បើទោះបីជា ត្រូវខាតបង់ចំណូលក្ដី ក៏ក្រុមហ៊ុននេះនៅតែបន្តចាក់លុយចូលក្នុងគម្រោងនេះទៀតដដែល ដ្បិតគេជឿលើចក្ខុវិស័យអនាគតនៃគម្រោងថ្មីនេះ។
ស្ថាបនិកក្រុមហ៊ុនMeta គឺលោក Mark Zuckerberg បានហៅថា កាត់បន្ថយការងារបុគ្គលិកនាពេលនេះថា ជាការសម្រេចចិត្តដ៏លំបាកបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនយក្សហ្វេសប៊ុក។
លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានរៀបរាប់នៅក្នុងសារផ្ញើទៅបុគ្គលិកថា ការធ្លាក់ចុះម៉ាក្រូសេដ្ឋកិច្ច ការកើនឡើងនៃការប្រកួតប្រជែង និងការបាត់បង់ការផ្សព្វផ្សាយ បានធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះជាងការរំពឹងទុក។ លោកបានទទួលស្គាល់ និងទទួលខុសត្រូវចំពោះកំហុស ដែលបានមើលស្រាលចំពោះស្ថានភាពនេះ។
ការកាត់បន្ថយចំនួនការងារដ៏ច្រើនសម្បើមបំផុតក្នុងរយៈពេល ១៨ឆ្នាំរបស់ក្រុមហ៊ុននេះ គឺធ្វើឡើងបន្ទាប់ពីគូប្រជែង Twitter ក្រោមការដឹកនាំថ្មីរបស់លោក Elon Musk បានកាត់បន្ថយបុគ្គលិកប្រមាណ ៥០% ឯណោះ។
ក្នុងអំឡុងពេលផ្ទុះការរាតត្បាតកូវីដ១៩ខ្លាំងកាលពីឆ្នាំមុនៗ ក្រុមហ៊ុន Meta ក៏ដូចជាក្រុមហ៊ុនបណ្តាញសង្គមផ្សេងៗទៀតដែរ បានជ្រើសរើសបុគ្គលិកយ៉ាងច្រើន ដោយសារតែបណ្តាប្រទេសនានាបានបិទខ្ទប់ ធ្វើឱ្យមនុស្សប្រើប្រាស់បណ្តាញសង្គមជាចាំបាច់បំផុត។ ប៉ុន្តែ អាជីវកម្មបណ្តាញសង្គមនេះ បែរជាត្រូវរងគ្រោះ ដោយសារតែវិបត្តិសាកលឆ្នាំនេះទៅវិញ ដែលបណ្តាលឱ្យការផ្សព្វផ្សាយលើបណ្តាញសង្គមបានធ្លាក់ចុះយ៉ាងគំហុក។
ក្រុមហ៊ុន Meta ដែលធ្លាប់មានទ្រព្យសម្បត្តិជាង ១ទ្រីលានដុល្លារ ពេលនេះបានធ្លាក់តម្លៃមកសល់ត្រឹមតែ ២៥៦ពាន់លានដុល្លារ បន្ទាប់ពីបាត់បង់តម្លៃជាង ៧០% ក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណាក្តី តម្លៃភាគហ៊ុនរបស់ Meta បានកើនឡើង ៤% គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា បន្ទាប់ពីលោក Mark Zuckerberg បានប្រកាសវិនិយោគបន្ថែមលើគម្រោង Metaverse ហើយលោករំពឹងថា វានឹងចំណាយពេល ១ទសវត្សរ៍ ដើម្បីទទួលបានផ្លែផ្កាមកវិញ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Meta បានចាក់លុយចូលយ៉ាងច្រើនក្នុងគម្រោង Metaverse ដែលក្រុមហ៊ុននេះ សង្ឃឹមថា វានឹងអាចជួយស្រោចស្រង់ក្រុមហ៊ុនបច្ចេកវិទ្យានេះឡើងវិញ។ Metaverse នេះ គឺជាពិភពសិប្បនិម្មិតមួយ ដែលអាចឱ្យមនុស្សមើលឃើញ និយាយឆ្លើយឆ្លងគ្នាបានតាមរយៈ ឧបករណ៍វែនតា VR ដោយមិនចាំបាច់ត្រូវជួបគ្នាផ្ទាល់៕
អត្ថបទ៖ នៅ សំភី