សារព័ត៌មានអាមេរិក Bloomberg បានចុះផ្សាយយ៉ាងដូច្នេះ នៅថ្ងៃទី១០ ខែកញ្ញានេះ ដោយស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសវៀតណាម និយាយយ៉ាងដូច្នេះថា "យើងស្វាគមន៍ការរួមចំណែកឆ្លើយតបដោយស្ថាបនារបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រឹងប្រែងរបស់អាស៊ាន ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងសមុទ្រចិនខាងត្បូង ។"
លោករដ្ឋមន្ត្រីការបរទេសវៀតណាម ផាម ប៊ិញមិញ បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំតាមអនឡាញមួយរវាងតំណាងអាស៊ានដែលមានសមាជិក ១០ប្រទេស ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃឃល ផុមផេអូ (Michael Pompeo) ដោយប្រទេសវៀតណាមគឺជាប្រធានប្ដូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេហ៍ ឬ អាស៊ាន ។
រដ្ឋមន្ត្រីការបរទេសវៀតណាមដដែល និយាយថា បណ្ដាប្រទេសអាស៊ីអាគ្នេយ៍បើកចំហចំពោះឱកាសសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្ដែងជាមួយសហរដ្ឋអាមេរិក នៅក្នុងតំបន់នេះ ។
កន្លងមក ប្រទេសដែលមានជាប់ពាក់ព័ន្ធនឹងជម្លោះដែនដីនៅក្នុងសមុទ្រចិនខាងត្បូងជាមួយមហាយក្សចិន រួមមាន វៀតណាម, ហ្វ៊ីលីពិន, ប្រ៊ុយណេ និង ម៉ាឡេស៊ី ។
នៅមុននេះមួយថ្ងៃ នៅក្នុងជំនួបប្រជុំតាមអនឡាញ លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍ថា សហរដ្ឋអាមេរិកបាននិងកំពុងអន្តរាគមន៍នៅក្នុងជម្លោះទាមទារទឹកដី ក្នុងសមុទ្រចិនខាងត្បូង និងកំពុងពង្រឹងការពង្រាយយោធារបស់ខ្លួនក្នុងតំបន់ប្រទាញប្រទង់គ្នា "ក្នុងគោលបំណងបម្រើនយោបាយផ្ទាល់ខ្លួនរបស់ខ្លួន" ។
ភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង បានកើតឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលមហាអំណាចពិភពលោកសហរដ្ឋអាមេរិកនិងចិនឈ្លោះគ្នាលើបញ្ហាជាច្រើន រាប់ទាំងបញ្ហាលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង រហូតដល់រឿងសន្តិសុខទិន្នន័យ ពាក់ព័ន្ធនឹងកម្មវិធីបណ្ដាញសង្គម TikTok និង WeChat របស់ចិន ។
កាលពីខែកក្កដា អាមេរិកច្រានចោលការទាមទារដែនសមុទ្រដ៏ធំធេងនៅក្នុងសមុទ្រចិនខាងត្បូងពីសំណាក់ប្រទេសចិន និងបានបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ដើម្បីធ្វើសមយុទ្ធយោធា ។
បន្ទាប់មក នៅខែសីហា ចិនបានបាញ់កាំជ្រួចមីស៊ីលទៅក្នុងសមុទ្រចិនខាងត្បូង ដែលទង្វើនេះនាំឲ្យមានការព្រួយបារម្ភកើនឡើងអំពីលទ្ធភាពនៃជម្លោះប្រដាប់អាវុធនៅក្នុងតំបន់នេះ៕