ទន្ទឹមនឹងនេះដែរ ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមលើកទឹកចិត្តដល់អតិថិជននិងសាធារណជនទាំងអស់ ឲ្យប្រើប្រាស់សេវាស្វ័យប្រតិបត្តិការ តាមរយៈទូរសព្ទចល័ត (អេស៊ីលីដាម៉ូបាល) ម៉ាស៊ីនដកប្រាក់និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ អេធីអឹម ២៤ម៉ោង/៧ថ្ងៃ ដើម្បីធានាសុវត្ថិភាព និងការពារហានិភ័យនានាជាយថាហេតុ ជំនួសការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃ ដែលបម្រើតាមបញ្ជរនៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ ។
លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃកន្លងមកនេះ អតិថិជននិងអាជីវកម្មស្ថតិនៅក្នុងរង្វង់រាជធានីភ្នំពេញ ដែលទទួលបានការអនុញ្ញាត នៅតែមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់សេវាធនាគារដើម្បីធ្វើការទូទាត់ជាមួយដៃគូពាណិជ្ជកម្ម ក្នុងនិងក្រៅប្រទេស រួមទាំងការប្រើប្រាស់សេវាផ្ទេរប្រាក់ និងសេវាបំពេញកាតព្វកិច្ចពន្ធ សេវាបើកប្រាក់បៀវត្សរ៍មន្ត្រីសាធារណៈ ក៏ដូចជាសេវាបើកប្រាក់បៀវត្សរ៍កម្មករនិយោជិតក្រុមហ៊ុនឯកជន ។
លោកបណ្ឌិត អុិន ចាន់នី បានបន្ថែមថា ៖ «ដើម្បីសម្រួលដល់ការបម្រើសេវាហិរញ្ញវត្ថុឲ្យបានរលូន និងដើម្បីចូលរួមអនវុត្តយ៉ាងម៉ត់ចត់នូវសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រេចរំលែកការបម្រើសេវាកម្មហិរញ្ញវត្ថុត្រឹមចំនួន ៨ការិយាល័យសាខា នៅក្នុងរាជធានីភ្នំពេញ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់អតិថិជន ក៏ដូចជាសាធារណជន ជៀសវាងការឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយឆ្ងាយពេក ។»
លោកបណ្ឌិត អុិន ចាន់នី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសម្របសម្រួលក្នុងការធ្វើដំណើរទៅបំពេញភារកិច្ចការងាររបស់បុគ្គលិកធនាគារ ដើម្បីអាចដំណើរការនៅតាមទីតាំងការិយាល័យសាខានីមួយៗបានដោយរលូន និងសូមថ្លែងអំណរគុណដល់អតិថិជន និងសាធារណជន ដែលតែងតែគាំទ្រនូវការប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ប្រសិនបើលោកអ្នកមានចម្ងល់ឬសំណូមពរផ្សេងៗ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន តាមរយៈទូរសព្ទលេខ 023 99 4444 ឬ 015 999 233 ៕