ទីលានវាយកូនហ្គោលលំដាប់ថ្នាក់អន្តរជាតិ ដែលតម្លៃវិនិយោគខ្ទង់ពាន់លានដុល្លារអាមេរិក ដែលជាការវិនិយោគសាងសង់ឡើងដោយមហាសេដ្ឋីដ៏មានឥទ្ធិពលម្នាក់គឺឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលជាក្រុមហ៊ុនវិនិយោគខ្មែរដ៏ធំល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា។
ក្លិបវាយកូនហ្គោល ហ្គាឌិន ស៊ីធី ជាក្លិបវាយកូនហោ្គលមាន ១៨ឡូត៍ កម្រិតស្តង់ដារខ្ពស់បំផុតលំដាប់ពិភពលោក បានបើកដំណើរការតាំងពីឆ្នាំ២០១៣ លាតសន្ធឹងលើផ្ទៃដី ២៤០អា ស្ថិតនៅជាមួយសណ្ឋាគារ ហ្គាឌិន ស៊ីធី ដែលជាសណ្ឋាគារលំដាប់អន្តរជាតិផ្កាយប្រាំ មានជាង ២៥០បន្ទប់ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញចន្លោះផ្លូវជាតិលេខ ៥ និងលេខ ៦។
កម្មវិធី World Golf Awards ជាកម្មវិធីមួយ ដែលគ្របដណ្តប់គ្រប់ប្រទេសលើសកលលោក ហើយប្រព័ន្ធរៀបចំបោះឆ្នោតរបស់កម្មវិធី គឺធ្វើឡើងដោយអ្នកជំនាញផ្នែកកីឡាវាយកូនហ្គោល និងអ្នកទេសចរណ៍លំដាប់ខ្ពស់។
កម្មវិធីផ្តល់ពានរង្វាន់លំដាប់ពិភពលោកនេះ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ និងមានកិត្តិនាមល្អបំផុត ក្នុងវិស័យកីឡាវាយកូនហ្គោល ហើយវាជារឿងដ៏ល្អបំផុតមួយ ដែលក្លិបវាយកូនហ្គោល ហ្គាឌិន ស៊ីធី ត្រូវបានជ្រើសរើសជាក្លិបល្អបំផុតប្រចាំឆ្នាំ២០១៨នេះ។
លោក លីអូ ណាដូ អ៊ីសហ្ស៊ី (Leonardo Izzi) ប្រធានទីផ្សារក្រុមហ៊ុន IMG Golf Course Services ប្រចាំនៅទីក្រុង ឡុងដ៍ ដែលគ្រប់គ្រងលើទីលានវាយកូនហ្គោលរបស់ក្លិបវាយកូនហ្គោល ហ្គាឌិន ស៊ីធី បានឲ្យដឹងដែរថា ការទទួលបានពានរង្វាន់នេះ ជាមោទនភាពរបស់ក្លិបវាយកូនហ្គោលកម្ពុជា និងក្រុមហ៊ុន IMG Group ផ្ទាល់តែម្តង ហើយលោកនឹងរង់ចាំទទួលស្វាមគន៍ភ្ញៀវកិត្តិយសទាំងអស់ នៅប្រទេសកម្ពុជា។
សម្តេច ហ៊ុន សែន ធ្លាប់សរសើរតំបន់អភិវឌ្ឍន៍របស់មហាសេដ្ឋីខ្មែរម្នាក់ថាជា«បុប្ផាលាក់ខ្លួន»
ការអភិវឌ្ឍតំបន់ទីក្រុងរណប នៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងមានស្ទុះងើបឡើងគួរឲ្យកត់សម្គាល់ ខណៈដែលបច្ចុប្បន្ន នៅកម្ពុជា មានទីក្រុងរណបចំនួន៧ បាននិងកំពុងមានការអភិវឌ្ឍយ៉ាងសស្រាក់សស្រាំ។ ក្នុងនោះដែរ កាលពីពេលកន្លងទៅនេះ សម្តេច ហ៊ុន សែន បានលើកសរសើរតំបន់អភិវឌ្ឍន៍ទីក្រុងរណបរបស់មហាសេដ្ឋីល្បីឈ្មោះម្នាក់ ថាជា «បុប្ផាលាក់ខ្លួន»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងនៅក្នុងវេទិការធុរៈកិច្ច កម្ពុជា ចិន ដែលបានធ្វើឡើងនៅសណ្ឋាគារ ហ្គាដិនស៊ីធី កាលពីពេលកន្លងទៅថា សម្ដេចតេជោ បានចាត់ទុក តំបន់អភិវឌ្ឍន៍ទីក្រុងរណបរបស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ថាជា បុប្ផាលាក់ខ្លួន ដែលគេមិនទាន់ដឹងច្រើននៅឡើយ ដែលនៅថ្ងៃអនាគតតំបន់នេះ នឹងក្លាយជាទីក្រុងដ៏ល្អមួយរបស់កម្ពុជា។
សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «កន្លែងនេះ [តំបន់ទីក្រុងរណបលីយ៉ុងផាត់] ដូចជាបុប្ផាលាក់ខ្លួនមួយអ៊ីចឹង! គេមិនទាន់ដឹងថា មានសណ្ឋាគារផ្កាយប្រាំនៅទីនេះ ហើយនឹងតារាងកូនហ្គោល ប៉ុន្ដែកន្លែងនេះ នឹងក្លាយជាអនាគតទីក្រុងមួយ ហើយពេលនេះ មិត្តចិនក៏កំពុងតែជួយសាងសង់ នូវពហុកីឡដ្ឋានមួយ ដើម្បីឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣»។
ទីក្រុងរណបលីយ៉ុងផាត់ នេះ មានផ្ទៃដីសរុបជាង ១ពាន់ហិកតា ដែលមានទីតាំងស្ថិតនៅ ភាគខាងជើងរាជធានីភ្នំពេញ។ គម្រោងដែលបានសាងសង់រួចនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបនេះមានដូចជា សណ្ឋាគារផ្កាយប្រាំ និងកន្លែងវាយកូនហ្គូល ក៏មានសួនសត្វភ្នំពេញសាហ្វារី និងស្ថានីយទូរទស្សន៍ ភីអិនអិន ស្តូបវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នឹងបើកសម្ពោធចុងឆ្នាំ ២០១៨នេះ។
បន្ថែមពីនេះ គម្រោងកំពុងអភិវឌ្ឍន៍នៅតំបន់ទីក្រុងរណបនេះ មានដូចជា ពហុកីឡដ្ឋាន មរកតតេជោ និងគម្រោងវិនិយោគដ៏ធំមួយទៀត របស់អ្នកឧកញ៉ា លី យ៉ុងផាត់ដែរ គឺសួនទឹកកម្សាន្ដដ៏ទំនើបធំជាងគេបង្អស់នៅកម្ពុជា ហើយក៏ធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី ផងដែរ៕