបស់លោក គឺ លោក Xu Hang និង​Cheng Minghe៕

None



អត្ថបទបន្ទាប់


សាច់ជ្រូកនាំចូលទៅវៀតណាមកើនឡើង ៣០០% នៅ៤ខែឆ្នាំនេះ

ប្រទេសវៀតណាមបាននាំចូលសាច់ជ្រូកហក់កើនឡើងយ៉ាងខ្លាំងដល់ទៅ ៣០០% នៅក្នុងរយៈពេលជិត ៤ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅនេ…

ក្រសួងសុខាភិបាល៖ មានពលករជិត៩ម៉ឺននាក់ត្រលប់មកកម្ពុជាវិញ តែមិនទាន់រកឃើញករណីឆ្លងកូវីដ-១៩ នៅឡើយទេ

ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតនៅថ្ងៃទី ២៧ ខែមេសានេះ ពលករដែលបានចូលមកកាន់ប្រទេសកម្ពុជាមានចំនួនជិត ៩ម៉ឺននាក់ហើយ។ ពលករទាំងអស់នេះ សុទ្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ