ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវពន្លឿន និងអនុវត្តផែនការគំនិតផ្តួចផ្តើមរៀបចំប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយ័ព្យ ដែលផ្សាភ្ជាប់ទៅនឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគក្នុងនិងក្រៅប្រទេសមកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញកសិផលវារីវប្បកម្ម និងបសុសត្វទៅកាន់ទីផ្សារចិន និងអន្តរជាតិ។ សម្តេច បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវជំរុញឱ្យខេត្តនៅភាគពាយ័ព្យ ដែលរួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ ដោយមិនមែនសំដៅតែទៅលើផលិតផលវារីវប្បកម្ម និងអង្ករនោះទេ គឺមានផលិតផលបន្ថែមជាច្រើនទៀត ដែលកំពុងមានទីផ្សារជាមួយប្រទេសចិនស្រាប់ផងដែរ នៅក្នុងខេត្តភាគពាយ័ព្យនេះ ជាក់ស្តែង ដូចជាផ្លែមៀនប៉ៃលិនជាដើម ដែលសម្រេចបានការបើកទីផ្សារនាំចេញទៅកាន់ប្រទេសចិនបានរួចហើយផងដែរ។ សម្តេចតេជោ បន្ថែមថា ផលិតផលនៅក្នុងខេត្តភាគពាយ័ព្យនេះ មិនត្រឹមតែដាក់គោលដៅនាំចេញទៅចិនតែមួយនោះទេ គឺនិងដាក់គោលដៅនាំចេញទៅអន្តរជាតិផងដែរ។
យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន បានអះអាងបន្ថែមទៀតថា កម្ពុជានឹងដាក់ខេត្តសំខាន់ៗផ្សេងទៀតដែលមានសក្ដានុពលខាងសេដ្ឋកិច្ច ជំរុញឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ក្នុងនោះកម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន ដោយយកផ្នែកកសិ-ឧស្សាហកម្មគឺជាស្នូល ដែលក្នុងនោះរួមមានខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី។
បើតាម សម្តេចតេជោ ហ៊ុន សែន ទោះបីពិភពលោកបានជួបវិបត្តិនៃកូវីដ១៩ និងឥទ្ធិពលនៃភាពតានតឹងនៃភូមិសាសាស្ត្រនយោបាយ ដែលបណ្តាលមកពីង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ ប៉ុន្តែភាពរឹងមាំនៃវិស័យកសិកម្មកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយនូវភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសបញ្ជៀសបានទាំងស្រុងនូវវិបត្តិអត់ស្បឿងអាហារ និងអតិផរណានៃតម្លៃស្បៀង។ ជាពិសេសនៅពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារ កម្ពុជាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀងរបស់ខ្លួនបានពេញលេញនោះទេ ប៉ុន្តែថែមទាំងមានអតិរេកនាំចេញផលិតផលកសិកម្មបានជាង ៨លានតោន ទៅកាន់គោលដៅចំនួន ៧៤ប្រទេសទៀតផងដែរ។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៣ ដែលក្នុងនោះ ប៉ូលសេដ្ឋកិច្ចទី១ គឺរាជធានីភ្នំពេញ ប៉ូលសេដ្ឋកិច្ចទី២ គឺខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទី៣ គឺខេត្តសៀមរាប៕