អត្រាភាពក្រីក្រនៅកម្ពុជា

ធនាគារពិភពលោកអះអាងថា ជំងឺកូវីដ១៩ ធ្វើឲ្យពលរដ្ឋកម្ពុជា ៤៦ម៉ឺននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រឡើងវិញ


ធនាគារពិភពលោក បង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះសឹងតែពាក់កណ្តាលក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ប៉ុន្តែក្រោយមានការចូលរាតត្បាតដោយជំងឺកូវីដ-១៩នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យអត្រាភាពក្រីក្រនៅកម្ពុជាបានហក់កើនឡើងវិញគួរឲ្យកត់សម្គាល់។
ធនាគារពិភពលោកអះអាងថាជំងឺកូវីដ១៩ធ្វើឲ្យពលរដ្ឋកម្ពុជាធ្លាក់ចូលក្នុងភាពក្រីក្រឡើងវិញ Photo by: ADB Photo by: ADB

ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០២០មក អត្រាភាពក្រីក្ររបស់កម្ពុជាបានកើនឡើង ២,៨% ដែលមានន័យថា ប្រជាជនប្រហែល ៤៦ម៉ឺននាក់ បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលចេញផ្សាយនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។

តាមរបាយការណ៍វាយតម្លៃភាពក្រីក្រក្រោមចំណងជើង «ស្តារសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ននិងភាពធន់ជាងមុន» របស់ធនាគារពិភពលោក បានឱ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិតជិត៣៤% មកនៅត្រឹមជិត ១៨% ដោយជួយឱ្យប្រជាជនកម្ពុជាជិត ២លាននាក់បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០២០មក អត្រានេះបានកើនឡើង ២,៨%ឡើងវិញ ដែលមានន័យថា ប្រជាជនប្រហែល ៤៦ម៉ឺននាក់ បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ។

បើតាមធនាគារពិភពលោក ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ជាទសវត្សរ៍ដែលប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចឥតឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ បាននាំឱ្យមានការកើនឡើងប្រាក់ឈ្នួល និងកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។

បើតាម លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា កិច្ចខិតខំជំរុញឱ្យមានការផ្លាស់ប្តូរជារចនាសម្ព័ន្ធបានជួយកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលកន្លងមក។ ប៉ុន្តែ ទន្ទឹមនឹងជោគជ័យគួរឱ្យកត់សម្គាល់នេះ គ្រួសារជាច្រើនស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនៅឡើយ ដោយសារពួកគេមិនសូវមានប្រាក់សន្សំ ឬគ្មានសំណាញ់ការពារផ្នែកសង្គម។ មានន័យថា ជំងឺកូវីដ-១៩ បានរុញថយក្រោយវិញនូវវឌ្ឍនភាពរបស់កម្ពុជាក្នុងការប្រយុទ្ធនឹងភាពក្រីក្រ ដោយធ្វើឱ្យប្រជាជនជាច្រើនបាត់បង់ការងារនិងប្រាក់កម្រៃ។

ទន្ទឹមនេះ របាយការណ៍របស់ធនាគារពិភពលោក បានរកឃើញថា ការកើនឡើងប្រាក់ចំណូលមិនមែនកសិកម្ម ដូចជា នៅក្នុងវិស័យទេសចរណ៍ កាត់ដេរ និងសំណង់ មានចំណែកធំក្នុងការកាត់បន្ថយភាពក្រីក្រ។

កំណើនដែលនាំមុខដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជារចនាសម្ព័ន្ធឆ្ពោះទៅរកវិស័យមានផលិតភាពកាន់តែខ្ពស់ ជួយបង្កើតបានការងារដែលមានប្រាក់ខែកាន់តែប្រសើរនៅក្នុងផ្នែកផលិតកម្ម និងផ្នែកសេវាកម្ម។ ដោយកម្មករមានលទ្ធភាពផ្លាស់ចេញពីវិស័យកសិកម្មដែលមានប្រាក់កម្រៃទាប ទៅធ្វើការនៅតាមវិស័យ ដែលមានប្រាក់កម្រៃខ្ពស់ជាង និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់ធនាគារពិភពលោក កម្ពុជាគួរពិចារណាលើអន្តរាគមន៍ផ្នែកគោលនយោបាយមួយចំនួនដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយបរិយាបន្ន និងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាតនិងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយ។ អន្តរាគមន៍ទាំងនោះអាចរួមមាន ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំជាដើម៕




អត្ថបទបន្ទាប់


ស្ករត្នោតកំពង់ស្ពឺគ្រោងនាំចេញទៅប្រទេសចិននៅឆ្នាំក្រោយ ប៉ុន្ដែការផលិតកំពុងខ្វះខាត

ទីផ្សារស្ករត្នោតកំពង់ស្ពឺនៅក្នុងស្រុក និងទីផ្សារអន្តរជាតិកំពុងមានតម្រូវការកើនខ្ពស់ ខណៈដែលថ្មីៗនេះ ផលិតផលម៉ាសម្គាល់ភូមិសាស្ត្រមួយនេះ ក៏គ្រោង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ