
ថ្លែងក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយ វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ឲ្យដឹងថា ធនាគារអេស៊ីលីដា ចាប់ផ្តើមមានកំណើតដំបូងត្រឹមតែជា អង្គការតួចមួយប៉ុណ្ណោះ មុននឹងកម្លាយខ្លួនទៅជា ធនាគារ នាពេលបច្ចុប្បន្ន ហើយភាពរីកលូតលាស់ជោគជ័យទាំងអស់ គឺអាស្រ័យទៅលើ ការគ្រប់គ្រង ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ តម្លាភាព ទំនុកចិត្ត ស្មោះត្រង់ និង មានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
លោក បណ្ឌិត អ៊ិន ចាន់នី បានបន្តថា ដោយឡែក នាសម័យឧស្សាហកម្ម ៤.០ ការគ្រប់គ្រងធនធានមនុស្ស គឺជារឿងសំខាន់ណាស់ ដោយ ធនាគារអេស៊ីលីដា បានត្រៀមយុទ្ធសាស្រ្តរួចជាស្រេច ក្នុងការប្រើប្រាស់ធនធានមនុស្សតិច តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើដល់ អតិថិជន ឲ្យបានកាន់តែទូលំទូលាយ។
គួរជម្រាបដែរថា គិតមកទល់បច្ចុប្បន្ននេះ ធនាគារអេស៊ីលីដា មានសាខាជាង ២៦០ កន្លែងទូទាំងប្រទេសកម្ពុជា និងបុគ្គលិកប្រមាណ ១,២ ម៉ឺននាក់ ព្រមទាំងមានក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅប្រទេសឡាវ និងមីយ៉ាន់ម៉ាផងដែរ៕