សម្តេច ហ៊ុន សែន បាននិយាយនៅឯពិធីសម្ពោធរោងចក្រស៊ីម៉ងត៍ នៅខេត្តកំពត ដូច្នេះថា «អ្នកដែលយើងបានចាប់ខ្លួន ខ្ញុំសូមឱ្យរដ្ឋមន្រ្តីយុត្តិធម៌ ធ្វើការជាមួយនឹងព្រះរាជអាជ្ញា ជាមួយតុលាការ ដើម្បីដោះលែងឱ្យនៅក្រៅឃុំ តាមរយៈនៃការស្នើសុំរបស់សាម៉ីខ្លួន របស់មេធាវី ឬរបស់ក្រុមគ្រួសារ។»
ការវិវឌ្ឍជាវិជ្ជមានចុងក្រោយបានកើតឡើង បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានផ្តល់រយៈពេល ០១ខែ ដល់រដ្ឋាភិបាលដើម្បីឆ្លើយតបទៅនឹងរបាយការណ៍បឋមនៃការស៊ើបអង្កេតអំពីប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជា។ គណៈកម្មការអឺរ៉ុប បាននិយាយថា ការសម្រេចដក EBA ឬអត់ ពីកម្ពុជា នឹងកើតឡើងនៅខែកុម្ភៈ ឆ្នាំក្រោយ។
នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកានេះដែរ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យបងប្អូនដែលរត់ទៅក្នុងប្រទេសថៃ ត្រឡប់ចូលមកក្នុងប្រទេសវិញ ហើយសម្តេចបានអះអាងថា នឹងមិនមានការចាប់ខ្លួននោះទេ។
សម្តេចហ៊ុន សែន បាននិយាយដូច្នេះថា «ឥឡូវ សូមបងប្អូនវិលត្រលប់មកកាន់ផ្ទះសម្បែងនៅក្នុងប្រទេសកម្ពុជាវិញ អត់មានទោសពៃរ៍អីទេ អត់នរណាចាប់ទេ។ ហ៊ុន សែន បញ្ជារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ មិនត្រូវចាប់ចងអ្នកដែលបានទៅលាក់ខ្លួនក្នុងប្រទេសថៃនោះទេ។»
សម្តេច ហ៊ុន សែន ក៏បានបន្ថែមថា អ្នកដែលមានដីកាចាប់ខ្លួនហើយ ព្រះរាជអាជ្ញានឹងដក ឬលុបដីកានោះចេញ ដើម្បីអនុញ្ញាតឲ្យវិលមកស្រុកវិញបាន៕