ទីផ្សារមាស

ធនាគារកណ្តាលវៀតណាមនឹងដាក់ដេញថ្លៃលក់មាសជិត១៧ពាន់តម្លឹង ដើម្បីទម្លាក់ថ្លៃមាសដែលកំពុងកើនឡើងខ្ពស់


ធនាគារកណ្តាលវៀតណាមនឹងដាក់លក់ដុំមាសតាមការដេញថ្លៃចំនួនជិត១៧ពាន់តម្លឹងនៅសប្តាហ៍នេះ ដែលនេះជាការលក់ដេញថ្លៃមាសលើកដំបូងក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម ការសម្រេចចិត្តបែបនេះ គឺដើម្បីជួយទម្លាក់តម្លៃមាសនៅក្នុងប្រទេស ដែលកំពុងហក់ឡើងថ្លៃខ្ពស់រហូតដល់ជិត៣ពាន់៣រយដុល្លារនៅក្នុង១តម្លឹង។
ទីផ្សារមាស
ដោយ

ស្របពេលតម្លៃមាសនៅក្នុងទីផ្សារក្នុងស្រុកឡើងដល់កម្រិតថ្លៃបំផុតជិត៣ពាន់៣រយដុល្លារក្នុង១តម្លឹង ធនាគារកណ្តាលវៀតណាម បានប្រកាសថា ខ្លួននឹងយកមាសសរុបជិត១៧ពាន់តម្លឹងដាក់ដេញថ្លៃលក់នៅដើមសប្តាហ៍នេះ។ សារព័ត៌មាននៅក្នុងប្រទេសនេះបានរាយការណ៍ថា នាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់បរទេស នៃធនាគារដ្ឋរបស់ប្រទេសសង្គមនិយមនេះ នឹងដេញថ្លៃមាសជាលើកដំបូងបង្អស់នៅក្នុងរយៈពេល១១ឆ្នាំនៅព្រឹកថ្ងៃចន្ទតែម្តង។

មាសដុំដែលធនាគារនេះ នឹងយកមកដេញថ្លៃនឹងដាក់លក់ក្នុងតម្លៃចាប់ពី៣ពាន់២រយ១៥ដុល្លារនៅក្នុង១តម្លឹងឡើងទៅ ក្រោយតម្លៃមាសនៅលើទីផ្សារកាលពីថ្ងៃសុក្រ សប្តាហ៍មុនបានឡើងដល់ជិត៣ពាន់៣រយដុល្លារក្នុង១តម្លឹង។ បើតាមការបង្ហើបឱ្យដឹងពីធនាគាររដ្ឋរបស់ប្រទេសនេះ ពិធីដេញថ្លៃមាសនេះ មានក្រុមហ៊ុន និងធនាគារចំនួន១៥ប៉ុណ្ណោះ ដែលមានសិទ្ធិចូលរួមក្នុងការដេញថ្លៃដ៏កម្រនេះ។ កាលពីឆ្នាំ២០១៣ ធនាគារដ្ឋវៀតណាមបានដាក់ដេញថ្លៃមាសចំនួន៧៦លើក ដោយលក់មាសចេញបានប្រមាណជិត២លានតម្លឹង ឫជិត៧០តោន។

តម្លៃមាសនៅក្នុងប្រទេសវៀតណាម បានបន្តកើនឡើងជាបន្តបន្ទាប់ ហើយពលរដ្ឋវៀតណាម ក៏បានសម្រុកទិញមាសទុកកាន់តែច្រើនចំពេលមានការកើនឡើងតម្លៃមាសសកល និងអតិផរណាខ្ពស់នៅទូទាំងពិភពលោក។ ការផ្គត់ផ្គង់តិចតួច និងតម្រូវការខ្ពស់បានធ្វើឱ្យតម្លៃក្នុងស្រុកកើនឡើងរហូតដល់ជាង៥០០ដុល្លារនៅក្នុងមួយតម្លឹង ពោលគឺតម្លៃនេះ ខ្ពស់ជាងតម្លៃមាសនៅលើពិភពលោកឆ្ងាយគួរសម។ កត្តានេះទើបធ្វើឱ្យមានករណីរត់ពន្ធមាសពីក្រៅប្រទេសចូលទៅក្នុងប្រទេសវៀតណាមកើតមានជាបន្តបន្ទាប់ ដោយនៅក្នុងនោះក៏មានពីកម្ពុជាផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏អាជ្ញាធរវៀតណាមបានចាត់វិធានការណ៍គ្រប់គ្រងយ៉ាងតឹងរឹងបំផុត។

ពាក់ព័ន្ធនឹងការដេញថ្លៃនេះ លោក ឃ្វៀន មិញ ធួន (Nguyen Minh Tuan)នាយកប្រតិបត្តិនៃក្រុមហ៊ុន AFA Capital បានព្រមានថា ការដេញថ្លៃមាសគួរតែត្រូវបានពិចារណាដោយប្រុងប្រយ័ត្ន ព្រោះវានឹងត្រូវការប្រាក់ដុល្លារអាម៉េរិកយ៉ាងច្រើន ដើម្បីដេញថ្លៃ ដូច្នេះវាបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានលើអត្រានាំចូលមាស និងអត្រាការប្រាក់។ លោកបានព្រមានថា ការដេញថ្លៃនឹងជួយបង្កើនការផ្គត់ផ្គង់ ប៉ុន្តែទំនងជាមិនអាចជួយបង្រួមគម្លាតតម្លៃបាននោះទេ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលអាម៉េរិក ជាប់ផុងក្នុងបំណុលគរដូចភ្នំ ដោយត្រូវបង់ការប្រាក់រហូតដល់ទៅ១ទ្រីលានដុល្លារក្នុងមួយឆ្នាំ

សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ច កំពុងជាប់ផុងក្នុងបំណុលជាតិ គរដូចភ្នំរហូតដល់ទៅ៣៤ទ្រីលាន…

ធនាគារអភិវឌ្ឍន៍អន្តរជាតិធំៗទាំង១០ ប្ដេជ្ញាផ្ដល់កម្ចីបន្ថែម៤០០ពាន់លានដុល្លារ សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយដែលមានមូលដ្ឋាននៅវ៉ាស៊ីនតុនឌីស៊ី សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អន្តរជាតិធំៗទាំង១០របស់ពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ