បើតាមទិន្នន័យពីប្រភពខាងលើនេះ បានឲ្យដឹងទៀតថា មានក្រុមហ៊ុនធំជាងមួយចំនួនទៀត ក៏បានបង្ហាញពីផែនការក្នុងការកាត់បុគ្គលិកផងដែរ។ ក្រុមហ៊ុនផលិតស្បែកជើងពីតៃវ៉ាន់ Pouyuen Vietnam ដែលជាក្រុមហ៊ុនធំនៅក្នុងទីក្រុងហូជីមិញនោះ បានកាត់បន្ថយកម្មករនិយោជិតជិត៣ពាន់នាក់ ដោយសារតែបញ្ហាកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់ការបញ្ជាទិញ។
ក្រុមហ៊ុនផលិតស្បែកជើងមួយផ្សេងទៀត គឺ Hue Phong Footwear Jsc បានកាត់បុគ្គលិកប្រមាណពាក់កណ្ដាលនៃបុគ្គលិកសរុប ៤.៦០០ នាក់ ខណៈដែលក្រុមហ៊ុន Woodworth Wooden Industries Vietnam ក៏បានកាត់កម្មករនិយោជិតប្រមាណ ២ពាន់នាក់ផងដែរ។
នៅក្នុងរយៈពេល ៦ខែ ដំបូងនៃឆ្នាំនេះ ចំនួនប្រជាពលរដ្ឋវៀតណាមដែលទទួលបានអត្ថប្រយោជន៍ពីការបាត់បង់ការងារធ្វើនៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ៣២% ដែលមានចំនួនប្រមាណជាង៦៥,៥ ម៉ឺននាក់។ រដ្ឋាភិបាលវៀតនាម បានចំណាយទឹកប្រាក់អស់ប្រមាណ ៣០០លានដុល្លារ សម្រាប់ការផ្ដល់ការឧបត្ថម្ភដល់ពលរដ្ឋបាត់បង់ការងារទាំងនោះ ដែលមានការកើនឡើង៤០%។
មានពលរដ្ឋប្រមាណ ៥៤ម៉ឺននាក់ បានរកបានការងារធ្វើ តាមរយៈភ្នាក់ការងាររដ្ឋាភិបាល ដែលមានការធ្លាក់ចុះជិត២៤%។ នៅក្នុងខែ មិថុនា ចំនួនការងារបានធ្លាក់ចុះ ២៨% នៅក្នុងទីក្រុងហូជីមិញ និងធ្លាក់ចុះ ២៣% នៅរដ្ឋធានីហានូយ។
សេដ្ឋកិច្ចត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំង នៅពេលដែលខ្សែច្រវាក់ផ្គត់ផ្គង់ ត្រូវបានរំខាន ការកើនឡើងនៃភាពគ្មានការងារធ្វើ និងអាជីវកម្មមានប្រាក់ចំណូលធ្លាក់ចុះ ចំពេលដែលមានវិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ។
ចំនួនអាជីវកម្មដែលបានព្យួរប្រតិបត្តិការបណ្ដោះអាសន្ននៅវៀតណាម មានការកើនឡើងដល់ជិត៣ម៉ឺនអាជីវកម្ម នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ កើនឡើងជាង៣៨%។
កំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងឆមាសទី១នេះ គឺសម្រេចបាន១,៨% ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១ទសវត្សរ៍មកនេះ។ កាលពីឆ្នាំមុន កំណើនសេដ្ឋកិច្ចវៀតណាមមានការកើនឡើងដល់ទៅ ៧,០២% ដែលជាកំណើនខ្ពស់់បំផុតទី២ ក្នុងរយៈពេល១ទសវត្សរ៍កន្លងមក ដោយបានតាមពីក្រោយកំណើនកាលពីឆ្នាំ២០១៨ ដែលមាន៧,០៨%៕