សារព័ត៌មានអន្តរជាតិធំៗបានរាយការណ៍ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់អាមេរិក ត្រូវបានអះអាងថា បណ្ដាលមកពីមេរោគដ៏កាចសាហាវកូវីដ-១៩ ដែលកំពុងរាតត្បាត កាន់តែខ្លាំងក្លាបន្ថែមទៀត និងបានធ្វើឲ្យក្តីរំពឹងសេដ្ឋកិច្ចនឹងងើបឡើងវិញនោះ គឺកាន់តែឃ្លាតទៅឆ្ងាយឡើងៗ។
បើទោះបីជា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា សេដ្ឋកិច្ចអាមេរិក នឹងងើបឡើងវិញយ៉ាងគំហុក ក្នុងពេលឆាប់ៗ ជាក់ស្តែង ស្ថានការណ៍នៃការឆ្លងមេរោគកូវីដ-១៩ កាន់តែធ្ងន់ធ្ងរជាងមុន និងបានបង្ខំឲ្យអាជ្ញាធរជាច្រើនសម្រេចដាក់ការរឹតបន្តឹងឡើងវិញ។
លើសពីនេះទៅទៀត ចំនួនអត្រាអ្នកគ្មានការងារធ្វើ ចាប់ផ្តើមងើបឡើងវិញ យ៉ាងឆាប់រហ័ស ដែលទាមទារឲ្យសភាអាមេរិក ត្រូវបានអនុម័តលើគម្រោងថវិកាសង្គ្រោះបន្ទាន់ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ។
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសភាពាណិជ្ជកម្មអាមេរិក បានលើកឡើងថា ព័ត៌មាននៃការធ្លាក់ចុះ GDP របស់អាមេរិក នៅក្នុងត្រីមាសទី ២នេះ បានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង ហើយទិន្នន័យនេះ គួរតែបង្ខំដល់ សភាអាមេរិក ឲ្យបញ្ចេញសកម្មភាព ឲ្យបានលឿនបំផុត ដើម្បីជួយដល់ជនជាតិអាមេរិកដែលគ្មានការងារធ្វើ ជួយដល់និយោជក ស្ថាប័នរដ្ឋ និងរដ្ឋាភិបាលក្នុងស្រុក ជាពិសេសជួយដល់ អាជីវកម្មដែលគោរពតាមវិធានណែនាំផ្នែកសុខាភិបាល។
លោក Jerome Powell ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកណ្តាលអាមេរិក បានគូសបញ្ជាក់ថា ការកើនឡើងនូវករណីឆ្លងមេរោគកូវីដ-១៩ ចាប់ពីពាក់កណ្តាលខែមិថុនាមក គឺបានដាក់សម្ពាធធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចជាតិ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ច គឺអាស្រ័យទៅលើ វិធានការទប់ស្កាត់មេរោគនេះ។
លោកបន្តថា ផ្លូវដើរទៅមុខនៃសេដ្ឋកិច្ចជាតិ គឺអាស្រ័យទៅលើស្ថានការណ៍មេរោគឆ្លងនេះ ថាតើ អាមេរិក អាចចាត់វិធានការបែបណាខ្លះ ឲ្យមានសុវត្ថិភាព ពោលគឺការរក្សាគម្លាតសង្គម និងការបើកដំណើរការអាជីវកម្ម ត្រូវតែដើរព្រមៗគ្នា មិនមែនប្រឆំាងនឹងគ្នាឡើយ។
យ៉ាងណាក៏ដោយ ការធ្លាក់ចុះនូវ GDP របស់អាមេរិកដល់ទៅ ៣២,៩% គឺដោយសារតែ ការចំណាយប្រើប្រាស់ នៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអាមេរិក បានធ្លាក់ចុះខ្លាំង ដល់ទៅ ៣៤% ក្នុងត្រីមាសទី២នេះ ហើយវាស្រដៀងទៅនឹង ការព្យាកររបស់សេដ្ឋកិច្ចវិទូ ដែលប៉ាន់ប្រមាណថា សកម្មភាពសេដ្ឋកិច្ចអាមេរិកនឹងថយចុះ ៣៥% ដោយសារតែការផ្អាកអាជីវកម្ម និងការធ្វើដំណើរទូទាំងប្រទេស ព្រមទាំងមានការបំផ្លាញការងារជាង ១០លានកន្លែងថែមទៀតផង។
លើសពីនេះ របាយការណ៍ពី នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានបង្ហាញថា ក្នុងត្រីមាសទី ២នេះ ការនាំចេញទំនិញរបស់អាមេរិក ធ្លាក់ចុះដល់ទៅ ៦៤% ខណៈការនាំចូលទំនិញមកពីក្រៅប្រទេស ក៏ធ្លាក់ចុះដូចគ្នា ប្រមាណ ៥៣%។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ៣១ ខែវិច្ឆិកា នេះ ករណីឆ្លងមេរោគកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើស ៤លាន ៤សែនករណីហើយ ខណៈអ្នកស្លាប់ កើនដល់ជាង ១៥ម៉ឺននាក់ ហើយអ្នកព្យាបាលជាសះស្បើយមានជាង ២លាននាក់៕