លទ្ធផលពីនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសនឹងត្រូវប្រកាសនៅម៉ោង ៦និង៣០ នាទីល្ងាចថ្ងៃចន្ទនេះ (ម៉ោងនៅកម្ពុជា) នៅក្រោយពេលដែលរដ្ឋមន្ត្រីការបរទេសលោកស្រី Truss និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Rishi Sunak បានចំណាយពេលស្វែងរកការគាំទ្ររបស់ខ្លួននៅក្នុងចំណោមសមាជិកគណបក្សអភិរក្សដែលត្រូវបោះឆ្នោតផ្ដាច់ព្រ័ត្រនៅថ្ងៃនេះ។
ប្រសិនបើឈ្នះការបោះឆ្នោតនេះមែន លោកស្រី Truss នឹងក្លាយជានាយករដ្ឋមន្ត្រីស្រីទីបីនៅចក្រភពអង់គ្លេសបន្ទាប់ពីលោកស្រី Theresa May និងលោកស្រី Margaret Thatcher។ លោកស្រី Truss អាយុ ៤៧ ឆ្នាំបាននាំមុខលោក Sunak អាយុ ៤២ ឆ្នាំជាប់ជានិច្ចក្នុងការបោះឆ្នោតក្នុងចំណោមសមាជិកគណបក្សអភិរក្សដែលមានចំនួនប្រមាណ ២០ ម៉ឺននាក់ដែលមានសិទ្ធិបោះឆ្នោតនៅពេលនេះ។
សូមរំលឹកថា ការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីនេះបានចាប់ផ្តើមនៅក្នុងខែកក្កដាបន្ទាប់ពីលោក Johnson បានប្រកាសលាលែងពីតំណែងក្រោយពីមានរឿងអាស្រូវ និងមានមន្ត្រីរបស់លោកជាច្រើនបានលាលែងពីរដ្ឋាភិបាលជាបន្តបន្ទាប់។
ការបោះឆ្នោតតាមប្រៃសណីយ៍ និងតាមអ៊ីនធឺណិតបានបិទបញ្ចប់កាលពីថ្ងៃសុក្រសប្ដាហ៍មុនបន្ទាប់ពីបានធ្វើយុទ្ធនាការ ៨ សប្តាហ៍ដែលលោកស្រី Truss បានប្រាប់ទូរទស្សន៍អង់គ្លេស BBC ថាជា«ការសម្ភាសន៍ការងារដ៏យូរបំផុតជាប្រវត្តិសាស្ត្រ»។ ទោះយ៉ាងណាការបោះឆ្នោតនេះមិនឆ្លុះបញ្ចាំងពីគំនិតយោបល់របស់សាធារណជនទូទៅនោះទេ។
ការស្ទង់មតិធ្វើឡើងដោយក្រុមហ៊ុន YouGov កាលពីខែសីហាបានរកឃើញថា ចំនួន ៥២ ភាគរយគិតថាលោកស្រី Truss នឹងធ្វើជានាយករដ្ឋមន្ត្រីដ៏«លំបាក» ឬក៏«ដ៏គួរឱ្យភ័យខ្លាច»មួយរូបខណៈដែលចំនួន ៤៣%ទៀតបាននិយាយថា ពួកគេមិនទុកចិត្តចំពោះលោកស្រី«ទាល់តែសោះ»ក្នុងការដោះស្រាយបញ្ហាក្ដៅគគុកនៃការកើនឡើងនៃតម្លៃចំណាយដ៏អាក្រក់បំផុតក្នុងសង្គម។
ចំណែកកាសែត The Sunday Times វិញបានសរសេរថា មិនខ្វល់ថាអ្នកណាឈ្នះការបោះឆ្នោតនេះទេគឺអ្នកនោះត្រូវប្រឈមមុខនឹង«ការងារជាច្រើនដែលត្រូវធ្វើសម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីដែលបន្សល់ទុកតាំងពីសម័យកាលគ្រប់គ្រងដោយលោកស្រី Thatcher មកម្ល៉េះ។
ចក្រភពអង់គ្លេសបានជួបវិបត្តិចំណាយសម្រាប់ការរស់នៅដ៏អាក្រក់បំផុតក្នុងរយៈពេលច្រើនជំនាន់មកនេះដោយសារអតិផរណាបានកើនឡើងរហូតដល់២ខ្ទង់ និងតម្លៃថាមពលបានកើនឡើងនៅក្រោយពេលមានសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។
មនុស្សរាប់លាននាក់បាននិយាយថា ដោយសារខ្ទង់ចំណាយនឹងកើនឡើង ៨០ ភាគរយចាប់ពីខែតុលា និងខ្ពស់ជាងនេះចាប់ពីខែមករាឆ្នាំក្រោយនោះដូច្នេះហើយពួកគេអាចប្រឈមនឹងបញ្ហាដ៏លំបាកពាក់ព័ន្ធនឹងចំណីអាហារនិងកម្ដៅក្នុងរដូវរងារនេះ។ នេះបើតាមការស្ទង់មតិ។
លោកស្រី Truss បានប្រាប់ BBC កាលពីថ្ងៃអាទិត្យថា ប្រសិនបើលោកស្រីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីមែននោះ លោកស្រីនឹងធ្វើសកម្មភាពភ្លាមៗលើវិក័្កយប័ត្រចំណាយ និងការផ្គត់ផ្គង់ថាមពល ហើយក្នុងអំឡុងពេល១សប្ដាហ៍លោកស្រីធានាថានឹងធ្វើការប្រកាសពីរបៀបដែលរដ្ឋាភិបាលរបស់លោកស្រីនឹងត្រូវដោះស្រាយពីបញ្ហានេះជាមិនខាន៕