ធនាគារនេះប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថាន ប្រកបដោយកម្រិតខ្ពស់បំផុត ។ គេតែងឃើញពីបៀបនៃការទទួលបម្រើសេវាកម្មរបស់ធនាគារខ្មែរមួយនេះ បែបជាលក្ខណៈវប្បធម៌ខ្មែរ ដោយការធ្វើគារវកិច្ចលើកដៃសំពះ ជាមួយស្នាមញញឹម ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានឲ្យដឹងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល«ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» បម្រើអតិថិជនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ទទួលខុសត្រូវ ដោយការស្តាប់អតិថិជន ហើយបំពេញតម្រូវការជូនអតិថិជនដោយយកចិត្តទុកដាក់ ។ រាល់បញ្ហារបស់អតិថិជន ធនាគារតែងតែយកមកដោះស្រាយជូនពួកគាត់ភ្លាមៗប្រកបដោយគុណធម៌ ធនាគារចាត់ទុកអតិថិជនជាដៃគូអាជីវកម្មដែលមិនអាចខ្វះគ្នាបាន ។
លោកស្រីនាយិកាបានបន្ថែមថា ធនាគារមានធនធានប្រកបដោយជំនាញតាមមុខងារតួនាទីជាអ្នកប្រឹក្សាយោបល់ជូនអតិថិជនលើដំណើការអាជីវកម្មរបស់ពួកគាត់ឲ្យទទួលបានជោគជ័យ ។ លោកស្រីបានបញ្ជាក់ថា «យើងប្រកាន់យកទស្សនៈ 'អតិថិជនរីកចម្រើន ធនាគាររីកចម្រើន យើងរីកលូតលាស់ជាមួយគ្នា'» ។
ឆ្លើយតបនឹងសំណួរសួរថា តើលោកស្រីអាចដឹងបានទេពីកម្រិតនៃការពេញចិត្តរបស់អតិថិជនមកលើការបម្រើសេវាកម្មរបស់ធនាគារ អេស៊ីលីដា លោកស្រីញញឹម ហើយឆ្លើយតបមកវិញដោយជឿជាក់ថា «ជាការពិត យើងជាអ្នកបម្រើអតិថិជន ពិតណាស់ថាយើងមិនអាចដឹងពីកម្រិតថា តើអតិថិជនរបស់យើងពេញចិត្តនឹងការបម្រើសេវាកម្មយើងកម្រិតណានោះទេ មានតែអតិថិជនទេ ដែលលោកអាចវិនិច្ឆ័យពីគុណភាពនៃការបម្រើសេវាកម្មរបស់យើង ។»
គិតមកដល់បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានបទពិសោធន៍បម្រើសេវាកម្មហិរញ្ញវត្ថុជិត ៣០ឆ្នាំហើយ ដល់អតិថិជន-សាធារណជន មានសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ហើយបន្តអភិវឌ្ឍឥតឈប់ឈរក្នុងការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល និងផាសុកភាព ប្រកបដោយក្តីរីករាយសប្បាយចិត្ត។
ធនាគារ អេស៊ីលីដា មានការិយាល័យទំនាក់ទំនងសម្រាប់អតិថិជនមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ ២៤ម៉ោង) ទូរសព្ទ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬ email: [email protected] ៕