ការសម្រេចក្នុងការជំរុញលើកទឹកចិត្តឲ្យពលរដ្ឋឆាប់រៀបការមុនអាយុ៣០ឆ្នាំ និងឆាប់បង្កើតកូននេះ ត្រូវបានដាក់ចេញកាលពីថ្ងៃទី២៨ ដោយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក។
ការម្រេចនេះ គឺអំពាវនាវឲ្យពលរដ្ឋឆាប់រៀបការនៅមុនអាយុ ៣០ឆ្នាំ ហើយបង្កើតកូនឲ្យបានឆាប់ ហើយស្ត្រីជាប្រពន្ធគួរតែមានកូនជាលើកទី២ទៀត នៅមុនអាយុ៣៥ឆ្នាំ។
គូស្វាមីភរិយា ដែលមានកូនពីរនាក់ នឹងត្រូវទទួលបានអត្ថប្រយោជន៍ ពីការលើកទឹកចិត្តជាច្រើន រួមមាន ការជួយជ្រោមជ្រែងក្នុងការជួល ឬទិញផ្ទះ ដែលមានការឧបត្ថម្ភធនពីរដ្ឋ និងការទទួលយកអាទិភាពសម្រាប់ឲ្យកុមាររៀននៅសាលារដ្ឋជាដើម។
តំបន់ដែលមានអត្រាលទ្ធភាពមានកូនរបស់ស្ត្រី ២,២ ឬក្រោមនេះ ត្រូវធ្វើការអប់រំពលរដ្ឋឲ្យយល់ដឹងពីអត្ថប្រយោជន៍ នៃការមានកូន២នាក់ និងគុណវិបត្តិនៃការយឺតយូរក្នុងការរៀបការ និងយកកូនតិចពេកជាដើម ព្រមទាំងបង្ហាញពលរដ្ឋអំពីផលប៉ះពាល់របស់ពួកគេទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។
ប្រទេសវៀតណាម គិតត្រឹមឆ្នាំ២០១៩ មានប្រជាជនសរុប ៩៦,២លាននាក់ ដែលឈរក្នុងលំដាប់ទី ៣ នៅអាស៊ីអាគ្នេយ៍ និងទី ១៥ នៅទូទាំងសកលលោក ជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុត។ នេះបើយោងតាមរបាយការណ៍របស់ គណៈកម្មាធិការកណ្ដាលជំរឿនទូទៅ និងលំនៅដ្ឋាន។
ប្រទេសវៀតណាម បានឈានដល់ចំណុចរបត់មួយនៅឆ្នាំ២០១៥ នៅពេលដែលប្រទេសនេះ បានចាបផ្ដើមក្លាយជាប្រទេសមួយ មានប្រជាជនវ័យចំណាស់លឿនជាងគេបំផុតនៅក្នុងពិភពលោក។ នេះបើតាមរបាយការណ៍មួយរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច កាលពីឆ្នាំ២០១៦។
មានតំបន់ជាច្រើនបានបង្ហាញពីការធ្លាក់ចុះអត្រាកំណើត ក្រោមអត្រានៃលទ្ធភាពមានកូនរបស់ស្ត្រី ដែលស្ត្រីម្នាក់អាចមានកូន២នាក់។ ជាឧទាហរណ៍ ស្ត្រីនៅក្នុងទីក្រុងហូជីមិញ គឺមានកូនគិតជាមធ្យម ១,៣៦ នាក់ប៉ុណ្ណោះ ខណៈដែលនៅតំបន់ផ្សេងទៀត ដូចជានៅខេត្ត Dong Thap, Hau Giang និង Ba Ria-Vun ក៏មានប្រហាក់ប្រហែលនេះដែរ។
អ្នកជំនាញថា ការថយចុះនៃអត្រាលទ្ធភាពមានកូនរបស់ស្ត្រី អាចនឹងធ្វើឲ្យចំនួនប្រជាជនមានវ័យចំណាស់កើនឡើងយ៉ាងលឿន៕