អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យបានលើកឡើងស្រដៀងគ្នាថា ខេត្តព្រះសីហនុនឹងបាត់បង់ឱកាសក្នុងការទាក់ទាញការវិនិយោគ បើការដោះស្រាយអគារជាប់គាំងការសាងសង់បន្តអូសបន្លាយយូរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា អគារជាប់គាំងនៅខេត្តព្រះសីហនុមិនបានជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យរបស់ខេត្តជាប់មាត់សមុទ្រមួយនេះនោះទេ។ ប៉ុន្តែការជាប់គាំងអគារទាំងនេះ វាអាចក្លាយជារូបភាពអវិជ្ជមានមួយសម្រាប់ខេត្តនេះក្នុងការទាក់ទាញការវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ សម្រាប់អ្នកជំនាញរូបនេះ ខេត្តព្រះសីហនុអាចនឹងបាត់បង់ឱកាសក្នុងការចាប់យកការអភិវឌ្ឍន៍ថ្មីនៅពេលសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពិភពលោកបើកចំហ ប្រសិនបើការដោះស្រាយអគារជាប់គាំងបន្តអូសបន្លាយយូរ។
ពាក់ព័ន្ធអគារជាប់គាំងនៅខេត្តព្រះសីហនុនេះ លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex យល់ឃើញថា មូលហេតុដែលធ្វើឲ្យអគារនៅខេត្តព្រះសីហនុបន្តជាប់គាំងការអភិវឌ្ឍន៍ គឺដោយសារការធ្លាក់ចុះនៃតម្រូវការ គួបផ្សំតម្លៃអចលនទ្រព្យនៅខេត្តនេះកាលពីមុនបានឡើងថ្លៃខ្ពស់ពេក ដែលជាហេតុធ្វើឲ្យអ្នកអភិវឌ្ឍន៍ហាក់រារែកក្នុងវិនិយោគបន្ត។ សម្រាប់លោកស្រី អាន សុធីតា ដើម្បីអាចទាក់ទាញការវិនិយោគពីប្រទេសផ្សេងៗឲ្យមកវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ លុះត្រាតែអចលនទ្រព្យមានតម្លៃសមរម្យ ដែលអាចទទួលបានយកបាន។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ បច្ចុប្បន្នខេត្តជាប់មាត់សមុទ្រមួយនេះមានអគារជាប់គាំងការសាងសង់សរុបជាង១ពាន់អគារ ដែលភាគច្រើនអ្នកអភិវឌ្ឍន៍ជាជនជាតិចិន និងម្ចាស់ដីជាជនជាតិខ្មែរ។ យើងសង្កេតឃើញថា ការជាប់គាំងអគារទាំងនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលរឹតបន្តឹង និងលុបបំបាត់មិនឲ្យមានល្បែងស៊ីសងតាមអនឡាញកាលពីអំឡុងឆ្នាំ២០១៩ ដែលធ្វើឲ្យអភិវឌ្ឍន៍ ដែលភាគច្រើនជាជនជាតិបោះបង់ការវិនិយោគ។ អគារជាប់គាំងទាំងនេះកំពុងក្លាយជាវិញ្ញាសា ដែលទាមទារឲ្យរដ្ឋបាលខេត្តព្រះសីហនុ និងរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងដោះស្រាយ។ បើពុំនោះទេការអគារជាប់គាំងទាំងនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់រាជរដ្ឋាភិបាល ដែលកំពុងគូសផែនទី និងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍៕