
ក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបល់ GIRA មកពីប្រទេសបារាំង បានបង្ហាញពី ចន្លោះប្រហោងនៃការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងប្រទេសចិន ហើយគូសបញ្ជាក់ថា វាជាឱកាសដ៏ល្អបំផុត ក្នុងការទាញយកប្រាក់ចំណេញ ព្រោះតម្លៃសាច់ជ្រូក កើនថ្លៃជាង ៣ ទៅ ៤ដងនៃថ្លៃដើមផលិត។
បើតាមទិន្នន័យពី មន្ទីរកសិកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ថា បច្ចុប្បន្នមានទីផ្សារចំនួន ២០ រួមមានទាំង សហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប ដែលត្រូវបានអនុញ្ញាតឲ្យនាំចេញសាច់ជ្រូក ទៅកាន់ប្រទេសចិន។
ជម្ងឺប៉េស្តជ្រូកបានបំផ្លាញ និងកាត់បន្ថយខ្សែច្រវាក់ផលិតកម្មសាច់ជ្រូកច្រើនបំផុត មិនធ្លាប់មាន បើទោះបីជា មេរោគកូវីដ-១៩ កាត់បន្ថយផលិតកម្មខ្លះក៏ដោយ តម្លៃសាច់ជ្រូក នៅតែកើនឡើងទ្វេដង ធៀបនឹង ២ឆ្នាំមុន។
តម្លៃសាច់ជ្រូកក្នុងស្រុករបស់ប្រទេសចិន កាលពីខែឧសភា កើនឡើង ៨១% ធៀបនឹងឆ្នាំមុន ហើយក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២០ ការនាំចូលសាច់ជ្រូកពីក្រៅប្រទេស បានកើនឡើង ១៧០% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
ប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិកដែលជាទីផ្សារនាំចេញសាច់ជ្រូកទៅកាន់ ចិន ដ៏សំខាន់ដែរនោះ បានផ្អាកដំណើរការរោងចក្រកែច្នៃសាច់មួយចំនួនធំ បន្ទាប់ពីមានបុគ្គលិកឆ្លងមេរោគកូវីដ-១៩ ដែលធ្វើឲ្យការផ្គត់ផ្គត់សាច់ជ្រូកទៅចិនកាន់តែមានចន្លោះប្រហោង។
យ៉ាងណាក៏ដោយ បើសិនជាវិស័យផលិតកម្មសាច់ជ្រូក ទាក់ទាញការវិនិយោគច្រើនហួសពេក វានឹងអាចមានការផ្គត់ផ្គង់លើសពីតម្រូវការនៅក្នុងរយៈពេល ២ឆ្នាំ ឬ ៣ឆ្នាំខាងមុខ៕