សមាគមីក្រូហិរញ្ញវត្ថុ កម្ពុជា បានចាត់ទុករបាយការណ៍ របស់អង្គការ លីកាដូ និងសមាគម ធាងត្នោតថា ជាការមួលបង្កាច់ លើការផ្ដល់កម្ចី បង្ហាញពីរូបភាពផ្ទុយស្រឡះ និងមើលរំលងតួនាទីដ៏សំខាន់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅលើការកាត់បន្ថយភាពក្រីក្រ និងបរិយាប័នហិរញ្ញវត្ថុនៅកម្ពុជា។
របាយការណ៍ដែលបានចេញផ្សាយដោយអង្គការសិទ្ធិមនុស្ស លីកាដូ និងសមាគមធាងត្នោត ដែលមានចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ» ត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ទី០៧ សីហា ឆ្នាំ២០១៩។
សមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា បានបដិសេធនូវអ្វីដែលរបាយការណ៍នេះ បានរកឃើញ និងផ្សព្វផ្សាយ ព្រោះថា វាមិនបានបង្ហាញពីស្ថានភាពជាក់ស្ដែង របស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានោះទេ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា « របាយការណ៍នេះ ផ្ដោតតែទៅលើគុណវិបត្តិ ដើម្បីបង្កើតឲ្យមានរូបភាពអវិជ្ជមាន ដែលគ្មានភាពប្រាកដនិយមទៅលើការផ្ដល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។
ក្នុងរបាយការណ៍រួមរបស់អង្គការ លីកាដូ និងសមាគម ធាងត្នោត បានរកឃើញថា ពលរដ្ឋកម្ពុជាចំនួន ២.៣៨២លាននាក់ បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួនជាង ៨ពាន់លានដុល្លារ ហើយការសិក្សានេះបានធ្វើនៅក្នុងឃុំចំនួន១០ ក្នុងខេត្តចំនួន ៤ រួមទាំងទីក្រុងភ្នំពេញ ផងដែរ។
អង្គការ លីកាដូ និងសមាគម ធាងត្នោត បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា ៖ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ធ្វើប្រតិបតិ្តការកម្ចីដោយអត្រាការប្រាក់ខ្ពស់ ដែលតម្រូវឲ្យដាក់បញ្ចាំប្លង់ដីជាទ្រព្យបញ្ចាំ ហើយស្ថាប័ននេះដាក់គោលដៅលើអតិថិជនក្រីក្រដែលងាយរងគ្រោះក្នុងការបាត់បង់ដីធ្លី។»
ដ្បិតតែយ៉ាងនេះក្ដី សមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា បានឆ្លើយតបនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា សមាគម បានកត់សម្គាល់ឃើញថា ភាគីពាក់ព័ន្ធ លើការសរសេរ និងរៀបចំរបាយការណ៍នេះ បានដឹងយ៉ាងច្បាស់ថា ពួកគេបានជ្រើសរើយកគំរូមកសិក្សាតែ២៨ ករណីប៉ុណ្ណោះ ដោយមានមូលដ្ឋានតែទៅលើលទ្ធផលអវិជ្ជមានពីមីក្រូហិរញ្ញវត្ថុ។ សមាគមមីក្រូហិរញ្ញវត្ថុបន្តទៀតថា ការធ្វើបែបនេះ គឺជាការបង្ហាញពីរូបភាពមិនត្រឹមត្រូវមួយ និងមិនឆ្លុះបញ្ចាំង ពីស្ថានភាពពិត ទៅលើកម្ចីរបស់មីក្រូហិរញ្ញវត្ថុ ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់។
លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា សមាគមមានការយកចិត្តទុកដាក់ខ្លាំងទៅលើរបាយការណ៍ណាមួយដែលមិនមានភាពពិតប្រាកដ និងមួលបង្កាច់ទៅលើការអនុវត្តផ្ដល់កម្ចី ហើយសមាគមនឹងធ្វើការជាមួយនឹងសមាជិករបស់ខ្លួន ដើម្បីស៊ើបអង្កេតទៅលើការសិក្សាផ្សេងៗ លើករណី ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នេះផងដែរ។
លោក គា បូរាណ លើកឡើងយ៉ាងដូច្នេះ «សមាគមពិតជាមានការសោកស្ដាយណាស់ ដែលរបាយការណ៍នេះ ផ្ដោតតែទៅលើគំរូតូចមួយ នៃអ្នកខ្ចីប្រាក់នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ហើយសមាគម ក៏មានការសោកស្ដាយផងដែរថា មិនមានសមាជិកណាម្នាក់របស់យើង ឬក៏សមាគមផ្ទាល់ ត្រូវបានទាក់ទងដោយអ្នកសរសេររបាយការណ៍នេះ អំឡុងពេលនៃការបំពេញការងាររបស់ពួកគេ»។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុរូបនេះ បានលើកយកពីទិន្នន័យរបស់ធនាគារពិភពលោក ដោយបង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុបានក្លាយជាតួអង្គសំខាន់ សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ពី ៤៧ ភាគរយ នៃអត្រាប្រជាជនសរុបនៅឆ្នាំ២០០៧ មកនៅត្រឹម១៣,៥ភាគរយ នៅក្នុងឆ្នាំ២០១៤»។
បើទោះបីជាសមាគមមីក្រូហិរញ្ញវត្ថុបានទទួលស្គាល់ថា អត្រានៃបំណុលធៀបនឹងផលិតផលក្នុងស្រុកសរុប បានកើនឡើងក្នុងរយៈពេល៣ ទៅ៤ឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្ដែ សមាគមនេះ បានកត់សម្គាល់ឃើញថា អត្រានៃការដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានទទួលប្រាក់បញ្ញើហិរញ្ញវត្ថុបានកើនឡើង ៣៩% ស្របពេលដែលអត្រាកម្ចីបានកើនឡើងត្រឹមតែ៣២% ប៉ុណ្ណោះ នៅឆ្នាំ២០១៨។
បើតាមការគូសបញ្ជាក់របស់សមាគម កម្ចីដែលមីក្រូហិរញ្ញវត្ថុភាគច្រើនផ្ដល់ឲ្យបុគ្គលឯកជនដែលជាអតិថិជនរបស់ខ្លួន គឺមានចំនួនក្រោម១ពាន់ដុល្លារអាមេរិក និងជាឥណទាន ដែលគ្មានដាក់ទ្រព្យធានា ដើម្បីទទួលបានប្រាក់កម្ចីនោះឡើយ។
គួរបញ្ជាក់ថា របាយការណ៍ពីអង្គការលីកាដូ និងសមាគមធាងត្នោត ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី៧ ខែសីហា បានបង្ហាញថា កម្រិតបំណុលរបស់ពលរដ្ឋខ្មែរបានកើនឡើងកាន់តែខ្លាំងឡើងៗ ដែលនេះអាចបណ្តាលឲ្យកើតមានការរំលោភសិទ្ធិមនុស្សជាច្រើន រួមមាន ការលក់ដីដោយបង្ខំចិត្ត ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល៕