ការស្ទង់មតិថ្មីមួយបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ថា ក្រុមហ៊ុនជប៉ុន រហូតដល់ទៅជាង៤០% គ្មានគម្រោងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នោះទេ ខណៈដែលជិត២៤% បានប្រើប្រាស់ AI ហើយ៣៥% មានគម្រោងប្រើប្រាស់ AI។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារធំៗជាច្រើន។
ការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុនជប៉ុន Nikkei Research ជាមួយនឹងការឆ្លើយតបពីក្រុមហ៊ុនប្រមាណ២៥០ស្ថាប័នបានបង្ហាញថា ក្រុមហ៊ុនជប៉ុន៦០% បានប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះបុគ្គលិក ខណៈ៥៣% ប្រើប្រាស់ AI ដើម្បីកាត់បន្ថយថ្លៃពលកម្ម ហើយ៣៦% ប្រើប្រាស់ AI ដើម្បីជួយពន្លឿនការស្រាវជ្រាវ និងអភិវឌ្ឍន៍។
លទ្ធផលនៃការស្ទង់មតិបង្ហាញថា កត្តាចម្បងមួយចំនួនដែលធ្វើឱ្យក្រុមហ៊ុនជប៉ុន ដល់ទៅជាង៤០%គ្មានគម្រោង ឬស្ទាក់ស្ទើរក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI រួមមានការព្រួយបារម្ភរបស់កម្មករនិយោជិតអំពីការបាត់បង់ការងារ ដែលធ្វើឱ្យបុគ្គលិកភ័យខ្លាចមិនហ៊ានប្រើប្រាស់បច្ចេកវិទ្យា AI បញ្ហាកង្វះជំនាញដែលក្រុមហ៊ុនជាច្រើនខ្វះជំនាញបច្ចេកទេសចាំបាច់ ដើម្បីអនុវត្តការប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព ការព្រួយបារម្ភរបស់ក្រុមហ៊ុនអំពីភាពគួរឱ្យទុកចិត្តបាន និងស្ថិរភាពនៃបច្ចេកវិទ្យា AI ព្រមទាំងបញ្ហាសុវត្ថិភាពតាមអ៊ីនធឺណិតជាដើម។
ទិន្នន័យបង្ហាញថា ក្រុមហ៊ុនជប៉ុន១៥% ដែលឆ្លើយតបនៅក្នុងការស្ទង់មតិខាងលើនេះបានជួបប្រទះការវាយប្រហារតាមអ៊ីនធឺណិតនៅក្នុងឆ្នាំកន្លងទៅ ដោយ២៣% នៃការវាយប្រហារទាំងនោះបានបណ្តាលឱ្យអាជីវកម្មរងការរអាក់រអួល។ ជាលទ្ធផល ដើម្បីបង្កើនសុវត្ថិភាពតាមអ៊ីនធឺណិត ឬ Cybersecurity ក្រុមហ៊ុន៤៧%បានជួលក្រុមហ៊ុនខាងក្រៅឱ្យជួយការពារពីការវាយប្រហារតាមអ៊ីនធឺណិត ខណៈក្រុមហ៊ុន៣៨%ជួលអ្នកជំនាញឱ្យប្រចាំការនៅក្នុងស្ថាប័នរបស់ខ្លួនដោយផ្ទាល់៕
ដោយ: តែម សុខុម