មហាសេដ្ឋី និងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីរន្ទឺមួយរូបនៅកម្ពុជា គឺលោក ឧកញ៉ា សៀ ឫទ្ធី មានគន្លឹះវិនិយោគ បី យ៉ាង ដើម្បីចែកជូនលោកអ្នក ពិចារណា ដើម្បីទិញដី បានចំណេញប្រាក់។
គន្លឹះទាំង៣ យ៉ាងនេះ រួមមាន៖
១, ទិញដី ដែលស្របច្បាប់៖ លោកអ្នកត្រូវប្រាកដថា ដីធ្លី ឬផ្ទះសម្បែងដែល លោកអ្នកចង់ទិញនោះ ត្រូវតែមានឯកសារ ប្លង់រឹងគ្រប់គ្រាន់ ទៅតាមច្បាប់ ឬមិនមែនជាអចលនទ្រព្យដែលកំពុងស្ថិតនៅក្នុងជម្លោះ នោះឡើយ។ ទោះបីតម្លៃរបស់វា ធូរថ្លៃជាងទីផ្សារក៏ដោយអ្នកពុំគួរប្រថុយទិញដីប្រភេទនេះនោះទេ ព្រោះវាមានហានិភ័យខ្ពស់។
២ ,សិក្សាពីព័ត៌មានអំពីសក្ដានុពលនៃអចលនទ្រព្យ៖ អ្នកត្រូវចេះតាមដានព័ត៌មាន នានាទាក់ទងនឹងការអភិវឌ្ឍន៍ ពីសេសទិសដៅ និងផែនការរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ នៅតាមតំបន់នីមួយ។ អ្នកអាចសិក្សាបាន ដោយផ្អែកទៅលើការអង្កេតជាក់ស្ដែង ពីសន្ទុះនៃការអភិវឌ្ឍន៍ នៃតំបន់នីមួយ។ វាមិនមែនជារឿងលំបាកទេ សម្រាប់ការអង្កេតនេះ អ្នកអាចមើលបានតាមរយៈកំណើនគម្រោងអភវិឌ្ឍន៍ ពិសេសបុរីធំៗ បើកាលណាបុរីធំៗមានការសម្រុកទៅសាងសង់នៅតំបន់នោះ ច្រើន អ្នកអាចទៅរកទិញដីម្ដុំក្បែរៗនោះ គឺមិនខុសទេ។ រៀនបទពិសោធន៍របស់គេ ដែលជាអ្នកអភិវឌ្ឍន៍ធំៗ ដើម្បីយកមកធ្វើជាចំណេះរបស់ខ្លួនឯងសម្រាប់ការវិនិយោគដីធ្លី គឺជាភាពឆ្លាតវៃរបស់វិនិយោគិន។
៣, ចំណេះដឹងប្រើប្រាស់ហិរញ្ញវត្ថុ៖ ការទីញដីធ្លី ឬផ្ទះសម្បែង សម្រាប់បច្ចុប្បន្ននេះ មិនចាំបាច់ទាល់តែមានដើមទុនគ្រប់ទាំងអស់ទើបអាចទិញបាននោះទេ ពោលគឺអ្នកអាចប្រើប្រាស់កម្ចីធនាគារមកទិញដីធ្លី ឬផ្ទះសម្បែងនោះបាន។ ប៉ុន្ដែ ការទិញបង់រំលស់អាចជាម្រើសល្អ ប្រសិនបើដី ឬផ្ទះនោះ អាចជួលរកចំណូលត្រឡប់មកវិញបាន សម្រាប់ការបង់ការប្រាក់ឲ្យធនាគារ។
ផ្ទុយទៅវិញ បើអ្នកមានលុយមិនគ្រប់តែរត់ទៅរកខ្ចីបុលធនាគារ ដើម្បីទិញដីយកមកទុកចោល ដេករង់ចាំចំណេញ ដោយមិនអាចជួលបន្តបាននោះ សូមកុំទិញឲ្យសោះ។ ការលើកឡើងនេះ គឺចំពោះការវិនិយោគជាលក្ខណៈបុគ្គល ប៉ុន្ដែសម្រាប់ការទិញជាលក្ខណៈក្រុមហ៊ុន គឺគេអាចមានយុទ្ធសាស្ត្ររបស់គេ ក្នុងការប្រើប្រាស់កម្ចីទិញអចលនទ្រព្យនោះ។
គន្លឹះសម្រាប់ពិចារណាក្នុងការទិញដីឡូត៌ បុរី ឬខុនដូ
យ៉ាងណាមិញ បើអ្នកទិញដីជាប្រភេទដីឡូត៌ ឬបុរី ខុនដូ អ្នកក៏ត្រូវដឹងច្បាស់ នូវព័ត៌មានអំពីគម្រោង ពិសេសតើនរណាជាអ្នកអភិវឌ្ឍន៍គម្រោងនោះ? ព្រោះបច្ចុប្បន្នមានអ្នកចេញពុះដីឡូត៌ភ្លូកទឹកភ្លូកដី ដោយមានអ្នកខ្លះមិនមានជំនាញ ច្បាស់លាស់។ ពិសេសការទិញខុនដូ ទីតាំងគឺជាកត្តាស្លាប់រស់ ហើយទីតាំងល្អបំផុតត្រូវតែស្ថិតនៅកណ្ដាលទីក្រុង។
តួយ៉ាង អ្នកពុះដីឡូត៌ខ្លះ ពុះដីឡូត៌ដោយមិនមានច្បាប់អនុញ្ញាត និងមិនមានហេដ្ឋារចនាសម្ព័ន្ធ ត្រឹមត្រូវជាដើម ។ កេរ្តិ៍ឈ្មោះ របស់អ្នកអភិវឌ្ឍន៍ត្រូវងបានលោកឧកញ៉ា សៀ ឫទ្ធី អះអាងថា គឺសំខាន់ណាស់ ដែលអ្នកត្រូវយកចិត្តទុកដាក់ ពិសេសសម្រាប់ការទិញដីឡូត៌ បុរី ឬខុនដូជាដើម។ ស៊ូទិញអចលនទ្រព្យតម្លៃថ្លៃជាង តែមានទំនុកចិត្តខ្ពស់ជាង ជាជាងការទិញអចលនទ្រព្យដែលមានតម្លៃថោក តែមិនមានទំនុកចិត្ត។
សង្ខេបនិន្នាការទីផ្សារនៃវិស័យអចលនទ្រព្យឆ្នាំ២០១៩
គួរបញ្ជាក់ថា នៅប្រមាណពាក់កណ្ដាលឆ្នាំនេះ លោកឧកញ៉ា សៀ ឫទ្ធី បានកត់សម្គាល់ឃើញដែរថា គម្រោងវិនិយោគក្នុងវិស័យអចលនទ្រព្យហាក់មានការធ្លាក់ចុះប្រមាណ១៨% ប៉ុន្ដែ បើមើលទៅលើទុនវិនិយោគវិញ គឺនៅតែរក្សានូវភាពវិជ្ជមានដដែល។
លោកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ ២០១៩នេះ និន្នានៃការវិនិយោគក្នុងវិស័យអចលនទ្រព្យ ហាក់មានការប្រែប្រួលគួរឲ្យកត់សម្គាល់ ដោយលោកមើលឃើញថា វាកំពុងដើរដល់ដំណាក់កាលមួយ ដែលអ្នកវិនិយោគធំ ស៊ីអ្នកវិនិយោគតូច ពោលគឺ គម្រោងវិនិយោគ វិនិយោគតូចៗមិនអាចប្រជែងជាមួយគម្រោងធំៗបាន ដូច្នេះ អ្នកអភិវឌ្ឍន៍គម្រោងតូចៗទាំងនោះ បានបន្ថយការវិនិយោគរបស់ខ្លួន តិចជាងមុន។
លោកឧកញ៉ា បានបន្ថែមទៀតថា សម្រាប់តម្រូវការផ្ទះសម្បែងស្នាក់នៅចាប់ពីឆ្នាំក្រោយទៅ មានតម្រូវការប្រមាណ ៥ម៉ឺនខ្នង។ ទន្ទឹមនឹងនោះ សម្រាប់ខុនដូវិញ នៅដាច់ឆ្នាំនេះ នឹងមាន៣ម៉ឺនបន្ទប់ ខណៈដែលឆ្នាំនេះ កំពុងសង់១,៧ ម៉ឺនបន្ទប់។ ក្នុងនោះ ភាគច្រើន ការវិនិយោគរបស់ចិន ប្រមាណ៧០% បាននិង កំពុងអភិវឌ្ឍខុនដូនៅកម្ពុជា ដោយអតិថិជនដែលទិញភាគច្រើន គឺជាជនជាតិដែលរស់នៅប្រទេសចិន។ តាមការប្រមើលរបស់លោកឧកញ៉ា សៀ ឫទ្ធី សម្រាប់វិស័យខុនដូ នៅរយៈពេល៣ឆ្នាំ ខាងមុខទៀតនេះ អាចនឹងត្រូវជួបនឹងបញ្ហាការផ្គត់ផ្គង់មានច្រើនតម្រូវការ ហើយខុនដូភាគច្រើនដែលសាងសង់រួច នឹងអាចមិនមានមនុស្សនៅ ព្រោះអ្នកទិញភាគច្រើនជាជនជាតិចិន ដែលទិញសម្រាប់ទុកជួលតែប៉ុណ្ណោះ៕