លោកស្រី ម៉ាម៉ាតា បេនណឺជី(Mamata Banerjee) មកពីគណបក្សទ្រីណាមុល (Trinamool) បានយកឈ្នះគណបក្សលោក ណារីនដ្រាមូឌី ដោយបានដណ្តើមយកសម្លេង ២ ភាគ បីក្នុងរដ្ឋសភាពនៃរដ្ឋធំជាងគេលំដាប់ទី៤របស់ឥណ្ឌាមួយនេះ។
លោកស្រី ម៉ាម៉ាតា បេនណឺជីក្នុងវ័យ ៦៦ឆ្នាំ នឹងក្លាយជាប្រធានរដ្ឋ វេសប៊េងហ្គាល សម្រាប់អាណត្តិទី៣ ដែលនេះជាជ័យជំនះ៣អាណត្តិជាប់ៗគ្នារបស់លោកស្រី ហើយលោកស្រីក៏ជាស្ត្រីតែម្នាក់គត់ក្នុងពេលបច្ចុប្បន្ន នៅប្រទេសឥណ្ឌា ដែលបានអង្គុយតំណែងជាប្រធានរដ្ឋ។
គួររំឭកថា លោកស្រី ម៉ាម៉ាតា បេនណឺជី ក៏ដូចជាគណបក្សរបស់លោកស្រីផងដែរ ត្រូវបានគេមើលឃើញថា បានរិះគន់ទៅលើនាយករដ្ឋមន្ត្រីឥណ្ឌា លោកណារិនដ្រា ម៉ូឌី ឥតសំចៃមាត់ ជុំវិញការធ្វេសប្រហែសរបស់លោកក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩នៅឥណ្ឌា។
គួរបញ្ជាក់ដែរថា លោកណារិដ្រា ម៉ូឌី នៅមួយរយៈចុងក្រោយនេះ ត្រូវបានមជ្ឈដ្ឋានជាតិរិះគន់ចំៗថា បានធ្វេសប្រហែសក្នុងការគ្រប់គ្រងកូវីដ-១៩ និងមើលស្រាលស្ថានការណ៍ក៏ដូចជាមើលស្រាលជំងឺដ៏កាចសាហាវមួយនេះ។
នៅដើមខែ កុម្ភៈ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រកាសក្តែងៗថា ប្រទេសឥណ្ឌាបានយកឈ្នះលើជំងឺកូវីដ-១៩ដោយជោគជ័យហើយ ដោយសារតែកាលនោះ ករណីឆ្លងថ្មីមានត្រឹមតែ ៩ពាន់នាក់ក្នុងមួយថ្ងៃ។
នៅចំពោះមុខពលរដ្ឋឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានលើកសរសើរខ្លួនទៀតថា លោក ជាអ្នកស្រោចស្រង់ប្រទេសឥណ្ឌា ហើយបានធ្វើឲ្យឥណ្ឌាក្លាយជាប្រទេសផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោកថែមទៀតផង។ ដោយសារតែមូលហេតុទាំងនេះហើយ ទើបរដ្ឋាភិបាលលោក ណារិនដ្រា ម៉ូឌី ចាប់ផ្តើមឈប់រិតបន្ដឹងវិធានការសុវត្ថិភាពដូចមុនទៀត ដោយបានអនុញ្ញាតឲ្យមានការជួបប្រជុំមនុស្សរាប់សែននាក់ក្នុងពិធីបុណ្យសាសនាហិណ្ឌូ និងការចូលរួមក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សលោក ដែលជាដើមចមធ្វើឲ្យឥណ្ឌាមានការរាលដាលកូវីដ-១៩ខ្លាំងក្លាដូចបច្ចុប្បន្ន។
សូមបញ្ជាក់ថា ឥណ្ឌានៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីប្រមាណ៣៦ម៉ឺននាក់ទៀត និងអ្នកស្លាប់ថ្មីជិត ៣.៥០០នាក់ ដែលប្រការនេះបានធ្វើឲ្យអ្នកឆ្លងកូវីដ១៩សរុបនៅឥណ្ឌាបានកើនដល់ជិត ២០លាននាក់ហើយ។ ទិន្នន័យនេះ គឺនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល ខណៈអ្នកជំនាញជាច្រើនបានបន្តព្រមានថា តួលេខឆ្លងជាក់ស្តែង អាចនឹងមានច្រើន ជាងតួលេខ ដែលត្រូវបានប្រកាសជាផ្លូវការ ប្រសិនបើការធ្វើតេស្ត ត្រូវបានធ្វើឡើងដោយគ្រប់ជ្រុងជ្រោយនោះ៕