លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល បានអះអាងថា តម្លៃដីធ្លី ផ្ទះសម្បែង ក្នុងខេត្តព្រះសីហនុ នៅតែកំពុងបន្តកំណើនតែអ្វីដែលជានិន្នាការថ្មីនោះ គឺថា ឥទ្ធិពលនៃគំរូអភិវឌ្ឍន៍ខេត្តព្រះសីហនុ ក៏កំពុងតែអូសទាញអ្នកវិនិយោគសំឡឹងឃើញឱកាសកាន់តែច្រើនថែមទៀត លើការវិនិយោគក្នុងខេត្តជាប់មាត់សមុទ្រផ្សេងទៀត ដូចជា កំពត កែប និងកោះកុងជាដើម។ តាមការបញ្ជាក់ ពីលោកឧកញ៉ា ចេង ខេង តម្លៃ ដីធ្លីក្នុងខេត្តជាប់មាត់សមុទ្រទាំងនេះ ក៏កំពុងតែកើនឡើងថ្លៃគួរឲ្យកត់សម្គាល់ដែរ។
អគ្គនាយកក្រុមហ៊ុន ស៊ី ភី អិល ដដែលនេះ បានបញ្ជាក់ទៀតថា ហេតុផលដែលវិនិយោគិនបរទេសបានផ្ដោតខ្លាំងលើការវិនិយោគក្នុងខេត្តព្រះសីហនុនេះ គឺដោយសារតែសក្ដានុពលទៅថ្ងៃអនាគតរបស់ខេត្តជាប់មាត់សមុទ្រមួយនេះ គឺ នឹងក្លាយជាទីក្រុងអន្តរជាតិដ៏ទំនើបមួយ ខណៈដែលវាជាមាត់ច្រកសេដ្ឋកិច្ចពាណិជ្ជកម្មយ៉ាងសំខាន់ តាមរយៈកំពង់ផែទឹកជ្រៅ ព្រលានយន្ដហោះ ផ្លូវរថភ្លើង និងផ្លូវល្បឿនលឿនដែលនឹងសាងសង់រួចរាល់នាពេលឆាប់ៗខាងមុខនេះ។
សំណួរសួរថា តើការអភិវឌ្ឍយ៉ាងគំហុករបស់ខេត្តព្រះសីហនុនេះ កំពុងមានផលវិជ្ជមាន និងអវិជ្ជមានយ៉ាងណាដែរ? លោក ឧកញ៉ា ចេង ខេង បានឆ្លើយថា ជាធម្មតាការអភិវឌ្ឍរមែងមានផលវិជ្ជមាន ផង និងអវិជ្ជមានផង តែក្នុងនោះ វិជ្ជមានគឺមានច្រើនជាង លោកថា ប្រជាជនដែលមានដីធ្លី ផ្ទះសម្បែង នៅតំបន់នោះ ដាក់លក់ ឬជួល កំពុងត្រូវប៉ាន់ខ្លាំង នឹកស្មានមិនដល់។ជាក់ស្ដែង ថ្លៃផ្ទះ ធ្លាប់ជួលពីមុន ១ខែ ៥០០ ដុល្លារ កើនឡើងដល់ រាប់ពាន់ដុល្លារ ឬជិតដល់ម៉ឺនដុល្លារក៏មាន។ បន្ថែមពីនេះ កំណើន អភិវឌ្ឍន៍សំណង់ ក៏កំពុងផ្ដល់ការងារដល់ពលរដ្ឋជាច្រើនផងដែរ។
បើតាមអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិលរូបនេះ សន្ទុះនៃកំណើនអចលទ្រព្យក្នុងខេត្តព្រះសីហនុនេះ គឺមានកំណើនព្រមៗគ្នា ទាំងដីធ្លី លំនៅឋាន សណ្ឋាគារ ខុនដូរ និងសំណង់អគារខ្ពស់នានា។
លោកឧកញ៉ាបានបន្ថែមថា បើទោះបីជា តម្លៃដីធ្លីនៅខេត្តនេះមានកំណើនលឿនមែន ប៉ុន្តែ កើនឡើងខ្លាំងនៅតាមតំបន់សក្តានុពលប៉ុណ្ណោះ ដូច្នេះសម្រាប់ពលរដ្ឋដែលមានបំណងចង់ទិញដីធ្លីនិងផ្ទះសម្បែងនៅខេត្តជាប់ឆ្នេរសមុទ្រមួយនេះនៅតែមានឱកាស។
លោកឧកញ៉ា ចេង ខេង បានគូសបញ្ជាក់ថា ស្របតែការរីកលូតលាស់យ៉ាងគំហុកនេះដែរ រាជរដ្ឋាភិបាល ក៏បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្លាំងណាស់ដែរ ដើម្បីធ្វើការគ្រប់គ្រងការអភិវឌ្ឍក្នុងខេត្តនេះ ហើយវាក៏បានផ្ដល់នូវទំនុកចិត្តដល់អ្នកវិនិយោគកាន់តែខ្លាំងថែមទៀតដែរ៕