បើទោះបីជា ចំនួនអ្នកដំណើរបរទេសចូលមកកម្ពុជា មានការកើនឡើង ក៏ពិតមែន ប៉ុន្ដែ អ្នកជំនាញនៅតែបារម្ភអំពីភាពមិនប្រាកដប្រជានៃវិស័យអាកាសចរណ៍កម្ពុជាដដែល ដោយសារតែវត្តមានវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង កំពុងបន្ដរីករាលដាលនៅឡើយ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ចាប់តាំងពីមានការបើកប្រទេសឡើងវិញ វិស័យអាកាសចរណ៍ហាក់មានភាពប្រសើរ ដោយលោកកត់សម្គាល់ឃើញថា អាជីវកម្មនានា ចាប់ផ្ដើមដំណើរការឡើងវិញ ហើយចំនួនអ្នកដំណើរចូលមកកម្ពុជា ក៏មានការកើនឡើង ផងដែរ។ បើតាមអ្នកនាំពាក្យអាកាសចរណ៍រូបនេះ បន្ទាប់ពីរាជរដ្ឋាភិបាល កម្ពុជា មានការបន្ធូបន្ថយការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរ បច្ចុប្បន្ន មានអ្នកដំណើរប្រមាណ ៧រយនាក់ ទៅ១ពាន់នាក់ ក្នុងមួយថ្ងៃ បានចូលមកប្រទេសកម្ពុជា ខណៈកាលពីមុនមានត្រឹម ២រយនាក់ ប៉ុណ្ណោះ ក្នុង១ថ្ងៃ។ អ្នកដំណើរទាំងនោះ រួមមាន ភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេស រួមទាំងការធ្វើដំណើររបស់ពលរដ្ឋកម្ពុជា ផងដែរ។
ស្របពេលជាមួយនឹងការស្ទុះងើបឡើងវិញ នៃវិស័យអាកាសចរណ៍ សព្វថ្ងៃវត្តមានមេរោគបំប្លែងថ្មីអូមីក្រុង ក៏ហាក់កំពុងតែបង្កជាក្ដីបារម្ភខ្លាំងណាស់ដែរ។
ដោយឡែក ទាក់ទិននឹងតម្លៃសំបុត្រយន្តហោះ រវាងកម្ពុជា និងប្រទេសចិន ដែលឡើងថ្លៃកប់ពពកនោះ ត្រូវបានឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា វានៅតែមានតម្លៃថ្លៃដដែល ព្រោះប្រទេសចិន នៅតែបន្តនូវវិធានការគ្មានកូវីដ១៩ និងបន្តរឹតត្បិតជើងហោះហើរ ចេញ-ចូលប្រទេសរបស់ខ្លួនដដែល។ បើតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល រហូតមកបច្ចុប្បន្ន តម្លៃសំបុត្រកម្ពុជា-ចិន មានតម្លៃប្រមាណ ៥ពាន់ដុល្លារ ទៅ៥ពាន់៥រយដុល្លារ សម្រាប់១ជើង ដែលតម្លៃនេះហាក់ការថយចុះតិចតួច ប៉ុណ្ណោះ៕