សេដ្ឋកិច្ចអាមេរិកកំពុងស្ទុះងើបឡើងយ៉ាងខ្លាំងនេះដែរ វាដើរទន្ទឹមជាមួយនឹងកំណើននៃការចាក់វ៉ាក់សាំងកូវីដ-១៩ គួបផ្សំនឹងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត២ទ្រីលានដុល្លារអាមេរិកទៀតនោះ បានជំរុញឲ្យតម្រូវការក្នុងស្រុកកើនឡើង ហើយការនាំចូលក៏រីកកាន់តែធំដែរ ដែលធ្វើឲ្យឱនភាពពាណិជ្ជកម្មកំពុងកើនខ្ពស់ដែរ។ ប្រធានាធិបតីអាមេរិក លោក ចូបៃឌិន កាលពីសប្ដាហ៍មុន ក៏បានស្នើឡើងកញ្ចប់ថវិកា២ទ្រីលានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយរំពឹងថា នឹងធ្វើឲ្យការនាំចូលកើនថែមទៀត។ ឱនភាពពាណិជ្ជកម្មអាមេរិក បានកើនឡើងជិត៥% ដោយមានជាទឹកប្រាក់ជាង៧១ពាន់លានដុល្លារ នៅក្នុងខែកុម្ភៈកន្លងទៅនេះ។
សេដ្ឋវិទូជាន់ខ្ពស់នៃអង្គការស្រាវជ្រាវសេដ្ឋកិច្ច Moody’s បាននិយាយថា «ឱនភាពពាណិជ្ជកម្មនឹងបន្ដរីកធំថែមទៀតនៅឆ្នាំនេះ និងឆ្នាំបន្ទាប់ទៀត ពីព្រោះតែកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច និងកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលអាចនឹងត្រូវបានអនុម័តនៅក្នុងឆមាសទី២នៃឆ្នាំនេះ។» សេដ្ឋវិទូបានគូសបញ្ជាក់ថា ខណៈដែលសេដ្ឋកិច្ចអាមេរិកបន្ដភាពរឹងមាំ វានឹងបន្ដធ្វើឲ្យមានឱនភាពពាណិជ្ជកម្មកាន់តែធំ។
សេដ្ឋកិច្ចអាមេរិកត្រូវបានសេដ្ឋវិទូជាច្រើនរំពឹងថា នឹងអាចហក់ឡើងដល់ទៅ ៧% នៅឆ្នាំនេះ ដែលជាកំណើនខ្ពស់បំផុតគិតតាំងពីឆ្នាំ១៩៨៤មក បន្ទាប់ពីបានធ្លាក់ចុះ ៣,៥% កាលពីឆ្នាំ២០២០ ដែលជាតួលេខធ្លាក់ចុះអាក្រក់បំផុតក្នុងរយៈពេលជាង៧ទសវត្សរ៍កន្លងមកនេះ។ រីឯ អង្គការមូលនិធិអន្តរជាតិឯណោះវិញ ក៏បានព្យាករថាកំណើនសេដ្ឋកិច្ចរបស់ពិភពលោកនៅឆ្នាំ២០២១នេះ នឹងកើនដល់ ៦% ហើយក្នុងនោះ មានការរួមចំណែកយ៉ាងសំខាន់ពីការងើបឡើងនៃកំណើនសេដ្ឋកិច្ចអាមេរិកដែលរំពឹងថានឹងកើន៦,៤%ផងដែរ។
សូមជម្រាបផងដែរថា អាមេរិកបានជំរុញវិធានការចាក់វ៉ាក់សាំងរបស់ខ្លួន បានយ៉ាងលឿនបំផុត ដោយក្នុងនោះ អាមេរិកមានសមត្ថភាពអាចចាក់វ៉ាក់សាំងដល់ពលរដ្ឋបាន ៣លាននាក់ក្នុងមួយថ្ងៃ។ គិតមកដល់ពេលនេះ មានពលរដ្ឋអាមេរិកជាង ១០០លាននាក់ហើយ ដែលបានទទួលវ៉ាក់សាំងដូសទី១ ពីរដ្ឋាភិបាលអាមេរិក ខណៈដែលក្នុងនោះ ៦៥លាននាក់បានទទួលគ្រប់ចំនួនពីរដូសរួចហើយ។ ប្រការនេះ បានធ្វើឲ្យអាមេរិកក្លាយជាប្រទេសដែលបានចាក់វ៉ាក់សាំងដល់ពលរដ្ឋបានច្រើនជាងគេក្នុងពិភពលោក៕