ក្រុមហ៊ុន CP និយាយថា ការទិញកូនអាជីវកម្មលក់អនឡាញដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនេះ គឺជាផ្នែកមួយនៃការពង្រីកអាជីវកម្មឌីជីថលរបស់ផង់ខ្លួន ខណៈដែលឥរិយាបថរបស់អតិថិជនផ្លាស់ប្ដូរខុសពីមុន ។
ការទិញអាជីវកម្មលក់ទំនិញអនឡាញមួយនេះ នឹងធ្វើឡើងដោយ Ascend Commerce ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលធ្វើអាជីវកម្មផ្នែកឌីជីថល របស់ CP Group ។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០ ។
កម្មវិធីពាណិជ្ជកម្មអនឡាញ Chilindo នេះ ត្រូវគេរំពឹងថា នឹងបំពេញបន្ថែមឲ្យផ្សារអនឡាញ WeMall របស់ CP Group ហើយក៏នឹងជួយអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃមួយកម្រិតទៀតផងដែរ ខណៈដែលទីផ្សារពាណិជ្ជកម្មអនឡាញកំពុងរីកលូតលាស់នៅចំពេលមានវិបត្តិជំងឺឆ្លងកូវីដ១៩ ។ នេះបើតាមការឲ្យដឹងរបស់អគ្គនាយកប្រតិបត្តិរបស់ CP Group ។
ផ្សារទំនិញអនឡាញ WeMall របស់ក្រុមហ៊ុន CP Group ប្រកួតប្រជែងជាមួយនឹងគូប្រជែងដែលធំៗជាងខ្លួនជាច្រើន ដូចជា Lazada របស់ក្រុមហ៊ុន Alibaba, Shopee របស់សិង្ហបុរី និង JD Central ដែលជាអាជីវកម្មរកស៊ីរួមគ្នារវាងផ្សារទំនើបខ្នាតយក្សរបស់ថៃ Central Group និង JD.com របស់ចិន ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការនៃចំនួនអ្នកទិញទំនិញអនឡាញផ្ទាល់ៗពីអាជីវករអ្នកលក់តាមរយៈកម្មវិធីបណ្ដាញសង្គម ដូចជា Facebook និង Instagram មានការកើនឡើងយ៉ាងខ្លាំង ។
លោក ស៊ូផាឆៃ ជារ៉ាវ៉ានន្ទ អគ្គនាយកប្រតិបត្តិរបស់ CP Group បាននិយាយថា "ផែនការចូលទីផ្សារពាណិជ្ជកម្មអនឡាញអន្តរជាតិរបស់ Chilindo នឹងបង្កើនលទ្ធភាពរបស់ម៉ាកយីហោអាជីវកម្មអនឡាញរបស់ប្រទេសថៃ ក្នុងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ" ។ លោកបន្តថា ការចាប់ផ្ដើមប្រើបច្ចេកវិទ្យា 5G នឹងជួយជំរុញឲ្យវិស័យនេះកាន់តែរីកលូតលាស់ខ្លាំងថែមមួយកម្រិតទៀត ។
CP Group ជាក្រុមហ៊ុនមេរបស់ True Corporation Plc ដែលជាក្រុមហ៊ុអាណាព្យាបាលរបស់ True Move ដែលជាប្រតិបត្តិករសេវាទូរសព្ទចល័តធំបំផុតទីពីរនៅក្នុងប្រទេសថៃ ។ ក្រុមហ៊ុន True Move ទទួលបានអាជ្ញាបណ្ណ 5G កាលពីខែកុម្ភៈ ឆ្នាំ២០២០ នេះ ៕