ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេលប្រមាណជិត៤ខែ មកនេះ ការនាំចូលសាច់ជ្រូកពីក្រៅប្រទេសរបស់វៀតណាមជាង៤,៦ ម៉ឺនតោន ហើយក្នុងនោះ ប្រទេសដែលបាននាំចូលសាច់ជ្រូកមកកាន់វៀតណាមច្រើនជាងគេមានដូចជា កាណាដា, ប៉ូឡូញ, ប្រេស៊ីល, អាមេរិក និងអេស្ប៉ាញ។
សារព័ត៌មានVN Express បានឲ្យដឹងទៀតថា តាមការសិក្សាជាមួយនឹងហាង និងផ្សារទំនើបមួយចំនួន នៅក្នុងទីក្រុងហាណូយបានបង្ហាញថា សាច់ជ្រូកនាំចូលលក់នៅក្នុងហាង ឬផ្សារទំនើបគឺមានតម្លៃថោកជាងសាច់ជ្រូកដែលលក់នៅតាមផ្សារលក់ត្រីសាច់ធម្មតាទៅទៀត។
ផ្សារលក់សាច់ជ្រូកនៅក្នុងក្រុងហានូយ ដែលលក់ម្ហូបអាហារនាំចូលសុទ្ធ ពីក្រៅប្រទេសបានបង្ហាញថា សាច់ជ្រូកនាំចូលពីប្រទេសរុស្ស៊ី មានតម្លៃតែ ៥ដុល្លារកន្លះប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ខណៈដែលសាច់ឆ្អឹងជំនីជ្រូកពីកាណាដា លក់ក្នុងតម្លៃចាប់ពី ៤,៩ដុល្លារឡើងទៅ ក្នុងមួយគីឡូក្រាម។
រីឯផ្សារទំនើបដ៏ធំជាងគេមួយ
គឺផ្សា Big
C នៅវៀតណាមក៏លក់សាច់ជ្រូកនាំចូលពីក្រៅប្រទេសថោកជាងសាច់ជ្រូកក្នុងស្រុកប្រមាណពី
២០% ទៅ៤០% ផងដែរ។
មានក្រុមហ៊ុនចំនួន ៧៨៨ ក្រុមហ៊ុន ពីប្រទេសចំនួន ១៩ ត្រូវបានអនុញ្ញាតឲ្យនាំសាច់ជ្រូកចូលក្នុងប្រទេសវៀតណាម។ ក្នុងនោះ សហរដ្ឋអាមេរិក គឺមានចំណែកធំជាងគេ ដែលមានក្រុមហ៊ុននាំចូលសាច់ជ្រូកចូលវៀតណាម រហូតដល់ទៅ ១៤១ក្រុមហ៊ុន តាមពីក្រោយដោយអេស្ប៉ាញមាន ១៣៩ក្រុមហ៊ុន និងអ៊ីតាលី មាន១២០ក្រុមហ៊ុន។ តាំងពីដើមឆ្នាំ២០២០មក មាន១០៨ក្រុមហ៊ុនហើយ បាននាំចូលសាច់ជ្រូកមកាន់ប្រទេសវៀតណាម។
ដោយឡែក ចំពោះការនាំចូលសាច់ក្របី សាច់គោ និងបក្សី ដូចជាមាន់ទាជាដើមនោះក៏មានការកើនឡើងខ្លាំងផងដែរ។
វៀតណាមបាននាំចូលសាច់គោ និងសាច់ក្របី ជាង ៣,៧ ម៉ឺនតោន គិតតាំងពីដើមឆ្នាំមកទល់នឹងពាក់កណ្ដាលខែមេសានេះ កើនឡើងប្រហែល ២០០% សម្រាប់ការនាំចូលសាច់គោ និងកើន១៣៥% សម្រាប់ការនាំចូលសាច់ក្របី។ វៀតណាមនាំចូលសាច់គោ ភាគច្រើនមកពីប្រទេសអូស្ត្រាលី, អាមេរិក, រុស្ស៊ី និងកាណាដា ខណៈដែលសាច់ក្របីវិញ គឺភាគច្រើនបំផុតនាំចូលពីប្រទេសឥណ្ឌា។
ការនាំចូលសាច់បក្សីវិញ ក្នុងរយៈពេលជិត៤ខែមកនេះ មានជាង៧,៨ ម៉ឺនតោន កើនឡើង១៥០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានភាគច្រើននាំចូលពីអាមេរិក ដែលមានទំហំ៦៥% កូរ៉េខាងត្បូងមាន ១៤% និងប្រេស៊ីល មាន១០%។
វៀតណាម ក៏កំពុងនាំចូលសត្វជ្រូករស់សម្រាប់គោលបំណងបង្កាត់ពូជពីសហរដ្ឋអាមេរិក កាណាដា និងតៃវ៉ាន់ផងដេរ។ តួយ៉ាងក្នុងរយៈពេល ៣ខែ ដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចូលជ្រូករស់ជិត២ពាន់ក្បាល សម្រាប់ចិញ្ចឹមនៅក្នុងកសិដ្ឋានចំនួន៤នៅក្នុងស្រុក៕