 
      នៅក្នុងសេចក្ដីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបាន ចុះហត្ថលេខា ដោយឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ បាន ឲ្យដឹងថា ផ្អែកតាមរបាយការណ៍ស្ថានភាពរាតត្បាតនៃវីរុស Covid-19 របស់អង្គការសុខភាពពិភពលោក ព្រមទាំង ការរកឃើញជាបន្ដបន្ទាប់នូវវិជ្ជមានវីរុស Covid-19 លើជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកកម្ពុជា ដែលតម្រូវឲ្យមានវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់ និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំបានណែនាំដល់គ្រឹះស្ថាន គ្រប់កម្រិត គ្រប់ប្រភេទទាំងអស់ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស ចាប់ផ្ដើមអនុវត្ត វិស្សមកាលដូច មុនកាលកំណត់ ចាប់ពីថ្ងៃទទួលបានសេចក្ដីណែនាំនេះ រហូតដល់មានការជូនដំណឹងជាថ្មី។ សម្រាប់សាលារៀន ដែលមិនទាន់បានបញ្ចប់ការវាយតម្លៃលទ្ធផលសិក្សា របស់សិស្សក្នុងឆមាសទី១ តម្រូវឲ្យយកលទ្ធផលសិក្សាជាមធ្យមភាគ នៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគពិន្ទុប្រចាំឆមាសទី១។
សម្រាប់គរុសិស្ស គរុនិស្សិត និងនិស្សិតវិញ ក៏ត្រូវឲ្យឈប់សម្រាកចាប់ពីថ្ងៃចេញសេចក្ដីណែនាំនេះ រហូតដល់មានការជូនដំណឹងជាថ្មីផងដែរ ហើយក្រសួងក៏នឹងប្រមូលនូវព័ត៌មានរាល់ការធ្វើដំណើរកម្មវិធីទស្សនកិច្ច កម្មសិក្សារបស់ពួកគេ ដែលទៅកាន់ប្រទេសដែលមានផ្ទុះករណី Covid-19 ក្នុងអំឡុងពេល ១៤ថ្ងៃ មុនថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០។ ករណីពួកគេ មានប្រវត្តិធ្វើដំណើរទៅប្រទេសទាំងនេះ ហើយមានសង្ស័យចំពោះសុខភាពផ្ទាល់ខ្លួន ឬមានរោគសញ្ញាស្រដៀងនឹងជំងឺ Covid-19 ពួកគេ ត្រូវទាក់ទងជាបន្ទាន់ទៅលេខ ១១៥ ដើម្បីពិគ្រោះយោបល់។
ដោឡែក ចំពោះអាណាព្យាបាលសិស្សវិញ ខាងក្រសួងអប់រំ ក៏បានលើកទឹកចិត្ត ដល់ពួកគេ ឲ្យជំរុញកូនធ្វើស្វ័យសិក្សាតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមនឹងការឆ្លងខ្ពស់ ដូចជា៖ កន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងៗទៀត។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងក៏ទើបតែបានសម្រេចប្រកាសឲ្យសាលារៀនគ្រប់កម្រិត ទាំងរដ្ឋ និងឯកជន នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ត្រូវឈប់សម្រាប់មុនកាលកំណត់ផងដែរ ក្រោយពីរកឃើញករណី Covid-19 លើបុរសជនជាតិខ្មែរម្នាក់នៅសៀមរាប និងករណីលើជនបរទេសប៉ុន្មាននាក់ទៀត នៅរាជធានីភ្នំពេញ៕
 
              
              
             
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              